បទពិសោធន៍ ពេល​ស្រឡាញ់​មនុស្ស​ដែល​គេ​មិន​បាន​តាំង​ចិត្ត​ស្រឡាញ់​យើង

  • 2017-12-18 10:05:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ខ្ញុំ​មិន​ដឹង​ថា​ខ្ញុំ​មាន​អារម្មណ៍​ស្រឡាញ់​គាត់​តាំង​ពី​ពេល​ណា​ទេ គ្រាន់​តែ​ដឹង​ថា​ខ្ញុំ​ជួប​គាត់​ដំបូង​បេះដូង​ខ្ញុំ​លោត​ញាប់ ហើយ មុខ​ខ្ញុំ​ចាប់​ផ្ដើម​ក្ដៅ ទាំង​យើង​មិន​ដែល​ស្គាល់​ឬ ជួប​គ្នា​ពីមុន​មក​សោះ។

ខ្ញុំ​ចាប់​ផ្ដើម​ចូល​មើល​រូប​គាត់​រាល់​ថ្ងៃ ហើយ​និយាយ​ និងញញឹម​ម្នាក់​ឯង​ទាំង​មិន​ដែល​បាន​និយាយ​រក​គ្នា​មួយ​ម៉ាត់។ អស់​ពេល​ជិត​ ៤ ​ខែ​ដែល​ខ្ញុំ​ Crush លើ​គាត់​ ហើយ​សូម្បី​តែ​ Facebook ក៏​ខ្ញុំ​មិន​បាន​ Add គាត់​ធ្វើ​មិត្ត​ភក្តិ​ដែរ ហើយ​ពេល​ដែល​ដើរ​ជួប​គាត់​ខ្ញុំ​ធ្វើ​ដូច​ធម្មតា​ មុខ​គាត់​ក៏​អត់​មើល​ដែរ តែ​ពេល​ដើរ​ហួស​ខ្ញុំ​តែងតែ​ងាក​ក្រោយ​មើល​គាត់​ពី​ចម្ងាយ។

ប៉ុន្តែ​​ថ្ងៃ​មួយ​ពេល​ខ្ញុំ​បើក Facebook លេង​ខ្ញុំ​ក៏​ឃើញ​គាត់​ Add មក​ខ្ញុំ អារម្មណ៍​ពេល​នោះ​ដូច​បាន​ហោះ​អីចឹង គឺ​សប្បាយ​ចិត្ត​ដល់​ទប់​ខ្លួន​ឯង​មិន​ជាប់ លោត​ផង​សើច​ផង​តែ​ម្នាក់​ឯង។ រំលង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ គឺ​គ្មាន​ឃើញ​អី​ប្លែក​នោះ​ទេ ព្រោះ​យើង​មិន​បាន​ទាក់ទង និយាយ​គ្នា​ឡើយ គឺ​ដូច​មនុស្ស​ផ្សេង​គ្នា​អីចឹង។ តែ​មាន​ពេល​មួយ​ដែល​ខ្ញុំ​ក្លាហាន​ហ៊ាន​ចូល​​ទៅ Comment ក្នុង​រូបភាព​គាត់យ៉ាង​សាមញ្ញ​បំផុត ហើយ​គាត់​ក៏​តប​ដូច​ធម្មតា។

ពួក​យើង​គ្មានប្រតិកម្ម​អី​ទាំង​អស់ រហូត​ដល់​ពេល​មួយ​ដែល​គាត់​ឃើញ​ខ្ញុំ​ Post Status មួយ​ គាត់​ក៏​បាន Chat មក​ខ្ញុំ។ អារម្មណ៍​ពេល​ឃើញ​ឈ្មោះ​គាត់​លោត​មក គឺ​រំភើប​ជាង​ត្រូវ​ឆ្នោត​រាប់​លាន​ទៀត។ និយាយ​គ្នា​បាន​មួយ​ភ្លែត​ខ្ញុំ​មាន​អារម្មណ៍​ថា​មិន​ចូល​គ្នា​សោះ ហើយ​ខ្ញុំ​មាន​គំនិត​ចង់​បោះបង់​ព្រោះ​មាន​អារម្មណ៍​ថា​គាត់​គ្មាន​ចាប់​អារម្មណ៍​នឹង​ខ្ញុំបន្តិចឡើយ ពេល​នោះ​គឺ​ខ្ញុំ​ខូច​ចិត្ត​ខ្លាំង​បំផុត ហើយ​ក៏​មាន​អារម្មណ៍​ថា​ខ្ញុំ​ដុន​ដាប​ខ្លាំង ខ្ញុំ​មិន​ដែល​មាន​ប្រវត្តិ​ស្រឡាញ់​មនុស្ស​ប្រុស​មុន​ឡើយ ហើយ​អ្នក​តាម​ស្រឡាញ់​ខ្ញុំ​ក៏​ច្រើន​ដែរ តែ​ហេតុអី​បាន​ជា​ខ្ញុំ​មក​មាន​ចិត្ត​លើ​គាត់។

មាត់​និយាយ​ថា​បោះ​បង់ តែ​មិន​ដែល​ធ្វើ​បាន​ឡើយ មាន​តែ​ស្រឡាញ់​ខ្លាំង​ជាង​មុន​ទៀត ខ្ញុំ​ក៏​សាក​ល្បង​និយាយ​ជាមួយ​គាត់​ម្ដង​ទៀត តែ​អ្វី​ដែល​នឹក​ស្មាន​មិន​ដល់​គឺ​ពួក​យើង​និយាយ​ត្រូវ​គ្នា និង​​ សប្បាយ​ចិត្ត​ជាង​មុន។ ចាប់​តាំង​ពី​ពេល​នោះ​មក​ពួក​យើង​ចាប់​ផ្ដើម​ជជែក​គ្នា​បាន​ច្រើន​ តែ​ជជែក​លក្ខណៈ​ឌឺ​គ្នា​ខ្លាំង គាត់​ចូល​ចិត្ត​លេង​សើច ហើយ​ពូកែ​កូរ​ទៀត ពួក​យើង​ក៏​មាន​ជួប​គ្នា​ម្ដង​ម្កាល​ដែរ តែ​គាត់​មិន​ដែល​និយាយ​អ្វី​ទាក់ទង​នឹង​ស្នេហា​នោះ​ទេ។

ថ្ងៃ​មួយ​ខ្ញុំ​បាន​ Chat ជាមួយ​គាត់​រហូត​ដល់​ឆ្លង​ចូល​ថ្ងៃ​ថ្មី តែ​ដោយ​សារ​តែ​ខ្ញុំ​នៅ​ចាំ​ជូន​ពរ​ថ្ងៃ​កំណើត​គាត់ ហើយ​ក៏​សម្រេច​ចិត្ត​ថា​បង្ហាញ​អារម្មណ៍​ដែល​ខ្ញុំ​មាន​ចំពោះ​គាត់ ទោះ​គាត់​ទទួល​មិន​ទទួល​ខ្ញុំ​អត់​ខ្វល់​សំខាន់​បាន​ធ្វើ​អ្វី​ដែល​បេះដូង​ខ្ញុំ​ចង់​ធ្វើ ហើយ​ក៏​មិន​ចង់​ស្ដាយ​ក្រោយ​ទៀត។ យប់​នោះ​គាត់​ក៏​បាន​ប្រាប់​ខ្ញុំ​វិញ​ថា​គាត់​ចង់​ឲ្យ​ខ្ញុំ​មើល​ពី​គាត់​សិន ព្រោះ​គាត់​មាន​ចំណុច​មិន​ល្អ​ច្រើន​ខ្លាច​ខ្ញុំ​ទទួល​អត់​បាន ចាំ​ស្គាល់​អស់​ហើយ​ចាំ​គិត​ទៀត ហើយ​គាត់​ក៏​ប្រាប់​ខ្ញុំ​ថា​គាត់​ចូលចិត្ត​ខ្ញុំ។

ខ្ញុំ​ដឹង​ថា​ពាក្យ​ទាំង​នេះ​គ្រាន់​តែ​លួង​ចិត្ត​ខ្ញុំ ហើយ​មិន​ចង់​ឲ្យ​ខ្ញុំ​ពិបាក​ចិត្ត​តែ​ប៉ុណ្ណោះ តែ​ខ្ញុំ​ក៏​មិន​បាន​គិត​អី​ច្រើន​ដែរ​គ្រាន់​តែ​ឲ្យ​គាត់​ និង ខ្ញុំ​និយាយ​លេង​សើច​ជាមួយ​គ្នា​ដូច​រាល់​ថ្ងៃ​ទៅ។ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ពួក​យើង​កាន់​តែ​ស្និទ្ធស្នាល និង ត្រូវ​គ្នា​ជាង​មុន តែ​នៅ​តែ​មិន​អាច​លើស​ពី​នេះ។​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក​ខ្ញុំ​ក៏​សួរ​គាត់​ម្ដង​ទៀត​ថា «​ពេល​នេះ​គាត់​ទុក​ខ្ញុំ​ជា​អី?» យប់​នោះ​ជា​យប់​ដែល​អ្វី​ប្រែប្រួល ហើយ​ក៏​ជា​យប់​ដែល​ខ្ញុំ​រីករាយ​ជាង​គេ គឺ​គាត​បាន​ប្រាប់​ខ្ញុំ​ថា គាត់​ស្រឡាញ់​ខ្ញុំ និង ទុក​ខ្ញុំ​ជា​សង្សារ​គាត់។

ពួក​យើង​ចាប់​ផ្ដើម​ទាក់ទង​គ្នា ដោយ​មិន​បង្ហាញ​ឲ្យ​អ្នក​ណា​ដឹង។ រាល់​យប់​គាត់​តែង​តែ Video call មក​ខ្ញុំ​ ហើយ​និយាយ​គ្នា​ដោយ​សប្បាយ​ចិត្ត តែ​គាត់​គឺ​ជា​មនុស្ស​មិន​សូវ​ខ្វល់ មិន​សូវ​ចូល​ចិត្ត​ផ្អែមល្ហែម បែប​នេះ​ហើយ​ពេល​ខ្លះ​ខ្ញុំ​ក៏​អន់​ចិត្ត ពេល​ខ្លះ​យំ​តែ​ឯង​ទៀត​ក៏​មាន។

តែ​ខ្ញុំ​ត្រឹម​តែ​ដឹង​ថា​ខ្ញុំ​ស្រឡាញ់​គាត់​ខ្លាំង ហើយ​ឲ្យ​តែ​បាន​និយាយ និង ជួប​គាត់​គឺ​ជា​ពេល​ដែល​ខ្ញុំ​រីករាយ​បំផុត។ ខ្ញុំ​ចង់​ក្បែរ​គាត់​ឲ្យ​បាន​ច្រើន​ជាង​នេះ ហើយ​ក៏​ចង់​ឲ្យ​គាត់​ស្រឡាញ់​ខ្ញុំ​ឲ្យ​ច្រើន​ជាង​នេះ​ដែរ។

ប៉ុន្តែ.....

មួយរយៈកន្លង​មក ខ្ញុំ​ដឹង​ថា​ប្រហែល​ជា​ខ្ញុំ​ស្រឡាញ់​គាត់​តែ​ម្ខាង​ប៉ុណ្ណោះ គាត់​មិន​សូវ​រវល់​ជាមួយ​ខ្ញុំ ទុក​ខ្ញុំ​ចោល ហើយ​ពួក​យើង​ក៏​មិន​ដែល​ចេញ​ក្រៅ ឬទៅណា​មក​ណា​ជាមួយ​គ្នា​ដែរ។ ពេល​ខ្លះ​គាត់​ស្ងាត់​ឈឹង ១ អាទិត្យ ២ អាទិត្យ​ទាំង​គ្មាន​រឿង​អី​សោះក៏​មាន គ្រាន់​តែ​ប្រាប់​ថា​គាត់​ចង់​នៅ​ម្នាក់​ឯង។

ទី​បំផុតរឿង​ដែល​ខ្ញុំ​គិត វា​ក៏​បាន​មក​ដល់ គាត់​ក៏​សម្រេច​ចិត្ត​បែក​ពី​ខ្ញុំ ហើយ​ខ្ញុំ​ក៏​សមល្មម​នឹង​បោះបង់​ដូច​គ្នា។ ការ​ពិត​ខ្ញុំ​គ្រាន់​តែ​ចង់​ប្រាប់​អ្នក​ដទៃ​ទៀត​ថា គួរ​តែ​កុំ​ស្រឡាញ់​មនុស្ស​ដែល​មិន​បាន​ស្រឡាញ់​យើង​អី ព្រោះ​ភាព​ឈឺចាប់ ភាព​ឯកានឹង​រត់​មក​រក​យើង៕

សាច់រឿង៖ អ៉ី ជីន

អត្ថបទ៖ ផេង ផលធិតា