ធានាថា ៩៩% អត់ដែលដឹងថា អុតស្វាយអាចប៉ះពាល់សាហាវដល់ថ្នាក់ហ្នឹងទេ
- 2017-10-20 07:37:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធានាថា ៩៩% អត់ដែលដឹងថា អុតស្វាយអាចប៉ះពាល់សាហាវដល់ថ្នាក់ហ្នឹងទេ
និយាយដល់ អុតស្វាយ នរណាក៏ស្គាល់ដែរ ព្រោះប្រិយមិត្តមិនតិចទេដែលធ្លាប់កើតកាលពីក្មេង។ អ្វីដែលយើងដឹងពីជំងឺមួយនេះ គឺគ្រាន់តែឡើងពងបែកលើស្បែក ហើយជាបាត់ទៅវិញដោយឯកឯង តែមិនមែនធម្មតាដូចយើងគិតឯណា វាអាចឲ្យកើតជំងឺរលាកខួរក្បាល រលាកសួត ការឆ្លងមេរោគក្នុងឈាមកម្រិតធ្ងន់ធ្ងរ។ ចង់ដឹងកាន់តែលម្អិត និងវិធីការពារ សូមតាមដានខាងក្រោម៖
ធ្វើម៉េចទើបដឹងថាកើតអុតស្វាយ?
អុតស្វាយ ឬ Varicella ជាជំងឺឆ្លងមួយប្រភេទបណ្ដាលពីវីរុស Varicella-zoster (VZV) ដែលស្ថិតក្នុងអំបូរវីរុស Herpes ដោយអាចចម្លងតាមរយៈការប៉ះពាល់ស្បែក ពងទឹកលើស្បែក ទឹកមាត់ ឬស្លេះ ការកណ្ដាស់ និងក្អករបស់អ្នកជំងឺ។
មានកន្ទួលក្រហម រមាស់ និងពងទឹកលើស្បែក បន្ទាប់មកប្រែជាក្រមរ បានន័យថាអ្នកកំពុងមានជំងឺអុតស្វាយហើយ ដោយកន្ទួលក្រហមនេះ នឹងលេចចេញលើស្បែកច្បាស់ ពី ១-៣ សប្ដាហ៍ បន្ទាប់ពីឆ្លងជំងឺនេះ ហើយរោគសញ្ញាទូទៅរួមមាន គ្រុនក្ដៅ ឈឺក្បាល ឈឺចាប់រាងកាយ អស់កម្លាំង និងបាត់ចំណង់អាហារ។
ប៉ះពាល់ធ្ងន់លើអីខ្លះ?
ទារក ស្ត្រីមានផ្ទៃពោះ និងមនុស្សដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយដោយសារមានមេរោគអេដស៍ /ជំងឺអេដស៍ ជំងឺមហារីក វះកាត់ប្ដូរសរីរាង្គ ការព្យាបាលដោយថ្នាំគីមី និងការប្រើប្រាស់ពពួកថ្នាំស្តេរ៉ូអ៊ីតរយៈពេលវែង អាចទទួលរងផលវិបាកធ្ងន់ធ្ងរ ដូចជា ជំងឺរលាកសួត ជំងឺរលាកខួរក្បាល ការឆ្លងមេរោគក្នុងឈាមធ្ងន់ធ្ងរ និងកង្វះជាតិទឹក។
ព្យាបាលម៉េចទៅ?
ជំងឺដែលបណ្ដាលឲ្យអ្នករមាស់នេះ មិនមានការព្យាបាលជាក់លាក់ក្រៅពីការថែទាំនោះទេ តែអាចប្រើថ្នាំបំបាត់ការឈឺចាប់ ដូចជា paracetamol និង ibuprofen ព្រមទាំងថ្នាំបង្ការ ដែលមានប្រសិទ្ធភាពប្រហែល ៩០%។ អុតស្វាយត្រូវចំណាយពេលពី ៧-១០ថ្ងៃ បន្ទាប់ពីចេញរោគសញ្ញា ដើម្បីជាសះស្បើយពេញលេញ។
ការពារបានអត់?
សម្រាប់ទារក ការចាក់លើកដំបូងគួរតែផ្ដល់នៅអាយុ ១២-១៥ ខែ និងមនុស្សវ័យជំទង់ គួរចាក់នៅអាយុ ១៣ ឆ្នាំ ហើយមនុស្សពេញវ័យដែលមិនធ្លាប់មានជំងឺអុតស្វាយ ឬចាក់ថ្នាំបង្ការពីមុនមក គួរតែចាក់ ២ ដងយ៉ាងហោចណាស់ ២៨ ថ្ងៃពីគ្នា។
បើមានសំណួរពាក់ព័ន្ធនឹងអត្ថបទនេះ ឬការថែរក្សាសុខភាព អាចទាក់ទងតាម៖
ចំណាំ៖ រាល់ថ្ងៃសុក្រ កញ្ញា នឹងចេញផ្សាយអត្ថបទសុខភាព ពីអ្នកជំនាញផ្នែកសុខភាពរបស់ទស្សនាវដ្ដី Healthwise Digest ពី DKSH៕