ឧស្សាហ៍ឈឺជើង ប្រយ័ត្ន​កើត​បញ្ហា​នេះ

  • 2017-11-17 09:24:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជំងឺ​ស្ទះ​សរសៃ​វ៉ែន (DVT) ជា​បញ្ហា​សុខភាព​មួយ​កំពុង​កើត​ឡើង​ញឹកញាប់​បំផុត សូម្បី​តែ​ពេល​កំពុង​ធ្វើ​ដំណើរ​យូរ​ក៏​ដោយ។ វា​ជា​កំណក​ឈាម​ក្នុង​សរសៃ​វ៉ែន ហើយ​ភាគ​ច្រើន​បំផុត កើត​នៅ​សរសៃ​វ៉ែន​ដែល​នៅ​ជ្រៅ​នៃ​ជើង ឬ​ដៃ។ ជំងឺ​នេះ​គំរាមកំហែង​ដល់​ជីវិត ដោយ​ស្ទះ​សរសៃ​ឈាម​សួត ឬ​បាត់​បង់​មុខ​ងារ​របស់​ប្រឹស​បេះដូង និង​ហើម​ជើង​រ៉ាំរ៉ៃ។

កំណក​ឈាម​ក្នុង​សរសៃ​វ៉ែន​ដែល​នៅ​ជ្រៅ អាច​គ្មាន​រោគ​សញ្ញា​ឲ្យ​យើង​មើល​ឃើញ ប៉ុន្តែ​ករណី​ខ្លះ រោគ​សញ្ញា​អាច​លេច​ឡើង ដូចជា ហើម និង​ឈឺ​ចុក​ចាប់​លើ​ជើង ឈឺ​ចាប់​ខ្លាំង​នៅ​តំបន់​មាន​កំណក​ឈាម​ស្ទះ ស្បែក​នៅ​លើ​តំបន់​មាន​កំណក​ឈាម ឡើង​ក្ដៅ និង​ក្រហម​ខុស​ធម្មតា។

ជា​ទូទៅ អ្នក​ជំងឺ ៥០% ឈឺ​ចាប់​ជើង។ បើ​មិន​ព្យាបាល ដុំ​ឈាម​កក​អាច​នឹង​បែក​ជា​បំណែក​តូចៗ ធ្វើ​ដំណើរ​ទៅ​កាន់​សរសៃ​ឈាម​នៅ​សួត ហើយ​ធ្វើ​ឲ្យ​រាំង​ស្ទះ​ចរន្ត​ឈាម​ទៅ​សួត ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ស្ទះ​សរសៃ​ឈាម​សួត (pulmonary embolism) គំរាម​កំហែង​ដល់​ជីវិត។

មនុស្ស​ប្រភេទ​ណា​ខ្លះ អាច​កើត​ជំងឺ​ស្ទះ​សរសៃ​វ៉ែន?

  • មនុស្ស​ចាស់​
  • អ្នក​មាន​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល ឬ​អសកម្ម​រយៈ​ពេល​យូរ ដូចជា បន្ទាប់​ពី​ការ​វះ​កាត់ ឬ​អំឡុង​ពេល​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ
  • អ្នក​ទទួល​ការ​វះ​កាត់​ធំ ជា​ពិសេស ការ​វះ​កាត់​ពោះ ឆ្អឹង​អាង​ត្រគាក និង​អាវៈយវៈ​ខាង​ក្រោម
  • អ្នក​មាន​គ្រោះថ្នាក់​បាក់​ឆ្អឹង​ត្រគាក ភ្លៅ ឬ​ជើង
  • អ្នក​ជំងឺ​ខ្សោយ​បេះដូង និង​ស្ទះ​សរសៃ​ឈាម​បេះដូង
  • អ្នក​ជំងឺ​ទឹក​នោម​ប្រៃ
  • ស្ដ្រី​មាន​ផ្ទៃ​ពោះ អ្នក​ប្រើ​ថ្នាំ​ពន្យារ​កំណើត ឬ​អ្នក​ប្រើ​អ័រម៉ូន​ក្រោយ​អស់​រដូវ
  • លើស​ទម្ងន់ ឬ​ធាត់។

ត្រូវ​ការពារ​ម៉េច​ខ្លះ?

សម្រាប់​អ្នក​មាន​ភាគរយ​ខ្ពស់​កើត​ជំងឺ​ស្ទះ​សរសៃ​វ៉ែន ឬ​ធ្លាប់​មាន​ជំងឺ​នេះ​ពី​មុន ទាំង​អស់​នេះ​អាច​មាន​ប្រយោជន៍៖

  • កាត់​បន្ថយ ឬ​ឈប់​ជក់​បារី
  • ញ៉ាំ​របប​អាហារ​មាន​តុល្យភាព
  • ផឹក​ទឹក​ឱ្យ​បាន​ច្រើន ចៀស​វាង​ផឹក​ស្រា
  • ពិនិត្យ​សុខភាព​ជា​ប្រចាំ
  • ធ្វើ​ចលនា​ឱ្យ​បាន​ឆាប់ បន្ទាប់​ពី​ការ​វះកាត់ ក្រោយ​ពេល​គ្រូពេទ្យ​អនុញ្ញាត ឬ​ជា​ពី​ជំងឺ
  • បើ​កំពុង​ធ្វើ​ដំណើរ សូម​ធ្វើ​ចលនា​ជើង​ឲ្យ​បាន​ញឹកញាប់ ដោយ​បត់ និង​សណ្ដូក​ជើង។ អ្នក​អាច​ឈរ និង​ដើរ​លើ​យន្តហោះ ដើម្បី​បង្កើន​លំហូរ​ឈាម និង​ធ្វើ​ឲ្យ​ឈាម​រត់​បាន​ស្រួល។
  • ពាក់​ស្រោម​ជើង​រឹត​បន្តឹង បង្ការ​ហើម​ជើង
  • ប្រើ​ថ្នាំ​តាម​គ្រូ​ពេទ្យ​ប្រាប់

ទោះ​ជា​មូលហេតុ​ជំងឺ​ស្ទះ​សរសៃ​វ៉ែន​ភាគ​ច្រើន គេ​មិន​ដឹង និង​វា​អាច​ជា​វិញ​ឯក​ឯង​ដោយ​គ្មាន​ផល​វិបាក​ក៏​ដោយ ការ​ស្លាប់​ដោយ​សារ​ការ​ស្ទះ​សរសៃ​ឈាម​សួត (pulmonary embolism) ពាក់ព័ន្ធ​នឹង​ជំងឺ​ស្ទះ​សរសៃ​វ៉ែន នៅ​តែ​មាន​លទ្ធភាព​ខ្ពស់។ ដូចនេះ ការ​ធ្វើ​រោគវិនិច្ឆ័យ​បាន​លឿន​ទាន់​ពេល និង​ព្យាបាល​ឲ្យ​បាន​ត្រឹម​ត្រូវ ជា​រឿង​ល្អ​បំផុត។

បើ​មាន​សំណួរ​ពាក់ព័ន្ធ​នឹង​អត្ថបទ​នេះ ឬ​ការ​ថែរក្សា​សុខភាព អាច​ទាក់​ទង​តាម៖

ចំណាំ៖ រាល់​ថ្ងៃ​សុក្រ កញ្ញា នឹង​ចេញ​ផ្សាយ​អត្ថបទ​សុខភាព ពី​អ្នក​ជំនាញ​ផ្នែក​សុខភាព​របស់​ទស្សនាវដ្ដី Healthwise Digest ពី DKSH

អត្ថបទ៖ DKSH

អត្ថបទពេញនិយម