នៅក្បែរគ្នាយ៉ាងនេះ គេគួរតែស្ដាប់ឮសំឡេងបេះដូងលោតញាប់របស់ខ្ញុំហើយ!
- 2017-08-23 07:02:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នៅក្បែរគ្នាយ៉ាងនេះ គេគួរតែស្ដាប់ឮសំឡេងបេះដូងលោតញាប់របស់ខ្ញុំហើយ!
ខ្ញុំពិតជាសង្ឃឹមថាគេប្រាកដជាស្ដាប់ឮសំឡេងបេះដូង ដែលកំពុងតែលោតស្ទើរផ្ទុះចេញមកក្រៅនេះជាមិនខាន។ ចុងបញ្ចប់គេពិតជាស្ដាប់ឮមែន តែមិនមែនឮពីចង្វាក់បេះដូងលោតព្រោះក្ដីស្នេហាឡើយ បែរជាថា....
នេះជារឿងពិបាកបំផុត នៅពេលដែលលួចស្រលាញ់គេទាំងគេមិនបានដឹងខ្លួន តែខ្ញុំសង្ឃឹមថាទាំងកាយវិការ និងទង្វើដ៏ស្និទ្ធស្នាលនាពេលកន្លងមកអាចឲ្យគេបានដឹងថាខ្ញុំកំពុងលួចស្រលាញ់គេ។ ពេលខ្លះទង្វើរបស់គេដូចជាស្រលាញ់ខ្ញុំដែរ គ្រាន់តែមាត់គេមិនសារភាពតែប៉ុណ្ណោះ ហើយខ្លួនជាស្រីក៏មិនហ៊ានសារភាពប្រាប់គេមុនដែរ មានតែរង់ចាំស្ទើរដាច់ខ្យល់បែបនេះឯង។
TL ជាឈ្មោះក្រៅរបស់មិត្តរួមការងារខ្ញុំម្នាក់ ពួកយើងស្និទ្ធស្នាលគ្នាខ្លាំងណាស់ តែគេជាបុរសពូកែអៀនខ្មាសច្រើន ដូចនេះទើបមិនច្បាស់ថាគេស្រលាញ់ខ្ញុំវិញ ឬអត់។ ក្រោយបែកពីសង្សារចាស់រៀងខ្លួន ទាំងខ្ញុំនឹងគេ កាន់តែស្និទ្ធស្នាលគ្នាខ្លាំងឡើងៗ រហូតអ្នកធ្វើការជាមួយស្ទើរតែទាំងអស់និយាយ បង្អាប់ថាTL ជា "កង់សាគួរ” របស់ខ្ញុំ។
ធម្មតាខ្ញុំជាមនុស្សរោះរាយ ពូកែលេងសើច និងមិនចេះប្រកាន់ច្រើនជាមួយមនុស្សគ្រប់គ្នា មិនថាប្រុសស្រី ហើយខ្ញុំក៏លេងស្និទ្ធស្នាលខ្លាំងនឹងបុរសមានជំនួស IT នោះដែរ។ រយៈពេល ២ ឆ្នាំនៅក្បែរគ្នាខ្ញុំមិនដឹងថាធ្លាក់ក្នុងអន្លងស្នេហ៍គេពីពេលណាឡើយ ដឹងត្រឹមថាមានគេនៅជិត ខ្ញុំពិតជារីករាយ ព្រោះគេមាន perfect ពេកហើយខ្ញុំក៏សង្កេតឃើញថាគេដូចខ្ញុំដែរ។ រាល់ថ្ងៃគេតែងមកទទួល និងជូនទៅធ្វើការ និងសៅរ៍អាទិត្យគេកំដរខ្ញុំដើរលេងដូចសង្សារ តែពួកយើងមិនមានឈ្មោះជាសង្សារឡើយ។ ថ្ងៃចុងសប្ដាហ៍ពួកយើងដើរលេងដូចរាល់ដង គឺបើមិនទៅមើលកុន ជិះស្គី ដើរផ្សារ គឺទៅញ៉ាំអីជាមួយគ្នា។ ពេលនោះម៉ោងមិនទាន់ ៨ យប់ឡើយ ហើយពួកយើងក៏នៅអង្គុយលេងនៅសួនច្បារមួយ ដោយប្រះខ្លួនដេកលេងលើស្មៅ ហើយគេក៏មកគេងទឹមខ្លួននឹងខ្ញុំ។
ពេលនោះខ្ញុំពិតជារំភើប ភ័យអរខុសធម្មតា ព្រោះពេលនោះពួកយើងនៅជិតគ្នាពេក។ បេះដូងខ្ញុំលោតញាប់ខ្លាំងណាស់ ហើយខ្ញុំគិតថាគេប្រាកដជាបានឮសំឡេងនោះដែរ។ ដូចអ្វីដែលគិត គេងាកមកមើលមុខខ្ញុំ ហើយនិយាយថា៖
TL៖ "ម៉េចក៏សំឡេងបេះដូងយាយប៉ិកឯងលោតឮៗយ៉ាងនេះ”? ខ្ញុំកាន់តែរំភើប ព្រោះគិតថាគេនឹងដឹងពីមូលហេតុ ហើយក៏តបទាំងមុខក្រហមថា៖
ខ្ញុំ៖ “ខ្លួនឯងឮដែរមែន”?
TL៖“ឮតើ ឮខ្លាំងទៀត អរខ្ញុំដឹងហើយ (គ្រាន់តែគេនិយាយប៉ុណ្ណោះ អារម្មណ៍ខ្ញុំវិះនឹងហោះទៅបាត់) យាយប៉ិកឯងស្រួលខ្លួនហ្មង បានបេះដូងដើរញាប់ចឹង"។ ខ្ញុំហួសចិត្តនឹងអ្វីដែលឮនោះ ដល់ថ្នាក់ខឹងគេទៀតផង រួចក៏ឆ្លើយ៖
ខ្ញុំ៖ "អើរ អត់ស្រួលខ្លួនទេ ប្រញាប់ជូនខ្ញុំទៅផ្ទះទៅ” TL៖ "ចឹងម៉េចមិនប្រាប់តាំងពីយូរ ចាំខ្ញុំឆៀងចូលទៅទិញថ្នាំឲ្យ” ខ្ញុំ៖ "មិនបាច់ទេ ប្រញាប់”...
ខ្ញុំស្មានតែគេស្ដាប់ឮបេះដូងលោតញាប់ គេដឹងខ្លួនថាខ្ញុំកំពុងស្រលាញ់ តែមានណា បែរជាថាខ្ញុំឈឺទៅវិញ ញាប់ហ្មង។ ជិះតាមមកជិតដល់ផ្ទះ គេសួរខ្ញុំថា «ឈឺអីបានជាបេះដូងលោតញាប់»? ឮគេសួរចឹង មិនដឹងឆ្លើយយ៉ាងម៉េចក៏ថាមកពី ហត់នឿយពេក។ តាំងពីថ្ងៃនោះមកខ្ញុំឈប់ទៅដើរលេងជាមួយគេទៀត ព្រោះគិតថាគេមិនបានស្រលាញ់ខ្ញុំវិញទេ ចំណែក TL បែរជាតាមសួររហូតថាមានបញ្ហាអ្វីបានជាឈប់ទៅដើរលេងជាមួយគេ ហើយនិយាយទាំងទឹកមុខស្រងូតស្រងាត់់ថា ខ្ញុំមានសង្សារថ្មីហើយបានជាឈប់លេងជាមួយគេ៕
អត្ថបទ៖ផ្ដល់ឲ្យ
ចុចអាន៖ហេតុផលនាំឲ្យស្នេហ៍ត្រូវចប់ ព្រោះបងល្បីពេក ដូចនេះអូនមិនសមនឹងបងទេ!