ទាំងស្អាតទាំងពូកែ! អាយុ៣០ឆ្នាំ ក្លាយជាមេបញ្ជាការស្រី យន្តហោះ Boeing 777 វ័យក្មេងបំផុត
- 2017-08-04 06:21:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទាំងស្អាតទាំងពូកែ! អាយុ៣០ឆ្នាំ ក្លាយជាមេបញ្ជាការស្រី យន្តហោះ Boeing 777 វ័យក្មេងបំផុត
នារីជនជាតិឥណ្ឌាវ័យក្មេងម្នាក់ មានឈ្មោះថា Anny Divya បានសម្រេចក្ដីសុបិនពីកុមារភាពរបស់នាង ក្លាយជាអ្នកបើកបរយន្តហោះ និងមេបញ្ជាការដ៏អស្ចារ្យម្នាក់។
នារីជាអ្នកបើកបរយន្តហោះនៅអាកាសចរណ៍ឥណ្ឌា Air India អស់រយៈពេលជាងមួយទសវត្សរ៍ ដែលស្រលាញ់ការហោះហើរ អាយុ ៣០ ឆ្នាំរូបនេះ បច្ចុប្បន្នកំពុងកាន់កាប់កំណត់ត្រា មេបញ្ជាការស្រីនៃយន្តហោះ Boeing 777 វ័យក្មេងបំផុតលើពិភពលោក។
នៅអាយុ ១៧ ឆ្នាំ នាង Divya បានដាក់ពាក្យសុំចូលរៀននៅឯសាលាបង្រៀនហោះហើរ និងត្រូវគេទទួលយក បើទោះបីជានាងខ្វះខាតចំណេះដឹងនៃមុខជំនាញ ដែលនាងកំពុងរៀនក៏ដោយ។ នារីមកពីទីក្រុង Vijayawada រូបនេះ បានកត់សម្គាល់ឃើញថា មិត្តរួមថ្នាក់របស់នាងភាគច្រើន មានបទពិសោធន៍ក្នុងការហោះហើរ ឬយ៉ាងហោចណាស់ មានសាច់ញាតិជាអ្នកធ្វើការនៅក្នុងឧស្សាហកម្មអាកាសចរណ៍។
នាង Divya បានប្រាប់ឲ្យដឹងថា «ខ្ញុំមិនដែលមានប្រវត្តិហោះហើរ ឬនរណាម្នាក់មកណែនាំខ្ញុំឡើយ... មុខជំនាញទាំងមូល គឺថ្មីស្រឡាងសម្រាប់ខ្ញុំ»។ នាងបានបន្ថែមទៀតថា «ខ្ញុំមានបញ្ហាជាមួយនឹងភាសា និងវប្បធម៌ សូម្បីតែការស្លៀកពាក់របស់ខ្ញុំក៏ខុសគ្នាដែរ ព្រោះខ្ញុំមកពីទីក្រុងតូចមួយប៉ុណ្ណោះ។ រីឯអ្នកផ្សេងវិញសុទ្ធតែមកពីទីក្រុងធំៗ និងបានរៀនសាលាល្អៗ»។
បន្ទាប់ពីឆ្លងកាត់ការលំបាកជាច្រើន នាង Divya អាចបញ្ចប់វគ្គបណ្ដុះបណ្ដាលនៅសាលាបង្រៀនហោះហើរខាងលើ នៅអាយុ ១៩ ឆ្នាំ និងបានចាប់ផ្ដើមធ្វើការនៅឯក្រុមហ៊ុនអាកាសចរណ៍ Air India នៅឆ្នាំ ២០០៦។
អ្នកបើកបរយន្តហោះ Boeing 777 និងជាមេបញ្ជាការស្រីវ័យក្មេងរូបនេះ បានបង្ហើបថា នាងពិតជារីករាយចំពោះការងារនេះខ្លាំងណាស់ ទាំងការធ្វើដំណើរ និងការស្លៀកពាក់ឯកសណ្ឋាន៕