តិចអត់ដឹងទៅ ពេលណាត្រូវទម្លាក់ព្រូន! បើមិនអ៊ីចឹង នឹងកើត...
- 2017-11-06 03:00:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តិចអត់ដឹងទៅ ពេលណាត្រូវទម្លាក់ព្រូន! បើមិនអ៊ីចឹង នឹងកើត...
ដែលទម្លាក់ព្រូនជាប្រចាំដែរអត់? ដឹងអត់ថា ត្រូវទម្លាក់ព្រូនពេលណា? ប៉ុន្មានដងក្នុងមួយឆ្នាំ?
ការដើរជើងទទេ ញ៉ាំបន្លែ ផ្លែឈើ គ្រាប់ធញ្ញជាតិ ត្រី សាច់ដែលចម្អិនមិនបានល្អ ឬមិនបានលាងសម្អាតដៃជាមួយសាប៊ូបន្ទាប់ពីបន្ទោបង់រួច អាចធ្វើឲ្យអ្នកប្រឈមនឹងការឆ្លងពងព្រូន។
អ៊ីចឹង ពេលណា ត្រូវទម្លាក់ព្រូន?
ប្រភេទព្រូនមួយចំនួនអាចបណ្តាលឱ្យមានបញ្ហា រួមមាន ពពួកព្រូនអំបោះ ព្រូនខ្សែតី ព្រូនម្ជុល ព្រូនមូល និងព្រូនទំពក់។ ភាគច្រើន ព្រូននៅក្នុងរាងកាយយើង ធ្វើឲ្យស្ទះបំពង់រំលាយអាហារ ឆក់យកសារធាតុចិញ្ចឹម ហើយបញ្ឈប់ដំណើរការប្រព័ន្ធរំលាយអាហាររបស់យើងតែម្ដង។
ពេទ្យនឹងចេញវេជ្ជបញ្ជាឱ្យប្រើថ្នាំទម្លាក់ព្រួន ពេលអ្នក ឬកូនអ្នក មានរោគសញ្ញា ដូចជា រមាស់ ឬរសើបរន្ធគូទ មានព្រូនក្នុងលាមក ក្អកញឹកញាប់ ឧស្សាហ៍ចុកពោះ និងអស់កម្លាំង។
ការមានព្រូនក្នុងខ្លួនច្រើន យូរទៅក៏អាចបង្កឲ្យមានរោគសញ្ញាកាន់តែធ្ងន់ធ្ងរ ដូចជា ពោះប៉ោង ឈឺពោះខ្លាំង រាករូស ស្រកទម្ងន់ និងស្លេកស្លាំង។ ពេទ្យនឹងប្រាប់អ្នកឲ្យលេបថ្នាំទម្លាក់ព្រូន មួយគ្រាប់មួយដង រៀងរាល់ ៦ ខែម្ដង។ អ្នកដែលរស់នៅក្នុងតំបន់ដែលមានហានិភ័យខ្ពស់ គួរទម្លាក់ព្រូនរៀងរាល់ ៣ ទៅ ៤ ដងក្នុងមួយឆ្នាំ។ ថ្នាំដែលពេទ្យចេញវេជ្ជបញ្ជា ភាគច្រើនគឺ mebendazole និង albendazole។
ថ្នាំ Mebendazole និងថ្នាំ Albendazole
Mebendazole និង Albendazole ជាថ្នាំទម្លាក់ព្រូន ដែលស្ថិតក្នុងសែស្រឡាយ Benzimidazole។ ថ្នាំទម្លាក់ព្រូនទាំងនេះ នឹងរារាំងការស្រូបយកជាតិគ្លុយកូសក្នុងពោះវៀនរបស់ពួកព្រូន ដែលនេះជាការបំផ្លាញប្រភពថាមពលសម្រាប់ការរស់រានមានជីវិតរបស់ពពួកព្រូន។ Mebendazole ដើរតួនាទីដោយផ្ទាល់ក្នុងពោះវៀន (៩៥% ត្រូវបានរលាយ និងបញ្ចេញចោលតាមលាមក) ហើយល្អបំផុតក្នុងការសម្លាប់ប៉ារ៉ាស៊ីតក្នុងពោះវៀន។ Mebendazole មានសុវត្ថិភាព និងផ្តល់ផលប៉ះពាល់តិចតួចជាងថ្នាំទម្លាក់ព្រូនផ្សេងៗ។
Albendazole ត្រូវបានស្រូបយកបានយ៉ាងល្អពីពោះវៀនជាង Mebendazole ហើយមានប្រសិទ្ធភាពខ្ពស់ក្នុងសេរ៉ូម។ វាមានប្រូតេអ៊ីន albendazole sulfoxide ដ៏សកម្មដែលចែកចាយយ៉ាងទូលំទូលាយនៅលើជាលិកា និងពងព្រូន។ នេះហើយជាមូលហេតុធ្វើឲ្យ Albendazole ផ្ដល់ផលប៉ះពាល់ដល់រាងកាយច្រើនជាង Mebendazole។
ធ្វើម៉េចកុំឲ្យកើតព្រូន?
អ្នកអាចការពារពីការកើតព្រូន ដោយគ្រាន់តែអនុវត្តវិធីងាយៗ ដូចជា កុំដើរជើងទទេក្នុងសួនច្បារ ឬដីមានមេរោគ បរិភោគអាហារឆ្អិនល្អ និងលាងដៃជាមួយសាប៊ូបន្ទាប់ពីបន្ទោបង់រួច។
បើចង់ទម្លាក់ព្រូន សូមពិគ្រោះជាមួយគ្រូពេទ្យជាមុនសិន មុននឹងប្រើថ្នាំទម្លាក់ព្រូន។ យ៉ាងណាក៏ដោយ មិនគួរប្រើថ្នាំទម្លាក់ព្រូនទេ បើអ្នកកំពុងមានផ្ទៃពោះ បំបៅដោះកូន កំពុងប្រើថ្នាំតាមវេជ្ជបញ្ជាឬថ្នាំដែលគ្មានវេជ្ជបញ្ជា និងមានបញ្ហាថ្លើម ជាដើម។
បើមានសំណួរពាក់ព័ន្ធនឹងអត្ថបទនេះ ឬការថែរក្សាសុខភាព អាចទាក់ទងតាម៖
ចំណាំ៖ រាល់ថ្ងៃសុក្រ កញ្ញា នឹងចេញផ្សាយអត្ថបទសុខភាព ពីអ្នកជំនាញផ្នែកសុខភាពរបស់ទស្សនាវដ្ដី Healthwise Digest ពី DKSH៕