កំហុសធំៗ ៥ យ៉ាងធ្វើឲ្យគ្រួសារគ្មានសេចក្ដីសុខ
- 2017-09-07 03:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កំហុសធំៗ ៥ យ៉ាងធ្វើឲ្យគ្រួសារគ្មានសេចក្ដីសុខ
ពាក្យថាគ្រួសារគឺជាពាក្យដ៏កក់ក្ដៅបំផុត ទោះបីគ្មានអ្នកណាស្រឡាញ់អ្នក តែអ្នកនៅមានគ្រួសារដែលស្រឡាញ់អ្នក ប៉ុន្តែពេលខ្លះអ្នកអាចបំផ្លាញគ្រួសារដែលធ្លាប់តែកក់ក្ដៅមួយនេះ ឲ្យទៅជាគ្រួសារមានតែភាពតប់ប្រមល់ គ្មានភាពរីករាយតាមកំហុស ៥ យ៉ាងនេះ ៖
១. ប្រមាថ និងរិះគន់ ៖ ពាក្យប្រមាថ ឬការរិះគន់គឺជាពាក្យដែលធ្ងន់បំផុតសម្រាប់មនុស្សម្នាក់។ នៅពេលដែលអ្នកប្រើពាក្យទាំងនេះទៅលើពួកគេ គឺបានធ្វើឲ្យពួកគេឈឺចាប់ និងរងសម្ពាធផ្លូវចិត្តជាខ្លាំង។ គ្រួសារគឺជាប្រភពនៃកម្លាំងចិត្ត ផ្ដល់យោបល់ បង្ហាញថាអ្វីល្អ អ្វីអាក្រក់ មិនមែនសម្រាប់ប្រមាថ និង រិះគន់ឲ្យគ្នាផ្កាប់មុខនោះទេ។ បើអ្នកនៅតែបន្តប្រើពាក្យទាំងនោះ គ្រួសារច្បាស់ជាគ្មានក្ដីសុខឡើយ ព្រោះមានតែភាពក្ដៅក្រហាយ ស្មុគស្មាញ។
**២. និយាយដើម ៖** ការនិយាយដើមគ្នានៅក្នុងគ្រួសារគឺមានគ្រោះថ្នាក់ខ្លាំងណាស់ ព្រោះវាអាចបំផ្លាញគ្រួសារទាំងមូលបាន។ បើមានសមាជិកគ្រួសារណាមិនល្អ ឬក៏ដើរផ្លូវខុសពីចិត្តអ្នក មិនគួរនិយាយដើមគ្នាពីក្រោយខ្នងទេ គួរតែនិយាយប្រាប់ បង្ហាញពីអ្វីដែលត្រឹមត្រូវ ហើយបើអ្នកមិនចូលចិត្តគេក៏មិនគួរមានចរិតអាក្រក់និយាយបីគេពីក្រោយខ្នងបែបហ្នឹងដែរ។
៣. ការភូតកុហកបោកបញ្ឆោត ៖ ការបោកបញ្ឆោតក្នុងគ្រួសារគឺជាការបំផ្លិចបំផ្លាញមួយដ៏អាក្រក់បំផុត មិនថាអ្នកកុហកប្រពន្ធ កុហកប្ដី ឬ ឪពុកម្ដាយទេ អ្នកនេះហើយគឺជាមនុស្សដែលនាំភាពអពមង្គលដល់គ្រួសារ ព្រោះមានតែគ្រួសារហើយដែលមានភាពស្មោះត្រង់ និង ចាំគាំទ្រអ្នកជានិច្ចតែបើអ្នកគ្មានភាពស្មោះត្រង់ ចាំតែរកផ្លូវក្បត់ នោះគ្រួសារអ្នកនឹងរលាយក្រោមស្នាដៃអ្នក។
៤. ប្រកាន់តែគំនិតខ្លួនឯង ៖ មនុស្សម្នាក់ៗកើតមកគឺមានភាពខុសគ្នា ដូច្នេះអ្នកមិនអាចបង្ខំគេឲ្យធ្វើតាមការរៀបចំអ្នកឡើយ ដូចជាអ្នកបង្ខំប្រពន្ធអ្នកឲ្យបោះបង់ការងារដែលនាងស្រឡាញ់ ឬ បង្ខំកូនអ្នកឲ្យរៀនជំនាញដែលគេមិនចង់រៀន នោះពិតជាកំហុសដ៏ធំមួយសម្រាប់អ្នកក្នុងគ្រួសារនេះ។ ត្រូវទទួលយកអ្វីដែលពួកគេស្រឡាញ់ អ្វីដែលពួកគេចង់បានដោយតម្រង់ទិស និង កែប្រែអ្វីដែលគេនៅខ្វះខាត។
៥. គ្មានការលើកលែងទោស ៖ ការលើកលែង និងការអភ័យគឺជាចំណងដែលអាចចងរក្សាគ្រួសារឲ្យបន្តទៅមុខជាមួយគ្នា។ គ្មាននរណាម្នាក់ល្អឥតខ្ចោះឡើយ ដូច្នេះរឿងខ្លះអាចលើកលែងបានគួរតែលើកលែង ព្រោះការអភ័យ ការសន្ដោសគឺជាថ្នាំម្យ៉ាងដែលអាចព្យាបាលការឈឺចាប់ដែលបានកើតឡើង។
គ្រួសារមិនមែនជាកន្លែងដែលអ្នកយកមកលេង មកផ្ដល់ភាពឈឺចាប់ឡើយ តែវាជាកន្លែងដែលអ្នកគួរតែព្យាយាមផ្ដល់នូវសុភមង្គលឲ្យ៕
ចុចអាន៖៧ រឿងភរិយា និងស្វាមីត្រូវតែយល់ព្រមគ្នា មុនពេលមានកូន