ស្លៀកពាក់ ៧របៀប​នេះ ដឹង​តែ​ជួយ​ឲ្យ​នារី​រាងទាប​ល្អិតៗ មើល​ទៅ​ឃើញ​ខ្ពស់​ស្អាត​តែ​ម្តង

  • 2017-06-26 10:12:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ស្រី​រាង​តូច​ល្អិត មិន​មែន​អត់​ប្រយោជន៍​ទេ ព្រោះ​ថា​មនុស្ស​ស្រី​មាន​រាង​បែប​នេះ តែង​តែ​មើល​ទៅ​ក្មេង​ជាង​វ័យ មិន​ចេះ​ចាស់។ ប៉ុន្តែ​ប្រសិន​បើ​មិន​ចេះ​រើស​ខោអាវ​ស្លៀកពាក់ ឬ​សម្ភារៈ​លម្អ​ខ្លួន​នោះ​ទេ នោះ​មនុស្ស​ស្រី​រាង​បែប​នេះ អាច​មើល​ទៅ​ឃើញ​កន្តឿ ហើយ​ធាត់​។ ខាង​ក្រោម​នេះ​ជា​គន្លឹះ​នៃ​ការ​ស្លៀក​ពាក់​ ៧ចំណុច ជួយ​ឲ្យ​ការ​តុប​តែង​ខ្លួន​របស់​មនុស្ស​ស្រី​មាន​កម្ពស់​ទាប​ល្អិត អាច​មើល​ទៅ​ឃើញ​ខ្ពស់​ស្អាត និង​មាន​រាងស្លីម​ស្វែល គួរ​ឲ្យ​ទាក់​ទាញ។   ១. អាវ និង​សំពត់ ដើម្បី​ឲ្យ​មើល​ទៅ មាន​ភាពសមរម្យ នារីៗ​រាង​តូច​ល្អិត គួរ​កុំ​ពាក់​អាវ​វែង គ្រប​លើ​សំពត់​វែង ព្រោះ​មើល​ទៅ ឃើញ​កាន់​តែ​ទាប​កន្តឿ។ ដូច្នេះ អ្នក​គួរ​តែ​តឺនុយ​អាវ​ចូល​ក្នុង​សំពត់ ដើម្បី​ឲ្យ​មើល​ទៅ​ឃើញ​ជើង​វែង ​កម្ពស់​ខ្ពស់។   ២. ខ្សែ​ក្រវ៉ាត់ និង​ស្បែកជើង ប្រសិនបើ​​ពាក់​​ស្បែក​ជើង​កែង​ចោត ឬ​ស្បែក​ជើង​ផ្ទាត់ ដែល​មាន​ខ្សែ​ចង​កែង​ជើង នារីៗ​គួរ​តែ​ជ្រើស​យក​ពណ៌​ណា ដែល​ស៊ីនឹងសម្បុរ​ស្បែក​ បើ​មិន​ដូច្នោះ​ទេ វា​អាច​ធ្វើ​ឲ្យ​ឃើញ​ជើងខ្លី​។ ចំពោះ​ខ្សែ​ក្រវ៉ាត់​វិញ​ អ្នក​​មិន​គួរ​ពាក់​ខ្សែ​ក្រវ៉ាត់​ដាក់​ចង្កេះ មាន​រង្វង់​ធំ​នោះ​ទេ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​ឃើញ​ដើម​ទ្រូង​ធំ។ គួរ​តែ​ពាក់​ខ្សែ​ក្រវ៉ាត់​តូច ឬ មិន​បាច់​ពាក់​តែ​ម្តង ប្រសិន​បើ​អ្នក​ស្លៀក​រ៉ូប​វែង។   ៣. អាវ​ក្រៅ​ខ្លី និង​អាវ​ក្រៅ​វែង អ្នក​មិនគួរពាក់អាវក្រៅ​ ឬក៏សម្លៀក​បំពាក់​ ដែល​មាន​ដៃ​វែង និង​ធំពេក​នោះ​ទេ ព្រោះវា​នឹង​ធ្វើ​ឲ្យ​អ្នក​កាន់តែ​ទាប ហើយ​រីក​មាឌ​ធំ​។ អ្នក​គួរ​តែ​ជ្រើសរើស​យក​សម្លៀក​បំពាក់​ណា ដែល​មិន​រលុង​ពេក ហើយ​សម​នឹង​ខ្លួន។ ប្រសិន​បើពាក់​អាវក្រៅ​ដៃវែង នោះ​អ្នក​គួរ​តែ​មូរដៃ​វា​ឡើង​ត្រឹម​ចង្កេះ។ ជាមួយ​គ្នា​នេះ អ្នក​ក៏​​គួរតែ​ប្រុង​ប្រយ័ត្ន ចំពោះ​ការ​ជ្រើសរើស​កាបូប​ស្ពាយ ឬ​យួរ​ធំៗ​ទេ គួរ​តែ​ជ្រើស​យក​កាបូប​តូចៗ​វិញ។   ៤. អាវ​ចាក់ ចំពោះ​អាវ​ចាក់ អ្នក​គួរ​ជ្រើសរើស​អាវ​ដែល​មាន​សម្រុង​វែង ហើយ​មាន​ហោប៉ៅ។ ពាក់អាវ​បែប​នេះ ក៏​អាច​ធ្វើឲ្យ​អ្នក​មើល​ទៅ​ខ្ពស់ ដោយ​មិន​បាច់​ពាក់​ស្បែក​ជើង​កែង​ចោត​។ ៥. រ៉ូប​ គួរតែ​ពាក់រ៉ូប​រឹប​មាន​រាង ហើយ​ដាក់​ខ្សែ​ក្រវ៉ាត់​ត្រង់​ចង្កេះ​មួយ​ទៅ គឺ​មើល​ទៅ​អេម​តែម្តង។ តែ​បើ​ពាក់រ៉ូ​ប​រលុង​ពេក វា​នឹង​មើល​ទៅ ដូច​ទីងម៉ោង។   ៦. ការ​ជ្រើសរើស​ពណ៌​ដូចគ្នា និង​ខុសគ្នា ប្រសិនបើអ្នក​ស្លៀកខោ និង​ពាក់អាវ ពណ៌​ខុស​គ្នា វា​អាច​ធ្វើ​ឲ្យ​រាង​របស់​អ្នក​ធំ ហើយ​មើល​ទៅ​ដាច់​ដោយ​ឡែក​ពី​គ្នា រវាង​ខ្លួន និង​ជើង។ ប៉ុន្តែ​បើ​ជ្រើស​រើស​ពណ៌​ដូច​គ្នា វា​អាច​ធ្វើ​ឲ្យ​កម្ពស់​របស់​អ្នក​ឡើង​ខ្ពស់​មួយ​កម្រិត​ទៀត​។ ជាទូទៅ​ការ​ស្លៀកពាក់​ពណ៌​ឆើតៗ សម្រាប់​មនុស្ស​ស្រី​ទាបៗ វា​នឹង​ឃើញ​មាឌ​​ធំ មិន​សូវ​ស្អាត។   ៧. ខោ​ខៅប៊ូយ និងអាវយឺត គួរតែ​ស្លៀកខោ​ខៅប៊ូយ ដែល​មានចង្កេះ​វែង​ដល់​ផ្ចិត​ ហើយ​គួរ​តែ​ពាក់​អាវ​យឺតដៃ​វែង និង​សម្រុង​ខ្លួន​ខ្លី ដើម្បី​មើល​ទៅ​ឃើញ​រាង​ខ្ពស់​ស្លីម គួរឲ្យ​ស្រលាញ់។   ដូច្នេះ ប្រសិន​បើ​អ្នក​ទើស​ទាល់​ក្នុង​ការ​ស្លៀកពាក់​ឥលូវនេះ អ្នកអាច​ចាប់​ផ្តើម​សាកល្បង​ជាមួយស្ទីល​ទាំង​នេះ​បាន!

ប្រភព៖ Brightside ប្រែ​សម្រួលៈ ភារី