ចាស់ៗថា ស្រីៗហ៊ានតែកោររោមចេញ ដឹងតែចង្រៃផុតលេខ?
- 2017-07-05 03:07:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចាស់ៗថា ស្រីៗហ៊ានតែកោររោមចេញ ដឹងតែចង្រៃផុតលេខ?
ការកោរ កាត់ ឬបករោមដៃ រោមជើង និងរោមកន្លែងអាថ៌កំបាំង (bikini) ហាក់ដូចជារឿងធម្មតាទៅហើយសម្រាប់សម័យបច្ចុប្បន្ន។ នារីសម័យថ្មីជ្រើសយកវិធីទាំងនេះ ដើម្បីធ្វើឲ្យខ្លួនមានផាសុកភាព និងមានភាពស្រស់ស្អាត ពេលស្លៀកឈុតសិចស៊ី។ ប៉ុន្តែសម្រាប់ចាស់ៗវិញ នៅតែយល់ថា ការធ្វើបែបនេះអាចបណ្តាលឲ្យកាត់លាភ ទៅជាស៊យ ឬអាចនាំចង្រៃដល់ខ្លួន និងគ្រួសារទៀតផង។
លោកយាយ មុត អាយុ ៧៦ឆ្នាំ បាននិយាយថា ចាស់ៗពីដើមគេមានតំណមមិនឲ្យមនុស្សស្រី ប៉ះពាល់រោមដែលមាននៅលើខ្លួននោះទេ ព្រោះវាជារបស់ធម្មជាតិដែលកំណត់វាសនារបស់មនុស្ស។
«បើយើងកោររោមដៃ រោមជើង នោះពេលវាដុះមកវិញ វានឹងដុះក្រញាង អាក្រក់មើល តែបើអារោមនៅ (កន្លែងអាថ៌កំបាំង) វិញ គេហាមមិនឲ្យប៉ះពាល់វាជាដាច់ខាត។ ប្រុសៗ ហ៊ានតែគេដឹងថាយើងគ្មានរោមកន្លែងត្រង់ហ្នឹង គ្មានពីណាគេមកដណ្តឹងយកយើងទេ ព្រោះគេខ្លាចរកស៊ីមិនឡើង។ ហើយហ៊ានតែការហើយ គេដឹងថាយើងកោរអាហ្នឹងចេញ គេលេងក្បាលយើងចោល ហើយឲ្យសងបណ្តាការទៀត ...»។
លោកយាយ ដែលមានស្រុកកំណើតនៅខេត្តកំពង់ឆ្នាំងរូបនេះ បានដំណាលរឿងពិតមួយក្នុងភូមិរបស់លោកយាយថា៖ កាលពីមុនសម័យប៉ុលពត មានប្តីប្រពន្ធមួយគូទើបតែការបាន១យប់ ក៏ស្រាប់តែមានភ្លើងឆេះផ្ទះ ហើយប្រហែលតែ១អាទិត្យក្រោយមក ក៏ស្រាប់តែមានចោរឡើងប្លន់នៅលើផ្ទះទៀត។ ក្រោយៗមកទៀត គ្រួសារដែលរកស៊ីលក់អង្ករនោះ ចេះតែរកស៊ីមិនឡើងសោះប្រមាណ១ខែ។
ដោយឃើញស្ថានការណ៍ដូចជាប្រែប្រួលពេក ម្តាយក្មេកក៏បានទៅឲ្យគ្រូទាយមើល ថាតើមានរឿងហេតុអីកើតឡើង។ ពេលនោះគ្រូបានទាយដាក់ចំៗតែម្តងថា មកពីក្នុងផ្ទះមានស្រីចង្រៃយកកាំបិតកោររោម (កន្លែងអាថ៌កំបាំង)។ ម្តាយបានងាកសួរកូនប្រុសថា តើប្រពន្ធមានអ៊ីចឹងឬអត់? ហើយកូនប្រុសក៏ឆ្លើយថា «បាទ! មែន»។ គ្រួសារនោះខឹងជាខ្លាំង ហើយបានបណ្តេញកូនប្រសាចុះចេញពីផ្ទះទាំងយប់ រួចព្រឹកឡើងគេនាំមេភូមិទៅទារសំណងពីគ្រួសារខាងស្រី។ គ្រួសារខាងស្រីប្រកែកមិនបាន ក៏ព្រមសងសំណងគេទៅ។
ប៉ុន្តែសម្រាប់យុវជនសម័យនេះវិញ មិនបានភ័យខ្លាចចំពោះរឿងនេះឡើយ។ កញ្ញា រ័ត្ន វ័យ២៥ឆ្នាំ ប្រាប់ថា ការកោរ ឬកាត់រោមចេញខ្លះ វាជួយឲ្យយើងមានអនាម័យល្អទៅវិញទេ។
«ចាស់ៗខ្មែរយើង គាត់ចេះតែប្រកាន់ច្រើនអ៊ីចឹងហើយ! មិនមែនមានន័យថា យើងមិនជឿគាត់ទាំងស្រុង តែរឿងខ្លះវាដូចជាមិនសមហេតុផល ជាពិសេស គឺរឿងគ្រូទាយនោះតែម្តង។ ចំពោះខ្ញុំ ខ្ញុំយល់ថា កាត់អារោមហ្នឹងចេញខ្លះ វាមិនសូវចាក់ វាមិនសូវធ្វើឲ្យយើងមានអារម្មណ៍ស្អុះស្អាប់ ហើយវាក៏ស្រួលសម្អាតដែរ។»
សម្រាប់អ្នកឯកទេសផ្នែកកោរ ឬបករោមនៅតាមហាងថែរក្សាសម្ផស្ស និងស្ប៉ាមួយចំនួន បានឲ្យដឹងថា ការធ្វើបែបនេះ អាចជួយឲ្យសុភាពនារីមានសុខភាពបន្តពូជល្អ ហើយពេលរោមដុះមកវិញ វានឹងដុះស្តើងជាងមុន ឬពេលខ្លះវាលែងដុះមកតែម្តង ដែលជួយឲ្យនារីៗមានជំនឿចិត្ត ពេលចង់ស្លៀកឈុតប៊ីគីនី ឬពេលចង់ផ្គាប់ផ្គុនចិត្តគូស្នេហ៍។ លើសពីនេះ ការកោររោមចេញ វានឹងធ្វើឲ្យស្បែករលោង គួរឲ្យចង់ស្ទាបអង្អែល៕
ចុះមិត្តនារីដែលកំពុងអានអត្ថបទនេះយល់យ៉ាងណាដែរ?