ស្រី​ៗចូល​ចិត្ត​ដំណើរ​កម្សាន្ត​បែប​ផ្សងព្រេង ជា​រឿង​ចម្លែកមែន​?

  • 2017-07-03 02:53:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ស្រី​ភាគ​ច្រើន​ចូលចិត្ត​​ដំណើរ​កម្សាន្ត​បែប​លំហែ​ ​​ដើរ Shopping ទិញ​គ្រឿង​សំអាង ឬ​ទៅ​ញុំា​របស់​ប្លែក​ៗ។ ប៉ុន្តែ​ប្រហែល​ជា​មិន​សូវ​មាន​មនុស្ស​ស្រី​ច្រើន​ទេ ដែល​ចូល​ចិត្ត​​​ដំណើរ​កម្សាន្ត​​បែប​ផ្សង​ព្រេង​​ ព្រោះ​ថា​ដំណើរ​កម្សាន្ត​បែប​នេះ អាច​មាន​គ្រោះថ្នាក់​ជាង​ការ​ទៅ​ដើរ​លេង​ធម្មតា​។

ខុស​ប្លែក​ពី​នារី​ភាគ​ច្រើន យុវតី​៣​រូប​បាន​រៀបរាប់​ពី​បទ​ពិសោធន៍​ដ៏​អស្ចារ្យ​ដែល​ទទួល​បាន​ពី​ដំណើរ​កម្សាន្ត​បែប​ផ្សង​ព្រេង​កន្លង​មក ហើយ​ថា​អ្នក​មិន​ធ្លាប់​ធ្វើ​បែប​នេះ អាច​នឹង​មិន​យល់​ពី​អារម្មណ៍​មួយ​នេះ​ឡើយ​។​

កញ្ញា ឈិត កណិកា ​​​​បុគ្គលិ​ក​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​បាន​ប្រាប់​​​កញ្ញា​​​ថា​ ការ​ដើរ​លេង​បែប​ផ្សង​ព្រេង​គឺ​មាន​ភាព​រំភើប និង​សប្បាយ​ជាង​ការ​រៀប​ចំ​គម្រោង​ជាក់​លាក់ (​ធ្វើ​ដំណើរ​តាម Tour​)។ ​​អ្វី​ដែល​យុវតី​វ័យ​២៣​ឆ្នាំ​នេះ​បាន​រៀន​សូត្រ បន្ទាប់​ពី​ដំណើរ​កម្សាន្តនោះ រួម​មាន​ការ​ស្គាល់​ពី​ខ្លួន​ឯង​បាន​កាន់​តែ​ច្បាស់ ថា​​​ចូលចិត្ត​និង​មិន​ចូលចិត្ត​អ្វី​។

​«ខ្ញុំ​ក៏​ចេះ​រៀន​សម្រប​ខ្លួន​ទៅ​នឹង​បរិយាកាស​ថ្មី ដោយ​ភាព​អត់​ធ្មត់​។ ខ្ញុំ​ចេះ​ដឹង​ពី​ភាព​ខុស​គ្នា​នៅ​ក្នុង​ជីវភាព​រស់​នៅ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ទៀត ហើយ​ថែម​ទាំង​អាច​បង្កើត​មិត្តភាព​ជាមួយ​អ្នក​ដែល​យើង​មិន​ដែល​ស្គាល់​។ មួយ​ទៀត គឺ​គ្រប់​ដំណើរ​ផ្សងព្រេង​របស់​ខ្ញុំ បាន​បង្រៀន​ឱ្យ​ខ្ញុំ​​​​ ចេះ​ប្រើ​ជីវិត​ឱ្យ​មាន​ន័យ​។»

ចំពោះ​សម្ភារៈ​សម្រាប់​ដំណើរ​កម្សាន្ត​វិញ ​កណិកា​គ្រាន់​តែ​ត្រៀម​​សម្ភារៈ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​មួយ​ចំនួន​តូច​ ប្រាក់​កាស និង​​កាមេរ៉ា​សម្រាប់​ថតរូប​ទុក​ជា​អនុស្សាវរីយ៍​ទៅ​​​គ្រប់គ្រាន់​​ហើយ​។

រី​ឯ​កញ្ញា ចាន់ ផល្គុណ ដែល​តែង​​ឆ្លៀត​ពេល​​ដើរ​កម្សាន្ត​ស្ទើរ​គ្រប់​ពេល​ទំនេរ​ដែរ​នោះ បាន​និយាយ​ថា មូល​ហេតុ​ដែល​ធ្វើ​ឱ្យ​នាង​ចូលចិត្ត​ដើរ​លេង​បែប​នេះ ព្រោះ​វា​ជា​វីធី​សាស្រ្ត​មួយ​ដែល​ធ្វើ​ឱ្យ​នាង​មាន​ភាព​ម្ចាស់​ការ​ក្នុង​ការ​សម្រេច​គោលដៅ​ដោយ​ខ្លួន​ឯង​។

​«​ក្រោយ​ពី​ត្រលប់​មក​វិញ ខ្ញុំ​ជា​រឿយ​ៗ​បាន​យល់​ដឹង​អំពី​សម្បត្តិ​ធម្មជាតិ​ដែល​លាក់​ពួន​នៅ​ក្នុង​តំបន់​នីមួយ​ៗ ពេល​ខ្លះ​ការ​សិក្សា និង​ការ​ស្ដាប់​ពី​មាត់​អ្នក​ដទៃ​ គឺ​មិន​ទាន់​អស្ចារ្យ​ដូច​ការ​ទៅ​ដល់​ផ្ទាល់​នោះ​ទេ​។ វា​ក៏​អាច​ជា​មេរៀន​មួយ ដែល​ធ្វើ​ឱ្យ​យើង​ស្វែង​យល់​ផ្ទាល់​ថា​ តើ​អ្វី​ទៅ​ជា​​ភាព​​ម្ចាស់​ការ​លើ​ខ្លួន​ឯង​​»។

ចំពោះ​យុវតី​វ័យ​២២​ឆ្នាំ​នេះ ពេល​ទៅ​ដើរ​លេង​ម្តង​ៗ អ្វី​ដែល​ចាំ​បាច់​ចំពោះ​នាង គឺ​ម៉ាស៊ីន​ថត​រូប​តូច​មួយ (Go Pro) ថ្នាំ​ការពារ​សត្វ​ល្អិត​ខាំ និង​កាបូប​ស្ពាយ​ពី​ក្រោយ​មួយ​ប៉ុណ្ណោះ​។​

​មិន​ខុស​ពី​យុវតី​ទាំង​២​ខាង​លើ ​កញ្ញា រិទ្ធី​ លំអរ​ពេជ្រ​​ ស្ថាបនិក​បុណ្យ​ភូមិ​ក៏​​បាន​ឱ្យ​ដឹង​ថា ​ការ​ដើរ​កម្សាន្ត​ជួយ​ឱ្យ​នាង​ទទួល​បាន​ចំណេះ​ដឹង​ថ្មី​ៗ ទាំង​ភាសា មិត្តភាព ទស្សនីយភាព និង​ជា​ពិសេស គឺ​ម្ហូប​អាហារ​ប្លែក​ៗ​នៅ​តាម​តំបន់​ដែល​នាង​បាន​ទៅ​ដល់​។ ជា​ទូទៅ លំអរ​ពេជ្រ​មិន​បាន​ត្រៀម​អ្វី​ច្រើន​សម្រាប់​ដំណើរ​កម្សាន្ត​របស់​នាង​នោះ​ទេ ប៉ុន្តែ​នាង​ចាប់​អារម្មណ៍​លើ​ការ​រៀប​ចំ​កាលវិភាគ​ឱ្យ​បាន​ជាក់​លាក់ ស្គាល់​ឱ្យ​ច្បាស់​ពី​ទី​តាំងភូមិ​សាស្ត្រ​។

ការ​ដើរ​កម្សាន្ត​ពិត​ជា​​សំខាន់​បំផុត​សម្រាប់​ជីវិត​របស់​ រិទ្ធី​ លំអរពេជ្រ ព្រោះ​នាង​យល់​ថា រាល់​ដំណើរ​កម្សាន្ត​សុទ្ធ​តែ​ធ្វើ​ឱ្យ​នាង​រីក​ចម្រើន​​ ទាំង​បេះដូង ស្មារតី អារម្មណ៍ និង​ការ​គិត។ ផលិតករ​វ័យ​ក្មេងរូប​នេះ​ តែងតែ​ទទួល​បាន​បទពិសោធន៍ និង​ការ​ប្រកួត​ប្រជែង​ជាមួយ​នឹង​ស្ថានការណ៍​ថ្មី​ៗ ដែល​ធ្វើ​ឱ្យ​នាង​អាច​ចេះ​លត់​ដំ​ខ្លួន​ឯង​ឱ្យ​បាន​កាន់​តែ​ខ្លាំង​បន្ថែម​ទៀត៕

អត្ថបទ៖ ភារី

អត្ថបទពេញនិយម