គាត់ជាហេតុផលមួយដែលជំរុញឲ្យខ្ញុំរឹងមាំ ហើយក៏រុញច្រានខ្ញុំឲ្យធ្លាក់នរកដូចគ្នា
- 2017-12-12 09:35:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គាត់ជាហេតុផលមួយដែលជំរុញឲ្យខ្ញុំរឹងមាំ ហើយក៏រុញច្រានខ្ញុំឲ្យធ្លាក់នរកដូចគ្នា
ពាក់កណ្ដាលឆ្នាំ ២០១៣ ខ្ញុំត្រូវបានមនុស្សប្រុសម្នាក់ដែលស្រឡាញ់គ្នាជាង ៥ឆ្នាំសុំបែកទាំងមិនមានហេតុផលអីទាំងអស់ គេគ្រាន់តែទុកពាក្យមួយឃ្លាថា «ពួកយើងបន្តទៅមុខលែងកើតហើយ»។ គ្រាន់តែឮពាក្យនេះភ្លាមបេះដូងខ្ញុំចាប់ផ្ដើមច្របាច់ញាប់ទៅៗ ទឹកភ្នែកក៏ចាប់ផ្ដើមជ្រាប់ចេញពីភ្នែកដែលកំពុងសម្លឹងមើលគេដើរចេញទៅ។
ពីមនុស្សស្រីដែលធ្លាប់តែរីករាយ រឹងមាំ ស្រស់ស្អាត ខ្ញុំចាប់ផ្ដើមធ្លាក់ខ្លួនយ៉ាងគំហក។ ខ្ញុំឃុំខ្លួនឯងនៅក្នុងផ្ទះជិត ៣ខែ បាយក៏មិសូវញ៉ាំ ការងារក៏ខ្ញុំបានសុំឈប់ ហើយអ្នកណាក៏ខ្ញុំមិនចង់ជួបដែរ។ មិត្តភក្តិតែងតែ Call មកលួងលោមខ្ញុំគ្រប់ពេល តែខ្ញុំគ្មានបានធូរស្រាលបន្តិចឡើយ។
រាល់យប់ខ្ញុំដេកយំតែឯង ស្ទើរតែឈាមភ្នែកទៅហើយ រូបរាងដែលធ្លាប់តែស្អាតប្រែក្លាយទៅជាមនុស្សស្រីដែលស្គម ស្លេកស្លាំង គ្មានកម្លាំងកំហែងសោះ។
ថ្ងៃមួយដោយសារខួបកំណើតមិត្តភក្តិជិតស្និទ្ធិ ខ្ញុំក៏រៀបចំខ្លួនទៅចូលរួមញ៉ាំអីនឹងគេ តែអារម្មណ៍វិញគឺគ្មាននៅនឹងខ្លួនទេ។
«អូ!!! សុំទោស!» ដោយសារតែអារម្មណ៍មិនជាប់ខ្លួនខ្ញុំក៏ធ្វើឲ្យកំពប់ទឹក លើមនុស្សប្រុសម្នាក់មួយទំហឹងតែម្ដង។ ឃើញបែបនោះខ្ញុំភ្ញាក់ដូចគេដាស់ពីដេកអីចឹង ខ្ញុំមិនដឹងថាត្រូវធ្វើអីល្អនោះទេក្រៅពីចាំហុចក្រដាសជូតមាត់ឲ្យគេជូតទឹកដែលនៅលើខោអាវគេ។
«មិនអីទេ!» គេនិយាយទាំងដៃកំពុងជូត ហើយមុខខ្ញុំក៏គេមិនមើលផង
បន្ទាប់ពីជូតមួយសន្ទុះហើយ គេក៏ងើយមើលមុខខ្ញុំទាំងទឹកមុខមាំ ខ្ញុំឃើញមុខគេបែបហ្នឹងខ្ញុំភ័យពេកក៏ និយាយថា «សុំទោស»គេម្ដងទៀត រួចដើរចេញទៅបាត់ទៅ។
តាំងពីថ្ងៃនោះមកពួកយើងក៏ឧស្សាហ៍បានជួបគ្នាណាស់ ដោយសារពេលទៅណាមកណាជុំគ្នាក៏មានគេមកដែរ។ ជាង កន្លះឆ្នាំគាត់តែងតែចូលមកជិតខ្ញុំម្ដងបន្តិច រហូតពួកយើងមានភាពស្និទ្ធិស្នាលនឹងគ្នា ហើយការខូចចិត្តរបស់ខ្ញុំក៏រលាយបាត់បន្តិចម្ដងៗពេលគេចូលមក។
ថ្ងៃមួយគាត់ក៏បានសារភាពថា គាត់ស្រឡាញ់ខ្ញុំ តែខ្ញុំវិញមិនដែលគិតដល់រឿងនេះឡើយ។ ខ្ញុំមិនចង់ឲ្យគាត់ខូចចិត្តនោះទេ ណាមួយពេលនេះខ្ញុំក៏មិនចង់បាត់បង់គាត់ដែរ។
ពីមួយថ្ងៃទៅមួយថ្ងៃគាត់កាន់តែល្អនឹងខ្ញុំ គាត់លួងលោមពេលដែលខ្ញុំយំនឹកអ្នកចាស់ គាត់ប្រាប់ថាគាត់អាចទទួលយកបាន និងរង់ចាំខ្ញុំដោយមិនកែប្រែឡើយ។
គាត់កាន់តែល្អ ខ្ញុំកាន់តែពិបាកចិត្ត ព្រោះតាំងពីដើមមកខ្ញុំអត់មិនអារម្មណ៍ស្រឡាញ់គាត់ទេ។ ប្រហែលជាខ្ញុំអាក្រក់ដែលទទួលយកគាត់គ្រាន់តេចង់បន្លប់ការឈឺចាប់ដែលខ្ញុំមាន។
តែមិនយូរប៉ុន្មានខ្ញុំក៏ចាប់ផ្ដើមមានអារម្មណ៍ថាស្រឡាញ់គាត់វិញទាំងមិនដឹងថាតាំងពីពេលណា ខ្ញុំលែងនឹកឃើញអ្នកចាស់ហើយ តែខ្ញុំតែងតែនឹកគាត់ពេលគាត់ទៅណាឆ្ងាយពីខ្ញុំ។ ខ្ញុំចាប់ផ្ដើមរឹងមាំឡើងវិញ ហើយតែងតែធ្វើ បាយឆា ឲ្យគាត់ញ៉ាំគ្រប់ពេលដែលគាត់ប្រាប់ខ្ញុំថា គាត់ហត់នឿយ។
ខ្ញុំកាន់តែស្រឡាញ់គាត់ខ្លាំងឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ ហើយភាពរីករាយខ្ញុំក៏កាន់តែមានច្រើនជាងមុន។ អ្វីដែលសំខាន់នោះខ្ញុំទទួលបានការងារមួយដែលខ្ញុំប្រាថ្នាចង់ធ្វើយូរហើយ ដោយសារតែគាត់បានជួយពីក្រោយខ្នង។
ជីវិតខ្ញុំចាប់ផ្ដើមស្រស់បំព្រងឡើងវិញក្រោយពេលខ្ញុំស្គាល់គាត់ ហើយខ្ញុំពិតជាប្រាថ្នាថាគាត់នឹងអាចធ្វើជាមនុស្សចុងក្រោយសម្រាប់ជីវិតខ្ញុំ។
ប៉ុន្តែ.....
ថ្ងៃមួយគាត់បានបា្រប់ខ្ញុំថា «ការស្រឡាញ់របស់គាត់កន្លងមក គ្រាន់តែជាការសម្ដែងតែប៉ុណ្ណោះ ព្រោះគាត់អាណិតខ្ញុំពេលឃើញខ្ញុំខូចចិត្តខ្លាំងដោយសារគេ។ គាត់គ្រាន់តែចង់ជួយខ្ញុំឲ្យបំភ្លេចរឿងពីមុនបាន ហើយរីករាយដូចពីមុនវិញ។ ពេលដែលខ្ញុំរឹងមាំឡើងវិញហើយក៏ជាពេលដែលគាត់អស់ភារកិច្ចដែរ។»
ជីវិតខ្ញុំពេលនេះគឺដូចចុះនរកអីចឹង ខ្ញុំរស់នៅក្នុងភាពខ្មៅងងឹត ការឈឺចាប់ម្ដងហើយម្ដងទៀតដែលមិនអាចនឹងទទួលយកបាន។ ខ្ញុំចាប់ផ្ដើមអស់ជំនឿចិត្តក្នុងការក្រោកឈរឡើងវិញ ហើយរឹតតែអស់ជំនឿចិត្តនឹងការស្រឡាញ់ដែលមនុស្សគ្រប់គ្នាផ្ដល់មកឲ្យខ្ញុំ ព្រោះខ្ញុំមានអារម្មណ៍ថាវាគ្រាន់តែជាការសម្ដែង ការបោកប្រាស់ដែលធ្វើឲ្យជីវិតខ្ញុំកាន់តែងងឹតឈឹងតែប៉ុណ្ណោះ។
បើចូលមកជីវិតខ្ញុំដោយសារតែអាណិតខ្ញុំ សូមកុំដើរចូលមកអី ទុកថាខ្ញុំអង្វរទៅចុះ។ ខ្ញុំមិនចង់ឲ្យអ្នកណាអាណិត ក៏មិនចង់ឲ្យអ្នកណាជួយទៀតដែរ ព្រោះខ្ញុំអាចនឹងឆ្កួតបានដោយសារការចាកចេញរបស់គេបាន។
ចុងក្រោយខ្ញុំបានសម្ងំព្យាបាលរបួសដែលខ្ញុំមានជាង ៣ឆ្នាំ។ ៣ឆ្នាំនេះការឈឺចាប់របៀបណាក៏ខ្ញុំស្គាល់ដែរ ដូច្នេះខ្ញុំគ្រាន់តែចង់ផ្ដាំដល់មនុស្សប្រុសចិត្តល្អមួយចំនួនថា «បើមិនបានស្រឡាញ់នាងទេ សុំកុំដើរចូលមកក្នុងជីវិតនាងអី ព្រោះនាងអាចឈឺចាប់រហូតដល់ឆ្កួតដោយសារការអាណិតរបស់អ្នក៕»
រឿងពិតពី៖ ដានីត