បើ​មនុស្ស​ស្រី​​​បដិសេធ តើមនុស្ស​ប្រុស​នៅ​តែ​តាម​ស្រឡាញ់​ទៀត​ឬ​​ក៏អត់?

  • 2017-05-12 02:41:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពេល​ខ្លះ​អារម្មណ៍​ស្រឡាញ់​គឺ​ខ្លាំងក្លា​ណាស់​ ទោះ​បី​គេ​បដិសេធហើយ​ក៏​នៅ​តែ​តស៊ូ​រហូត​ទាល់​តែ​អស់​ចិត្ត​ខ្លួន​ឯង​ អីចឹង​បើ​គេ​និយាយ​បែប​ហ្នឹង​ទៅ​ហើយ​ តើ​យើង​នៅ​តែ​តាម​ស្រឡាញ់​គេ​ទៀត​មែន​ទេ? បែប​នេះ​គិត​ថា​ធ្វើ​បាប​ខ្លួន​ទេ​ដឹង​ ប៉ុន្តែ​បើ​បេះដូង​មិន​ព្រម​ឈប់​ឲ្យ​គិត​យ៉ាង​ម៉េច?

នេះ​ជា​ការ​លើក​ឡើង​របស់​មនុស្ស​ប្រុស​៤​នាក់​ដែល​ធ្លាប់​ជួប​រឿង​ទាំង​នេះ៖

ភារ៉ា ៖ « បើ​ស្រឡាញ់​ហើយ​ ប្រាកដ​ជា​ចង់​បាន​ ប៉ុន្តែ​បើ​គេ​អត់​ផ្ដល់​ឱកាស​ឲ្យ​យើង​ផង​ តើ​គួរ​ធ្វើ​ម៉េច​ទៀត​ គឺ​មាន​តែ​ព្យាយាម​ប្រាប់​ខ្លួន​ឯង​ថា​គេ​អត់​ស្រឡាញ់​យើង​ទេ​ ហើយ​ក៏​គួរ​បញ្ឈប់​ការ​ស្រមៃ​មួយ​ហ្នឹង​ដែរ​ទៅ ព្រោះ​ស្នេហា​អត់​អាច​បង្ខំ​បាន​ទេ។»

រូប​តំណាង

**រិទ្ធ ៖** « បើ​គេ​ធ្វើ​ធម្មតា​ជាមួយ​យើង​ យើង​ធ្វើ​ធម្មតា​ជាមួយ​គេ​វិញ​ទៅ​ ហើយ​តាម​ដំណើរ​ទៅ​ពេល​ណា​យើង​អស់​ចិត្ត​ក៏​អស់​ទៅ​ ហើយ​ពេល​ណា​ដែល​គេ​អាច​ស្រឡាញ់​យើង​ទុក​ថា​សំណាង​ចុះ​ ព្រោះ​ខ្ញុំ​អត់​អាច​បង្ខំ​គេ​បាន​ទេ​ តែ​ខ្ញុំ​ក៏​អត់​ធ្វើ​អី​ឲ្យ​គេ​ និង​ខ្លួន​ឯង​មាន​សម្ពាធ​ដែរ​ ព្រោះ​សុទ្ធ​តែ​ធំ​ៗ​អស់​ហើយ​ មិន​ចង់​ឲ្យ​មាន​រឿង​ដូច​ក្មេង​ៗ​ទៀត​ទេ។»

ណា​រ៉ុង ៖ « គិត​ថា​អត់​ទាន់​បោះបង់​ភ្លាមៗ​ទេ​ ព្រោះ​ពេល​ខ្លះ​គេ​គ្រាន់​តែ​ចង់​សាក​ចិត្ត​យើង​ថា​យើង​តស៊ូ​ស្រឡាញ់​គេ​បាន​ប៉ុណ្ណា​ ហើយ​ណា​មួយ​ទៀត​ចង់​ព្យាយាម​ឲ្យ​អស់​ចិត្ត​សិន​ ព្រោះ​ថ្ងៃ​នេះ​គេ​អត់​ស្រឡាញ់​យើង​ តែ​មិន​ប្រាកដ​ថា​ថ្ងៃ​ក្រោយ​គេ​អត់​ស្រឡាញ់​យើង​ទៀត​ទេ ហើយ​ខ្ញុំ​នឹង​នៅ​តែ​ធ្វើ​ល្អ​ដាក់​គេ​ដូច​មុន​អីចឹង។»

រូប​តំណាង

លីហេង ៖ « បើ​គេ​នៅ​តែ​ផ្ដល់​សង្ឃឹម​ខ្ញុំ​នៅ​តែ​ព្យាយាម​ តែ​បើ​មុខ​ក៏​គេ​មិន​ចង់​ឃើញ​ផង​ខ្ញុំ​គិត​ថា​គួរ​តែ​កុំ​បន្ត​ទៀត​អី​ ព្រោះ​បើ​ធ្វើ​បែប​នេះ​មាន​តែ​ធ្វើ​ឲ្យ​គេ​មើល​ងាយ​ថែម​ ព្រោះ​គេ​គិត​ថា​យើង​តាម​ស្រឡាញ់​គេ​ គេ​ចង់​ធ្វើ​អី​ក៏​បាន​ អីចឹង​ខ្ញុំ​អត់​ចង់​ឲ្យ​គេ​បាន​ចិត្ត​ទេ។»

ការ​ពិត​ពេល​ខ្លះ​រឿង​ដែល​អ្នក​នឹក​ស្មាន​មិន​ដល់​ក៏​អាច​កើត​ឡើង​បាន​ដែរ​ ដូច្នេះ​កុំ​ទាន់​អស់​សង្ឃឹម៕

អត្ថបទ៖ ផេង ផលធិតា