ពូកែមែន! ក្មេង​ស្រី​ខ្មែរ ៣​នាក់ បាន​អាហាររូបករណ៍​ទៅ​សិក្សា​សាលា​កំពូលៗ​នៅ​អាមេរិក

  • 2017-06-27 10:18:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្មេង​ស្រី​កម្ពុជា ៣​នាក់ បាន​ទទួល​អាហារូបករណ៍​ពេញ​ថ្លៃ ទៅ​សិក្សា​នៅ​សកល​វិទ្យាល័យ​លំដាប់​កំពូល​ៗ​នៅ​សហរដ្ឋអាមេរិក តាម​រយៈ​ភ្នាក់ងារ​ក្រៅរដ្ឋាភិបាល​​អាមេរិក SHE-CAN។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​ស្ថាន​ទូត​អាមេរិក ប្រចាំ​ទី​ក្រុង​ភ្នំពេញ នៅ​ថ្ងៃ​អង្គារ​នេះ​។

ក្មេង​ស្រី​ទាំង ៣​នោះ មាន​ឈ្មោះ​ ឡាវ សួន​ ដែល​នឹង​ត្រូវ​ទៅ​សិក្សា​ជំនាញ​សារព័ត៌មាន​ នៅ​សកលវិទ្យាល័យ​មីនេស​សូតា (University of Minnesota) ខណៈ សុខ សៀកហ្កេច បាន​ទទួល​អាហាររូបករណ៍ផ្នែក​បរិស្ថាន​ជីវសាស្ត្រ​ ទៅ​សិក្សា​នៅ​មហាវិទ្យាល័យ បេឡ័រ (Beloit College) ក្នុង​រដ្ឋ Wisconsin និង អ៊ុង អៃឌី បាន​ទទួល​អាហាររូបករណ៍​ផ្នែក​វិស្វកម្ម​ស៊ីវិល នៅ​មហាវិទ្យាល័យ​ឡាហ្វាយេត (Lafayette College) ក្នុង​រដ្ឋ Pennsylvania​។  

ឡាវ សួន បាន​និយាយ​ថា ៖ «ខ្ញុំ​ពិត​ជា​រំភើប​ណាស់​ពេល​ដឹង​ថា​ខ្ញុំ​បាន​ទៅ​ជាន់​ទឹក​ដី​អាមេរិក​។ ទី​នោះ ​ជា​កន្លែង​ផ្តល់​ឱកាស និង​បង្កើន​សមត្ថភាព​។ ក្តី​ស្រម៉ៃ​ដែល​​ខ្ញុំ ចង់​ក្លាយ​ជា​អ្នក​ព័ត៌មាន​ផ្នែក​ស៊ើបអង្កេត ប្រាកដ​ជា​បាន​សម្រេច​។» នេះ​គឺ​ជា​ឆ្នាំ​ទី ២ហើយ​ ដែល​គម្រោង SHE-CAN បាន​ជួយ​ឲ្យ​ក្មេងស្រី​កម្ពុជា ទទួល​បាន​ឱកាស​ទៅ​សិក្សា​ឥត​គិត​ថ្លៃ​នៅ​សហរដ្ឋអាមេរិក​៕

ប្រភព៖ US Embassy Phnom Penh      

រូបភាព៖ ស្ថានទូតអាមេរិក ប្រចាំក្រុងភ្នំពេញ  

អត្ថបទៈ ភារី

អត្ថបទពេញនិយម