ហេតុផលដ៏សមរម្យ អ្នកគួររៀបការនៅខ្ទង់ ៣០ ឆ្នាំ មិនមែនជាខ្ទង់ ២០
- 2017-12-15 02:51:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហេតុផលដ៏សមរម្យ អ្នកគួររៀបការនៅខ្ទង់ ៣០ ឆ្នាំ មិនមែនជាខ្ទង់ ២០
ចង់រៀបការនៅខ្ទង់ ៣០ ឆ្នាំ ប្រហែលជាប្រសើរជាខ្ទង់ ២០ នេះបើពឹងផ្អែកទៅលើហេតុផល ៥ យ៉ាងខាងក្រោមនេះ។ កញ្ញា នឹងបង្ហាញជូននូវហេតុផលដ៏សមរម្យ ដែលថាអ្នកគួរតែរៀបការនៅអាយុ ៣០ ឆ្នាំ ព្រោះល្អជាងវ័យ ២០ ឆ្នាំ៖
១.អ្នកដឹងពីប្រភេទមនុស្សជាច្រើន
ស្ថិតក្នុងវ័យ ២០ ឆ្នាំ មនុស្សមិនទាន់មានការគិតល្អិតល្អន់ ឬស្គាល់ប្រភេទមនុស្សក្នុងសង្គមបានច្រើនឡើយ ព្រោះពួកគេទើបតែពេញវ័យ។ តែសម្រាប់អ្នកមានអាយុ ៣០ ឆ្នាំទៅហើយនោះ ពួកគេបានប្រឡូកក្នុងសង្គមច្រើនជាង ហើយស្គាល់ពីអ្នករស់នៅក្នុងសង្គមបានច្រើនប្រភេទណា ដូចនេះហើយគេអាចបែងចែកដាច់ថា នរណាល្អ នរណាមិនល្អ។ បែបនេះហើយពេលមានស្នេហាអ្នកនឹងរកដៃគូណាជាមនុស្សចាស់ទុំដូចគ្នា និងអាចកសាងគ្រួសារយ៉ាងមានសុភមង្គលបាន។
២.ដឹងអ្វីដែលអ្នកចង់បាន
អ្នកលែងជាក្មេងស្រីឆោតល្ងង់ពេញចិត្តនឹងរឿងដំបូងដែលនាងរកឃើញនៅក្នុងផ្លូវរបស់នាង ដោយសារតែភាពឆើតឆាយពីខាងក្រៅនោះទៀតហើយ។ នៅពេលអ្នកមានវ័យ ៣០ ឆ្នាំ មានន័យថាអ្នកបានរស់នៅក្នុងពិភពលោកជាក់លាក់សម្រាប់ខ្លួនឯង មានគំនិតច្បាស់លាស់អំពីអ្វីដែលអ្នកចង់បានពីជីវិត។ អ្នកបានកំណត់គោលដៅ ព្រមទាំងមានវិជ្ជាជីវៈច្បាស់លាស់។ ជាពិសេស អ្នកមានផែនការសម្រាប់ជីវិត ហើយអ្នកមានទំនុកចិត្តគ្រប់គ្រាន់។
៣.អ្នកនឹងមានស្ថេរភាពផ្នែកហិរញ្ញវត្ថុ
សម្រាប់សេចក្ដីស្រលាញ់ខ្លាំង គឺមិនទាន់គ្រប់គ្រាន់ឡើយ។ អ្នកមានស្នេហានៅអាយុ ២០ ឆ្នាំច្រើនតែគិតគិតថា ទោះពួកគេជួបឧបសគ្គធំប៉ុណ្ណាក៏មិនអាចរារាំងបានឡើយ ហើយពួកគេសុខចិត្តស៊ីអត់ស៊ីឃ្លានជាមួយគ្នា។ តែនោះជាគំនិតក្មេងខ្ចីមិនដឹងអីតែប៉ុណ្ណោះ ព្រោះពួកគេនឹងរីករាយបានតែមួយរយៈខ្លីប៉ុណ្ណោះ ក្រោយពេលគ្មានប្រាក់កាក់ផ្គត់ផ្គង់ជីវភាពគ្រប់គ្រាន់បញ្ហាឈ្លោះប្រកែកគ្នានឹងកើតឡើងមានជាញឹកញាប់។ ការសិក្សាអំពីការលែងលះបានបង្ហាញថាបញ្ហាប្រាក់ គឺជាកត្តាសំខាន់មួយដែលធ្វើឲ្យជីវិតអាពាហ៍ពិពាហ៍បរាជ័យ។ តែនៅពេលអ្នកមានអាយុ ៣០ ហើយនោះ អ្នកនឹងមានការងារដែលមានស្ថេរភាព និងមានប្រាក់ចំណូលជាក់លាក់ ដូច្នេះអ្នកនឹងបានសង្គ្រោះភាពខ្វះខាត និងទទួលបានការគ្រប់គ្រងខ្លះលើហិរញ្ញវត្ថុរបស់អ្នក។
៤.អាចបំពេញក្ដីស្រមៃ
នៅពេលអ្នកទើបមានអាយុខ្ទង់ ២០ ឆ្នាំ អ្នកគឺថ្មីថ្មោងនៅក្នុងពិភពលោក ហើយអ្នកមានក្ដីសុបិនរាប់លានដែលចង់បំពេញ។ អ្នកប្រហែលជាចង់ធ្វើដំណើរកម្សាន្តជាមួយមិត្តភ័ក្ដិទៅក្រៅប្រទេស ដូចជាចង់ទៅទ្វីបអឺរ៉ុប ទៅឌូប៉ៃ ឬធ្វើផែនការវិស្សមកាលដទៃទៀត។ ពេលអ្នករៀបការអ្នកមិនអាចបំពេញរឿងទាំងនោះបានឡើយ ព្រោះត្រូវបែងចែកពេលវេលា និងថវិកាសម្រាប់គ្រួសារ។ តែបើទម្រាំរៀបការនៅអាយុច្រើន យ៉ាងហោចណាស់ក្ដីស្រមៃអ្នកអាចបំពេញបានខ្លះ។
៥.ជីវិតអាពាហ៍ពិពាហ៍គឺជារៀងរហូត មិនគួរប្រញាប់ប្រញាល់ទេ
ក្រុមមនុស្សដែលរៀបការនៅអាយុ ២០ ឆ្នាំ តែងគិតមិនបានវែងឆ្ងាយ និងបណ្ដោយឲ្យការរៀបការធ្វើតាមបាន។ គ្មានផែនការច្បាស់លាស់ គ្មានការរៀបចំឲ្យបានល្អិតល្អន់។ ជាពិសេសគឺពួកគេមិនគិតពីអនាគតអ្នកបន្តវេន។ សម្រាប់អ្នកមានវ័យច្រើន តែងមានផែនការមង្គលការម៉ត់ចត់ ព្រោះការរៀបការត្រូវធ្វើផែនការយ៉ាងហោចណាស់ ១ ឆ្នាំ ជាពិសេសពួកគេអាចសន្សំប្រាក់ទុកផ្គត់ផ្គង់កូនចៅ មិនឲ្យពួកគេលំបាក៕
ចុចអាន៖អារម្មណ៍ខ្ញុំពេលគេសួរនាំរឿងរៀបការ