​តារា​ស្រី​កូរ៉េ​ល្បី​ៗដែល​សុទ្ធ​តែ​​​បាន​​គូ​ស្នេហ៍​​​​ក្មេង​ជាង​ហើយ​សង្ហា​កប់

  • 2017-07-06 07:44:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មួយ​រយៈ​នេះ​ព័ត៌មាន​អំពី​​ដំណឹង​រៀបការ​របស់​តារា​សម្ដែង​កូរ៉េ Song Joong Ki និង Song Hye Kyo កំពុង​ធ្វើ​ឲ្យ​រំជើបរំជួល​ខ្លាំង​មែនទែន​ក្នុង​ពិភព​សិល្បៈ​អាស៊ី ខណៈ​ដែល​អ្នក​ទាំង​ពីរ​មិន​ធ្លាប់​មាន​ព័ត៌មាន​​ផ្លូវការ​ថា​មាន​ស្នេហា​នឹង​គ្នា​ឡើយ ប៉ុន្តែ​ស្ងាត់​ៗ​ក៏​ប្រកាស​ដំណឹង​រៀបការ​តែម្ដង។

បើ​ក្រឡេក​មើល​អាយុ គូស្នេហ៍​មួយ​គូ​នេះ​មាន​អាយុ​ខុស​គ្នា​៤​ឆ្នាំ ដោយ​ខាង​ស្រី​គឺ​មាន​អាយុ​ច្រើន​ជាង​ខាង​ប្រុស។ ឃើញ​បែប​នេះ​ហើយ ប្រិយមិត្ត​នារី​​ដែល​កំពុង​ស្រឡាញ់ ឬ​មាន​ចំណាប់​អារម្មណ៍​លើ​​បុរស​ដែល​មាន​អាយុ​តិច​ជាង​ប្រាកដ​ជា​លួច​ញញឹម​ញញែម​ ព្រោះ​​វា​បង្ហាញ​ថា​អាយុ​មិន​មែន​ជា​ឧបសគ្គ​សម្រាប់​សេចក្ដី​ស្នេហា​ទៀត​ឡើយ។ ការ​ពិត​មិន​ត្រឹម​តែ​គូ​ស្នេហ៍​ “Descendants of the Sun” នេះ​ទេ​ដែល​ខាង​ស្រី​មាន​អាយុ​ច្រើន​ជាង ប៉ុន្តែ​តារា​ប្រុស​ល្បី​ៗ​ជា​ច្រើន​ទៀត​ដែល​ជា​បុរស​ក្នុង​ក្ដី​ស្រមៃ​របស់​អ្នក​គាំទ្រ​​នារី​ជា​ច្រើន​ក៏​បាន​ជ្រើសរើស​​គូ​ស្នេហ៍​ដែល​មាន​អាយុ​ច្រើន​ជាង​ខ្លួន​ដែរ ហើយ​​សុទ្ធ​តែ​ត្រូវ​បាន​អ្នក​គាំទ្រ​សរសើរ​ថា​សម​គ្នា​។  

១. Kim Tae Hee និង Rain

Rain តារា​ចម្រៀង​ប្រុស​កូរ៉េ​ដែល​ល្បី​លំដាប់​ទី​មួយ​នៅ​កម្ពុជា​បាន​បញ្ចប់​ភាព​នៅ​លីវ​របស់​ខ្លួន​ដោយ​បាន​រៀបការ​ជាមួយស្រី​ស្អាត​ Kim Tae Hee កាល​ពី​ថ្ងៃ​ទី១៩ ខែ​មករា កន្លង​ទៅ បន្ទាប់​ពី​សេពគប់​គ្នា​ជា​សង្សារ​រយៈ​ពេល​៤​ឆ្នាំ។ គូ​នេះ​មាន​អាយុ​ខុស​គ្នា​ពីរ​ឆ្នាំ ដោយ Rain អាយុ ៣៥ឆ្នាំ ចំណែក​ Kim Tae Hee អាយុ ៣៧ឆ្នាំ។  

២. Ku Hye Sun និង Ahn Jae Hyun

ពី​គូ​ស្នេហ៍​ក្នុង​ខ្សែ​ភាពយន្ត​ប្រែ​ក្លាយ​ជា​គូ​ស្នេហ៍​ពិត Ahn Jae Hyun និង Ku Hye Sun ដែល​បាន​ស្រឡាញ់​គ្នា​ក្រោយ​រួម​សម្ដែង​ក្នុង​រឿង​ភាគ “Blood” បាន​ដឹកដៃ​គ្នា​រៀបការ​កាល​ពី​ថ្ងៃ​ទី​២១ ខែ​ឧសភា ឆ្នាំ​មុន។ គូ​នេះ​ក៏​មាន​អាយុ​ខុស​គ្នា​២​ឆ្នាំ​ដែរ ដោយ​ Ahn Jae Hyun មាន​អាយុ ៣០ឆ្នាំ ចំណែក Ku Hye Sun តួ​ឯក​ស្រី​ F4 កូរ៉េ មាន​វ័យ ៣២ឆ្នាំ។ ទោះ​យ៉ាង​ណា​សម្រស់​​តារា​ទាំង​គូ​នេះ​មើល​ទៅ​ដូច​ជា​អាយុ ២០​ស្ដើង​អីចឹង។

៣. Lee Sung‑kyung និង Nam Joo‑hyuk

នេះ​គឺ​ជា​គូ​ស្នេហ៍​តារា​សម្ដែង​ដ៏​ល្បី​មួយ​គូ​ទៀត​ហើយ​ក្នុង​ពិភព​សិល្បៈ​កូរ៉េ​ខាង​ត្បូង ដោយ​បន្ទាប់​ពី​ចាប់​ដៃ​គូ​គ្នា​ក្នុង​រឿង​ភាគ “Weightlifting Fairy Kim Bok Joo” អ្នក​ទាំង​ពីរ​ក៏​បាន​​ចាប់​ផ្ដើម​បង្កាត់​ភ្លើង​ស្នេហ៍​​មែនទែន​​ជាមួយ​គ្នា​ខាង​ក្រៅ​ឆាក។ ពួក​គេ​មាន​អាយុ​ខុស​គ្នា​៣​ឆ្នាំ​ ដោយ Lee Sung Kyung មាន​អាយុ ២៦ឆ្នាំ ចំណែក​តារា​សម្ដែង Nam Joo Hyuk មាន​អាយុ ២៣ឆ្នាំ។  

៤. Song Hye Kyo និង Song Joong Ki

ចុង​ក្រោយ​ មិន​អាច​ខ្វះ​បាន​គឺ​គូ #Songsongcouple ដែល​អ្នក​ទាំង​ពីរ​មាន​វ័យ​ខុស​គ្នា​៤​ឆ្នាំ ដោយ Song Hye Kyo មាន​អាយុ ៣៥ឆ្នាំ ចំណែក​ Song Joong Ki មាន​អាយុ ៣១ឆ្នាំ។ បន្ទាប់​ពី​ក្លាយ​ជា​ដៃ​គូ​សម្ដែង​ដ៏​ល្បី​ទូទាំង​អាស៊ី​តាម​រយៈ​រឿង “Descendants of the Sun” អ្នក​ទាំង​ពីរ​ក៏​បាន​វិវត្ត​ទំនាក់ទំនង​ក្លាយ​ជា​គូ​ស្នេហ៍​ពិត​ប្រាកដ​ រហូត​ចុង​ក្រោយ​បាន​សម្រេច​ចិត្ត​រៀបការ​ជាមួយ​គ្នា​នៅ​ថ្ងៃ​ទី​៣១ ខែ​តុលា ខាង​មុខ ៕  

ប្រភព៖ preaw ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម