ជៀសវាង​មាន​រឿង ៧​យ៉ាង​នេះ​គូ​ស្នេហ៍​ត្រូវ​ប្រកាន់​ខ្ជាប់​ពេល​ផ្ដើម​រស់​នៅ​ជាមួយ​គ្នា

  • 2017-12-25 02:06:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​​ចាប់ផ្ដើម​រស់នៅ​ជាមួយ​គ្នា​ដំបូង មិន​មែន​ជា​រឿង​ងាយ​ស្រួល​ប៉ុន្មាន​ទេ ទោះ​បី​ជា​អ្នក​ទាំង​ពីរ​ជា​គូ​ស្នេហ៍​ដែល​ស្រឡាញ់​គ្នា​យូរ​មក​ហើយ​ក្ដី​។ ភាព​​ចម្រូងចម្រាស ការ​ខ្វែង​គំនិត​គ្នា ជម្លោះ ការ​អន់​ចិត្ត​អាច​កើត​ឡើង​គ្រប់​ពេល ប្រសិន​បើ​អ្នក​ទាំង​ពីរ​មិន​បាន​ពិភាក្សា​គ្នា​ឲ្យ​បាន​ច្បាស់​លាស់​ពី​តួនាទី ភារកិច្ច​របស់​ភាគី​នីមួយៗ​​ឲ្យ​បាន​ហ្មត់ចត់​​​។ ដូច្នេះ​ហើយ​ខាង​ក្រោម​នេះ​ជា​វិន័យ​ចាំបាច់​មួយ​ចំនួន​ដែល​អ្នក​ត្រូវ​តែ​ប្រកាន់​ភ្ជាប់ ពេល​ចាប់​ផ្ដើម​​ការ​រស់នៅ​ក្រោម​ដំបូល​ផ្ទះ​តែ​មួយ​​រួម​​គ្នា​៖​

១. បែងចែក​ការងារ​​​ផ្ទះ

កាល​ពី​មុន​ប្រពន្ធ​ភាគ​ច្រើន​ត្រូវ​នៅ​ផ្ទះ ហើយ​ប្ដី​ជា​អ្នក​រកស៊ី​ចិញ្ចឹម ប៉ុន្តែ​សម័យ​ឥឡូវ​​មនុស្ស​ស្រី​ក៏​ធ្វើ​ការ​​ក្រៅ​ផ្ទះ​ដែរ ដូច្នេះ​ទម្លាប់​ចាស់​ត្រូវ​បំបាត់​ចោល​។ អ្នក​ទាំង​ពី​ត្រូវ​កំណត់​ បែងចែក ការងារ​ផ្ទះ​ឲ្យ​ដាច់ អ្នកណា​ត្រូវ​លាង​​បន្ទប់​ទឹក អ្នកណា​ត្រូវ​លាង​ចាន​ជា​ដើម​​។ អ្នក​អាច​​ជួយ​ធ្វើ​ជំនួស​តែ​ពេល​ម្នាក់​ទៀត​ឈឺ ឬ​រវល់​ខ្លាំង​ប៉ុណ្ណោះ។ បែប​នេះ​ទើប​ម្នាក់ៗ​អាច​មាន​ពេល​ខ្លះ ដើម្បី​រីករាយ​ជាមួយ​ចំណូល​ចិត្ត​ប្រចាំ​ថ្ងៃ​របស់​ខ្លួន​បាន​​។​

២. កុំ​ចូល​គេង ទាំង​កំហឹង​

ហេតុផល​របស់​វា​គឺ​សាមញ្ញ​​បំផុត​។ ប្រសិន​អ្នក​មាន​កំហឹង ហើយ​ចូល​គេង​ដោយ​មិន​បាន​​សម្រុះ សម្រួល​គ្នា​ទេ​ អ្នក​ប្រាកដ​ជា​គេង​មិន​ស្កប់ មួម៉ៅ ពិបាក​ចិត្ត​ ឆ្ងល់​ថា​ហេតុអ្វី​គេ​មិន​លួង មិន​ ឱប​អ្នក​ដូច​មុខ​​។ ពេល​ព្រឹក​ឡើង​ អ្នក​នឹង​មាន​កំហឹង​លើស​ដើម​ទៅ​ទៀត​។​

៣. តុបតែង​ផ្ទះ​ជាមួយ​គ្នា​

ទោះ​បី​ជា​អ្នក​ស្រឡាញ់​គាត់ ប៉ុន្តែ​មិន​ប្រាកដ​ថា​អ្នក​​​នឹង​ពេញ​ចិត្ត​នូវ​រស​និយម​របស់​​គាត់​ទាំង​អស់​នោះ​ទេ​។ វា​ក៏​ជា​ផ្ទះ​​របស់​អ្នក​ ដូច្នេះ​អ្នក​ក៏​មាន​សិទ្ធិ​ក្នុង​ការ​ចូលរួម​​តុបតែង​វា​តាម​​ចំណង់ចំណូលចិត្ត​របស់​ខ្លួន​​ដែរ​។ ការ​តុបតែង​ផ្ទះ​ជាមួយ​គ្នា ក៏​ជា​រឿង​ផ្អែមល្ហែម របស់​ប្តី​ប្រពន្ធ​ថ្មោងថ្មី​ផង​ដែរ​។​

៤. ប្រើ​ពាក្យ​សម្ដី​សមរម្យ​

អ្នក​មិន​​ត្រូវ​ប្រើ​ពាក្យ​សម្ដី​ចម្អេះចំអាស ឬ​សុជីវធម៌​ជាមួយ​គ្នា​ឡើយ​ ទោះ​បី​ជា​ពេល​ខឹង​ខ្លាំង ឬ​គ្រាន់​តែ​ជា​ការ​លេង​​សើច​ធម្មតាៗ​​ក៏​ដោយ​។ ការ​គោរព ឲ្យ​តម្លៃ​ចំពោះ​គ្នា​គឺ​ជា​រឿង​ចាំបាច់ ដូច្នេះ​អ្នក​មិន​ត្រូវ​លេង​​សើច​ជ្រុល រហូត​​ហួស​ដែន​​កំណត់​ជា​ដាច់​ខាត​។​

៥. ផ្ដល់​ពេល​វេលា​ផ្ទាល់​ខ្លួន​

មិន​ថា​អ្នក​ទាំង​ពីរ​មាន​រឿង​ត្រូវ​ធ្វើ​ជាមួយ​គ្នា​ច្រើន​ប៉ុណ្ណា ប៉ុន្តែ​អ្នក​នៅ​តែ​ត្រូវការ​ពេល​​វេលា​ផ្ទាល់​ខ្លួន​ខ្លះ​ ដើម្បី​ធ្វើ​រឿង​ដែល​ខ្លួន​ចូលចិត្ត ឬ​ចាំបាច់​តែ​ម្នាក់​ឯង​។​ ដូច្នេះ​អ្នក​ទាំង​​ពីរ​ត្រូវ​គោរព សិទ្ធិ និង​​ចេះ​យោគយល់​ចំពោះ​រឿង​មួយ​នេះ​ដូច​គ្នា ទើប​គ្មាន​ជម្លោះ​។​

៦. ទំនាក់ទំនង​​ល្អ​

បង្កើត​ទំនាក់ទំនង​មួយ​ដែល​រឹងមាំ និង​មាន​ប្រសិទ្ធភាព ដូច្នេះ​អ្នក​ទាំង​ពីរ​​ប្រាកដ​ជា​អាច​ និយាយ​គ្រប់​រឿងរ៉ាវ​ក្នុង​ចិត្ត និង​បង្ហាញ​ភាព​ស្មោះត្រង់​ឲ្យ​គ្នា​បាន​យ៉ាង​ល្អ​។​​ ពេល​មាន​រឿង​ពិបាក​ចិត្ត ភាព​តានតឹង អ្នក​ត្រូវ​និយាយ​ប្រាប់​ដៃគូ ដើម្បី​រក​ដំណោះ​ស្រាយ​រួម​។​ ហាម​ដាច់​ខាត ការ​ជះ​កំហឹង​​​ដាក់​គ្នា​ដោយ​គ្មាន​ហេតុផល​។​

៧. រក្សា​ភាព​រ៉ូមែនទិក

កុំ​គិត​ថា​ពេល​នៅ​ជាមួយ​គ្នា​រាល់​ថ្ងៃ​គ្រប់គ្រាន់ ហើយ​​អ្នក​មិន​​បាច់​ធ្វើ​រឿង​ផ្អែមល្ហែម ឬ​រ៉ូមែនទិក​ដូច​ពី​មុន​។ អ្នក​ត្រូវ​ឧស្សាហ៍​ណាត់​គ្នា ញ៉ាំ​អាហារ​ឆ្ងាញ់ មើល​កុន ឬ​ដើរ​កំសាន្ត​កន្លែង​ឆ្ងាយៗ​ដូច​ពី​មុន បែប​នេះ​ទើប​ភ្លើង​ស្នេហ៍​របស់​អ្នក​ទាំង​ពីរ​មិន​ងាយ​រលត់​ ៕

ចុចអាន៖

ប្រភព៖ Youqueen ប្រែសម្រួល៖ អូន បញ្ញា

អត្ថបទពេញនិយម