នៅ​ពេល​មនុស្ស​ម្នាក់​ឯកា​ អស់សង្ឃឹម និងឈឺចាប់​បំផុត ពួក​គេ​ពិត​ជា​ត្រូវ​ការ​អ្នក​ណាស់

  • 2017-12-22 06:09:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

រសជាតិ​ជីវិត​មិន​មែន​ស្រស់​បំព្រង​រហូត​នោះ​ទេ ការ​ឈឺចាប់ ការ​ខក​ចិត្ត ភាព​ឯកា អស់សង្ឃឹម តែងតែ​ជ្រៀតចូល​ក្នុង​ជីវិត​យើង ហើយ​វា​នឹងក្លាយ​ជា​ជំងឺ​ដ៏​សាហាវ​បំផុតដែល​បំផ្លាញ​ជីវិត​យើង។

នៅ​ពេល​មនុស្ស​ម្នាក់​ឯកា និង​ឈឺចាប់​បំផុត អ្វី​ដែល​ពួក​គេ​ត្រូវ​ការ​គឺ​មាន​មនុស្ស​ដែល​យល់​ពី​ពួក​គេ​បំផុត មនុស្ស​ម្នាក់​ដែល​គេ​អាច​ចែករំលែក​រឿង​ពិបាក​ចិត្ត​ដែល​កប់​ក្នុង​ទ្រូង​គេ ស្ដាប់​គេ​ដោយ​យក​ចិត្ត​ទុក​ដាក់​បំផុត។ ប៉ុន្តែ​តើ​គេ​អាច​រក​មនុស្ស​បែប​នោះ​ដោយ​របៀប​ណា​ទៅ?

តើ​អ្នក​ណា​អាច​អង្គុយ​ស្ដាប់​យើង​រៀបរាប់​ភាព​ឈឺចាប់​ដែល​ពួក​គេមាន ការ​ខកចិត្ត​ដែល​ពួក​គេជួប ភាព​ឯកា​ដែល​កំពុង​រុំ​ព័ទ្ធ​ជីវិត​យើង​នោះ?

តើ​អ្នក​ណា​អាច​កំដរ​ពួក​គេពេល​គេពិបាក​ចិត្ត ឲ្យ​ស្មា​ពួក​គេផ្អែក ហើយ​អាច​អង្អែល​ស្មា អង្អែល​ក្បាល​ពួកគេ ហើយប្រាប់​ពួក​គេថា « មិន​អី​ទេ បន្តិច​គ្រប់​យ៉ាង​នឹង​ប្រសើរ​ឡើង!»?

តើ​អ្នក​ណា​អាច​ស្ដាប់​ពួក​គេយំ​ដោយ​មិន​គេច​ត្រចៀក​ចេញ​នោះ?

តើ​អ្នក​ណា​អាច​យល់​ពី​ការ​លំបាក​ ភាព​ឯកាដែល​ពួកគេមាន​នោះ?

ដោយសារ​តែ​ពួក​គេមិន​អាច​នឹង​រក​មនុស្ស​បែប​នោះ​ឃើញ ទើប​ភាព​ឯកា ភាព​អស់​សង្ឃឹម ការ​បាក់​ទឹក​ចិត្ត​របស់​បួក​គេកើន​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ រហូត​ពេល​ខ្លះ​វា​ស្រូប​យក​ជីវិត​ពួក​គេទាំង​មូល​ឲ្យ​រស់​នៅ​ក្នុង​ភាព​ខ្មៅ​ងងឹត​មិន​អាច​មើល​ឃើញ​ពន្លឺ​ឡើងវិញ។

សុំ​បាន​ទេ អាច​ធ្វើ​ជា​មនុស្ស​ដែល​ពួកគេ​កំពុង​តាម​រក​បាន​ទេ? ពួក​គេ​ពិត​ជា​ត្រូវ​ការ​អ្នក​ណាស់ ពួក​គេ​ពិត​ជា​ចង់​បាន​អ្នក​ដែល​យល់​ពី​ពួក​គេ​ណាស់ គេ​ត្រូវ​ការ​អ្នក​ណាស់ ត្រូវ​ការ​ឲ្យ​អ្នក​ផ្ដល់​ភាព​កក់ក្ដៅ​ឲ្យ​គេ ផ្ដល់​ស្នាម​ញញឹម​ឲ្យ​ពួក​គេ ផ្ដល់​ក្ដី​សង្ឃឹម​ ក្ដី​ស្រឡាញ់ឲ្យ​ពួក​គេ និង​នៅ​ក្បែរ​គេ​ ពេល​គេ​ដុនដាប​បំផុត។

អាច​ទេ​បើ​អ្នក​ជា​ម្នាក់​នោះ?

ចុចអាន៖ដល់​ពេល​ផ្ដល់​ក្ដីសុខ​ខ្លួនឯង​ដោយ​គ្មាន​ល័ក្ខខ័ណ្ឌ​ ​មនុស្ស​គ្រប់​គ្នា​ត្រូវ​តែ​ធ្វើ

អត្ថបទ៖ ផេង ផលធិតា