បញ្ហាក្រពះ ពោះវៀន ទល់លាមកមែន? សាកប្រើថ្នាំប្រភេទនេះទៅ ត្រូវម៉ាច់ម៉ង
- 2017-10-27 07:18:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បញ្ហាក្រពះ ពោះវៀន ទល់លាមកមែន? សាកប្រើថ្នាំប្រភេទនេះទៅ ត្រូវម៉ាច់ម៉ង
ប្រូប៊ីយោទិច (Probiotics) ជាបាក់តេរីល្អ ឬជាប្រភេទមីក្រូសារពាង្គកាយដែលអាចជួយទ្រទ្រង់បាក់តេរីល្អ និងមានប្រយោជន៍ក្នុងខ្លួនមនុស្ស។ ឱសថប្រូប៊ីយោទិច មានប្រសិទ្ធភាពព្យាបាល និងបង្ការបញ្ហាក្រពះ ពោះវៀន និងផ្លូវបន្តពូជស្ត្រី។
ប្រូប៊ីយោទិចចំពោះប្រព័ន្ធរំលាយអាហារ
ប្រដាប់រំលាយអាហារ ជាប្រព័ន្ធអេកូដែលមានបាក់តេរីរស់នៅជាង ៤០០ ប្រភេទ។ បាក់តេរីល្អ រស់នៅក្នុងក្រពះ ពោះវៀនផ្នែកខាងលើ និងខាងចុងពោះវៀន។ ប្រូប៊ីយោទិច អាចជួយកាត់បន្ថយជំងឺរាករូសពាក់ព័ន្ធនឹងការប្រើថ្នាំផ្សះ បានរហូតដល់ ៦០%។ ប្រូប៊ីយោទិចឈ្មោះថា Saccharomyces boulardi ត្រូវគេរកឃើញក្នុងថ្នាំមួយចំនួនចេញវេជ្ជបញ្ជាដោយគ្រូពេទ្យ មានប្រយោជន៍បង្ការជំងឺរាករូសប្រភេទនេះ។ អ្នកអាចប្រើថ្នាំប្រូប៊ីយោទិចប្រភេទនេះ ៥ ថ្ងៃមុនពេលធ្វើដំណើរ និងអំឡុងពេលស្នាក់នៅតំបន់ទេសចរណ៍នានា ដើម្បីទប់ស្កាត់ជំងឺរាករូសពេលធ្វើដំណើរ។
ថ្នាំប្រូប៊ីយោទិច មានប្រយោជន៍យ៉ាងខ្លាំងក្នុងការព្យាបាលបញ្ហាទល់លាមក។ វាជួយកាត់បន្ថយរយៈពេលឆ្លងកាត់របស់អាហារក្នុងពោះវៀនបាន ១២,៤ ម៉ោង ជួយបង្កើនចំនួនបន្ទោរបង់រៀងរាល់សប្ដាហ៍បាន ១,៣ ដង និងជួយបន្ទន់លាមកងាយស្រួលបញ្ចេញចោល។ ម្យ៉ាងទៀត ការព្យាបាលដោយប្រូប៊ីយោទិច ក៏អាចជួយសម្រួលដល់អ្នកជំងឺរលាកពោះវៀនធំ ដំបៅពោះវៀនធំ ជំងឺ Crohn និង ដំបៅក្រពះ ពោះវៀន ដោយសារបាក់តេរី H-pylori ផងដែរ។
ប្រូប៊ីយោទិច ចំពោះសុខភាពប្រដាប់បន្តពូជស្ត្រី និងប្រព័ន្ធទឹកម៉ូត្រ
បាក់តេរីល្អនៅក្នុងទ្វារមាស ជាពិសេស Lactobacillus ជួយការពារទ្វារមាស និងប្លោកនោមពីការឆ្លងមេរោគ និងជំងឺផ្សេងៗ។ ផលិតផលអនាម័យរបស់ស្ត្រីមួយចំនួន និងថ្នាំអង់ទីប៊ីយោទិច អាចរំខាន ឬបំផ្លាញបាក់តេរីទាំងនោះ។ ប្រូប៊ីយោទិច ជួយបង្កើតមជ្ឈដ្ឋានអាស៊ីតក្នុងទ្វារមាស ដោយការផលិតអាស៊ីតឡាក់ទិចដើម្បីបញ្ឈប់ការលូតលាស់បាក់តេរីមិនល្អ ដែលបង្កឆ្លងបាក់តេរី និងមេរោគផ្សិតតាមទ្វារមាស។ ចំណីអាហារ ឬអាហារបំប៉នដែលបន្ថែមប្រូប៊ីយោទិច ជួយបង្កើតមជ្ឈដ្ឋានសមស្របចំពោះបាក់តេរីល្អៗក្នុងប្លោកនោមនិងបំពង់បង្ហូរនោម។
ប្រូប៊ីយោទិច អាចរកឃើញនៅក្នុងអាហារផ្អាប់ និងផលិតផលទឹកដោះគោ ដូចជា ជ្រក់គីមឈី មីសួ ទឹកដោះគោជូរ យ៉ាអួ ឈីស ប៊ឺរ គ្រីមជូរ និងភេសជ្ជៈដែលបន្ថែមប្រូប៊ីយោទិច ហើយ ប្រូប៊ីយោទិច ក៏អាចប្រើជាអាហារបំប៉នប្រចាំថ្ងៃទៀតផង។ យ៉ាងណាក៏ដោយ សូមពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីប្រាកដថាប្រូប៊ីយោទិចប្រភេទណាសមស្របសម្រាប់អ្នក។
បើមានសំណួរពាក់ព័ន្ធនឹងអត្ថបទនេះ ឬការថែរក្សាសុខភាព អាចទាក់ទងតាម៖
ចំណាំ៖ រាល់ថ្ងៃសុក្រ កញ្ញា នឹងចេញផ្សាយអត្ថបទសុខភាព ពីអ្នកជំនាញផ្នែកសុខភាពរបស់ទស្សនាវដ្ដី Healthwise Digest ពី DKSH៕