កាន់តែធំ ទំនួលខុសត្រូវកាន់តែច្រើន
- 2017-06-16 04:56:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កាន់តែធំ ទំនួលខុសត្រូវកាន់តែច្រើន
បើសិនជាមានការបោះឆ្នោតជ្រើសយកអ្នកឃោឃៅបំផុតក្នុងលោកនេះ ខ្ញុំនឹងបោះឲ្យពេលវេលា។ បើទោះបីជាអ្នកសោកស្ដាយយុវភាពយ៉ាងណាក៏ដោយ ឬគ្រាន់តែចង់ត្រលប់ទៅពេលវេលាកំពុងនៅរៀនយ៉ាងម៉េចក៏ដោយ ក៏ពេលវេលាមិនអនុញ្ញាតនោះដែរ។ រាល់អ្វីៗទាំងអស់នឹងត្រូវពេលបំផ្លាញទាំងអស់ដោយគ្មានប្រណី។ អ្នកណាក្នុងចំណោមពួកយើងក៏នឹងត្រូវកប់អនុស្សាវរីយ៍ទាំងអស់ទៅក្នុងអតីតកាលដែរ ព្រោះពួកយើងត្រូវតែបង្ខំចិត្តក្លាយជាមនុស្សធំ។
ស្ដាប់មើលទៅគឺព្រៃផ្សៃ តែវាគឺជាទិដ្ឋភាពពិតនៅក្នុងជីវិត។ យើងត្រូវរៀនទទួលយកវា បើទោះចង់ឬមិនចង់ក៏ដោយ។ នៅចាំថា កាលពីតូច នៅពេលធ្វើអ្វីខុសមួយ គ្រាន់តែលើកដៃសំពះសូមទោស នឹងត្រូវបានលើកលែងទាំងអស់។ តែនៅពេលឈានជើងចូលសង្គម នៅពេលដោះស្រាយកំហុសអ្វីមួយ ពាក្យសូមទោសមួយ មិនអាចយកជាការបាននោះឡើយ។
សង្គមមួយនេះ មិនមែនអ្នកណាក៏រួសរាយ និងចិត្តល្អដល់ថ្នាក់នឹងលើកលែងទោសឲ្យអ្នកនោះឡើយ។ ហើយក៏គ្មានអ្នកណាទំនេរមកបារម្ភថាអ្នកឆ្អែតឃ្លាន សប្បាយចិត្ត ឬកើតទុក្ខនោះដែរ។ កាន់តែធំ កាន់តែឃើញថាជីវិតកាន់តែមានសម្ពាធ ហើយភ្ជាប់មកជាមួយវានោះគឺទំនួលខុសត្រូវ។ ទំនួលខុសត្រូវជាមួយគ្រួសារ ជាមួយមនោសញ្ចេតនា ជាមួយការងារ ជាមួយសង្គម និងជាពិសេសនោះគឺជាមួយខ្លួនឯង។
ពេលខ្លះចង់នៅតូចរហូត តែគិតឡើងវិញ មានអារម្មណ៍ថាខ្លួនឯងអាត្មានិយម និងគ្មានភាពទទួលខុសត្រូវអ្វីសោះ ហើយក៏ចាប់ផ្ដើមគិតដល់ប៉ាម៉ាក់ ពួកគាត់បានលះបង់ច្រើនពេកហើយសម្រាប់យើង ទាំងមិនទាន់ទទួលបានវិញអ្វីទាំងអស់។
កាន់តែធំ គិតកាន់តែច្រើន។ តែរាល់ការគិតច្រើន ក៏ត្រូវតែរៀនធ្វើកាន់តែច្រើន ប្រែការគិតទៅជាសកម្មភាពពិតប្រាកដ។ ពេលខ្លះ ដោយសារតែគិតច្រើនពេក ក៏មានអារម្មណ៍ថាតឹងតែងចំពោះខ្លួនឯងខ្លាំងពេក ចង់បន្ធូរបន្តិចឲ្យងាយដកដង្ហើម ព្រោះយើងទាំងអស់គ្នាក៏មិនមែនជាអ្វីក្រៅពីមនុស្សសាមញ្ញមួយរូប៕