បើ​កំពុង​លង់​ស្រឡាញ់​អ្នក​ស្រុក​ក្រៅ ដាច់​ខាត​​ត្រូវ​ពិចារណា​៦​ចំណុច​នេះ​

  • 2018-01-03 01:57:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នក​ដែល​នៅ​លីវ​ ហើយ​​ឧស្សាហ៍​ចុះ​ឡើង​បរទេស ប្រហែល​ជា​មាន​បំណង​ចង់​បាន​​​​​គូ​ស្នេហ៍​ជា​​សាសន៍​គេ​ហើយ ពិត​ឬ​អត់​? អ្នក​ប្រហែល​ជា​​ស្រមៃ​ដល់ ភាព​រ៉ូមែនទិច ផ្អែមល្ហែម ប្លែក​អារម្មណ៍ រវាង​សម្ពន្ធភាព​​​​ស្នេហា​​ឆ្លង​ប្រទេស​​បែប​នេះ ប៉ុន្តែ​តើ​អ្នក​​ធ្លាប់​គិត​វា​ឲ្យ​ស៊ី​ជម្រៅ និង​​ល្អិតល្អន់​ប៉ុណ្ណា ​​ចំពោះ​​បញ្ហា​​​ដែល​នឹង​កើត​មាន ព្រោះ​តែ​ភាព​ខុស​គ្នា​របស់​អ្នក​ទាំង​ពីរ​​​​?​ បើ​ឥឡូវ​នេះ អ្នក​ដឹង​ថា​ខ្លួន​កំពុង​តែ​លង់​ស្រឡាញ់​ជនបរទេស ខាង​ក្រោម​នេះ​ជា​ចំណុច​សំខាន់​​៦​យ៉ាង ​ដែល​អ្នក​គួរ​ពិចារណា​៖​

១. ត្រៀម​ខ្លួន​ជាមួយ​ទំនាក់​ទំនង​​នៅ​ឆ្ងាយ​គ្នា បាន​ហើយ​ឬ​នៅ​?​

វា​មិន​មែន​ជា​រឿង​លំៗ​ទេ អ្នក​និង​គាត់​នៅ​ប្រទេស​​ផ្សេង​ពី​គ្នា ដូច្នេះ​តើ​អ្នក​អាច​ទ្រាំ​ជាមួយ​ស្នេហា​ដែល​​ឃ្លាត​កាយ​បែប​នេះ​យូរ​ប៉ុណ្ណា​​។ វា​ពិត​ជា​ត្រូវ​​ការ​ការ​ជឿជាក់ ការ​​អត់ធ្មត់ ការ​ពូកែ​ក្នុង​​របៀប​​ទាក់ទង​គ្នា​ខ្លាំង ទើប​អ្នក​​អាច​ទទួល​ជោគជ័យ​​​ក្នុង​រឿង​នេះ​បាន​។​

២. តើ​អ្នក​ទាំង​ពីរ​ចង់​រស់នៅ​កន្លែង​ដូច​គ្នា​ទេ​?​

អ្នក​អាច​ជួប​គាត់​ដោយសារ​តែ​គាត់​ចំណាក​ស្រុក​មក​ធ្វើ​ការ​នៅ​ប្រទេស​អ្នក ដូច្នេះ​កុំ​គិត​ម្នាក់​ឯង​ថា​ក្រោយ​រៀបការ​រួច​គាត់​ប្រហែល​ចង់​រស់នៅ​ទី​នេះ​ជាមួយ​អ្នក​។ អ្នក​ទាំង​ពីរ​ត្រូវ​តែ​​សួរ​គ្នា​ឲ្យ​ច្បាស់​ពី​ទី​កន្លែង​​ដែល​ត្រូវ​រស់នៅ​រួម​គ្នា​ ដើម្បី​​បញ្ចៀស​ការ​ខ្វែង​គំនិត​នៅ​ពេល​ក្រោយ​។​

៣. តើ​អ្នក​ស្រឡាញ់​គាត់​ ជា​គាត់​ដែរ​ទេ?​

ពេល​ខ្លះ អ្នក​អាច​ច្រឡំ​រវាង​អារម្មណ៍​ស្រឡាញ់ និង​អារម្មណ៍​ចង់​បាន​? អ្នក​​អាច​គិត​ថា​មាន​គូ​ស្នេហ៍​ជា​ជន​បរទេស ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍ រំភើប រីករាយ ដោយសារ​​តែ​​រស​និយម​ប្លែក ឡូយ ឬ​ភាព​ស៊ីវិល័យ​នានា​ ​របស់​​គាត់​។ ដូច្នេះ​ត្រូវ​​បញ្ជាក់​ខ្លួន​ឯង​ឲ្យ​ច្បាស់​ ដើម្បី​បង្ការ​​​វិប្បដិសារី​នៅ​ពេល​ក្រោយ​។​

៤. តើ​អ្នក​អាច​ទទួល​យក វប្បធម៌ ប្រពៃណី​ និង​សាសនា​របស់​គាត់​បាន​ទេ​?​

ជាតិ​សាសន៍​នីមួយៗ តែងតែ​មាន​​វប្បធម៌ ប្រពៃណី ជំនឿ​ផ្សេងៗ​គ្នា ដូច្នេះ​តើ​អ្នក​អាច​ទទួល​យក​ភាព​ខុស​គ្នា​នោះ​បាន​ដែរ​ឬ​ទេ? អ្នក​ត្រូវ​ដឹង​ថា​ រឿង​ទាំង​អស់​នេះ​នឹង​​ជះ​ឥទ្ធិពល​​ចំពោះ​ការ​រស់នៅ ក៏​ដូចជា​ការ​ចិញ្ចឹម​កូន​ដែល​អ្នក​ទាំង​ពីរ​និង​បង្កើត​រួម​គ្នា​នៅ​ថ្ងៃ​អនាគត​។​

៥. តើ​អ្នក​ព្រម​​​​​លះបង់​​ជីវិត​បច្ចុប្បន្ន ដើម្បី​គាត់​ទេ​?

ចង់​ឬ​មិន​​ចង់ អ្នក​ប្រហែល​ជា​ត្រូវ​ចាក់​ចោល គ្រួសារ មិត្តភ័ក្ដិ ការងារ​​ជា​ទី​ស្រឡាញ់​របស់​ខ្លួន​សព្វថ្ងៃ ដើម្បី​ទៅ​រស់នៅ​​​កន្លែង​ឆ្ងាយ​ជាមួយ​គាត់​។ តើ​អ្នក​​ហ៊ាន​លះបង់​ពិភព​លោក​ខ្លួន​ឯង ដើម្បី​កំដរ​គាត់​អស់​មួយ​ជីវិត​ទេ​?​

៦. ត្រៀម​ខ្លួន​ជាមួយ​​ច្បាប់​បរទេស​ ហើយ​ឬ​នៅ​?

រៀបការ​ជាមួយ​ជន​បរទេស​ស្រប​តាម​ផ្លូវ​ច្បាប់​មិន​មែន​ជា​រឿង​​ងាយ​ស្រួល​ប៉ុន្មាន​ទេ ហើយ​ទទួល​បាន​សញ្ជាតិ​ក៏​រឹត​តែ​ពិបាក​មួយ​កម្រិត​ទៀត​។ ប៉ុន្តែ​បើ​អ្នក​ពិត​ជា​ស្រឡាញ់​គ្នា​ពិត​ប្រាកដ​មែន អ្នក​ប្រហែល​ជា​មិន​រួញរា ជាមួយ​រឿង​នេះ​ទេ ៕​​

ចុចអាន៖

ប្រភព៖ Youqueen ប្រែសម្រួល៖ អូន បញ្ញា

អត្ថបទពេញនិយម