សុំទោស​ដែល​ធ្វើឲ្យ​បងប្អូន​អ្នក​ទាំងពីរ និង​មនុស្ស​ពីរ​នាក់​ផ្សេងទៀត​ឈឺចាប់!

  • 2017-05-03 10:18:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មិន​ដឹង​ថា​នេះ​ជា​កំហុស ឬ​ក៏​កម្មពៀរ​ពួក​ខ្ញុំ​ទាំង ៥ នាក់​ឡើយ។ ខ្ញុំ​មាន​ឈ្មោះ រស្មី nickname P ជា​បុគ្គលិក​ក្រុមហ៊ុន​ឯកជន​មួយ​ដែល​មាន​ទំនាក់ទំនង​ស្នេហា​ដ៏​រញ៉េរញ៉ៃ​នៅ​កន្លែង​ធ្វើ​ការ។

បន្ទាប់ពី​បញ្ចប់​ការ​សិក្សា​ខ្ញុំ​រក​ការងារ​ធ្វើ និង​ជាប់​ជា​ជំនួយការ CEO នៅ​ក្នុង​ក្រុម​ហ៊ុន​ជាមួយ​សង្សារ​ខ្ញុំ​ឈ្មោះ ទី ដែល​មាន​មុខ​តំណែង​ផ្នែក​ទីផ្សារ តែ​អ្នក​ដទៃ​មិន​ដឹង​ថា​ពួក​ខ្ញុំ​ជា​ស្អី​នឹង​គ្នា​ទេ ហើយ​យើង​ទាំងពីរ​ក៏​ស្រលាញ់​គ្នា​បេះ​មិន​ចេញ​ដែរ។ រហូត​មួយ​ឆ្នាំ​ក្រោយ​ទើប​មាន​អ្នក​ដឹង​ខ្លះ​ៗ​ពី​រឿង​ពួក​ខ្ញុំ ព្រោះ​ឃើញ​ខ្ញុំ​ស្និទ្ធស្នាល​គ្នា​ខុស​ពី​អ្នក​ធ្វើការ​ដទៃ​ពេក។

ដល់​ថ្ងៃ​មួយ​ខ្ញុំ​បាន​ផ្លាស់​មុខ​តំណែង ព្រោះ​ចង់​សាកល្បង​ការងារ​ថ្មី​តែ​នៅ​កន្លែង​ចាស់​ដដែល និង​បាន​ធ្វើការ​ជាមួយ រក្សា ដែល​មាន​មុខ​តំណែង​ជាង​មេ​ខ្ញុំ និង​មាន​អាយុ​បង​ខ្ញុំ ៤-៥ ឆ្នាំ។ តួនាទី​ថ្មី​នេះ​មិន​ដឹង​ថា​យ៉ាង​ម៉េច​យ៉ាង​ម៉ា​ទេ តែ​អ្នក​ដទៃ​តែង​ប្រាប់​ខ្ញុំ​ថា​មេ​ថ្មី​ខ្ញុំ​នោះ​ពិបាក​ធ្វើការ​ជាមួយ​ណាស់ គ្មាន​នរណា​ចុះ​សម្រុង​ជាមួយ​ឡើយ ចំណែក​ខ្ញុំ​វិញ​បាន​ត្រឹម​យក​មក​គិត​ប៉ុណ្ណោះ។ ផ្ទុយ​ស្រឡះ​ពេល​មក​ធ្វើការ​ជាមួយ​មេ ខ្ញុំ​យល់​ថា​អ្នក​ទាំងនោះ​និយាយ​មិន​ពិត​ឡើយ រក្សា ស្រួល​ធ្វើការ​ជាមួយ​ណាស់ ចេះ​យល់​ពី​សុខ​ទុក្ខ និង​តាម​យក​ចិត្ត​ខ្ញុំ​រហូត ហើយ​ឲ្យតែ​ពេល​ចេញ​ទៅ​ជួប​ភ្ញៀវ​តូច ឬ​ធំ​គាត់​តែង​នាំ​ខ្ញុំ​ទៅ​ជាមួយ​ជានិច្ច។

ធ្វើការ​ជាមួយ​គ្នា ៣ ខែ​ខ្ញុំ​មាន​អារម្មណ៍​ថា​មេ​ខ្ញុំ​ដូចជា​ស្រលាញ់​ខ្ញុំ​មិច​មិន​ដឹង​ទេ ខ្ញុំ​យក​រឿង​នេះ​ទៅ​ប្រាប់​មិត្តភ័ក្ដិ​ជិតស្និទ្ធ​ធ្វើការ​ជាមួយ ហើយ​គេ​ក៏​និយាយ​ថា គេ​ក៏​គិត​ដូច​ខ្ញុំ​ដែរ ព្រោះ​គេ​ថា​ធ្លាប់​ឃើញ​មេ​ខ្ញុំ តាម​សម្លឹង​ខ្ញុំ​ដោយ​ក្រសែ​ភ្នែក​ខុស​ពី​អ្នក​ដទៃ។ មិន​អស់​ចិត្ត​ខ្ញុំ​ក៏​យក​រឿង​នោះ​ទៅ​ប្រាប់​មិត្ត​ប្រុស តែ​មិត្ត​ប្រុស​ខ្ញុំ​ក៏​ថា​ខ្ញុំ​គិត​តែ​ម្នាក់​ឯង តែ​គេ​ចូលចិត្ត​ព្រោះ​ខ្ញុំ​ពូកែ​និយាយ​លេង​ទៅ​វិញ​ទេ។

បី​ថ្ងៃ​បន្ទាប់ ខ្ញុំ និង រក្សា បាន​ចុះ​បេសកកម្ម​ទៅ​មណ្ឌលគិរី នៅ​ទី​នោះ​ពួក​យើង​មាន​បញ្ហា​ជាច្រើន​ជាមួយ​គ្នា​រហូត ដល់​ថ្នាក់​ខ្ញុំ​ចុះ​ពី​ឡាន​នៅ​តាម​ផ្លូវ​ទៀត​ផង។ តែ​ពេល​មក​ដល់​ភ្នំពេញ​វិញ​គេ​បាន​តាម​អង្វរ​ខ្ញុំ​រហូត ហើយ​ខ្ញុំ​ក៏​បាត់​ខឹង។

ថ្ងៃ​បន្ទាប់​រឿង​ដ៏​ហួស​ចិត្ត​មួយ​បាន​កើត​ឡើង គឺ​ថា CEO ឲ្យ​ខ្ញុំ និង​ មេ ​ខ្ញុំ​ទៅ​ជួប​ភ្ញៀវ​នៅ​សៀមរាប​តែ​ពីរ​នាក់​ទៀត។ ដោយ​មិន​អាច​ប្រកែក​បាន​យើង​ក៏​ទៅ​ទៀត តែ​ខ្ញុំ​លួច​ឃើញ​មេ​ខ្ញុំ​ញញឹម​ពេល​ឮ​បែប​នេះ។ យប់​ទី១ នៅ​​សៀមរាប​ក៏​បាន​មក​ដល់ យើង​បាន​ទៅ​ញ៉ាំ​អី​ជាមួយ​គ្នា និង​ស្ដាប់​ភ្លៀង ញ៉ាំ​បៀរ​បន្តិច​បន្តួច ហើយ​គេ​ក៏​ចាប់ផ្ដើម​សារភាព​ប្រាប់​ថា​ស្រលាញ់​ខ្ញុំ​ត្រង់​ៗ។ នោះ​ហើយ​ជា​ពេល​ដែល​ខ្ញុំ​ស្អប់​ខ្លួន​ឯង​បំផុត ព្រោះ​ខ្ញុំ​មិន​បាន​បដិសេធ​ការ​ស្រលាញ់​របស់​គាត់ តែ​អ្វី​ដែល​ធ្វើឲ្យ​ខ្ញុំ​កាន់តែ​ស្អប់​ខ្លួនឯង​គឺ​ខ្ញុំ​យល់​ព្រម​នឹង​គាត់​ធ្វើ​ជា​សង្សារ​លួច​លាក់​ជាមួយ​គ្នា​ទៀត​ផង ទោះ​បី​មាន​សង្សារ​រៀង​ខ្លួន​ក៏​ដោយ។

បន្ទាប់ពី​មក​ពី​សៀមរាប​ពួក​យើង​កាន់តែ​យល់​ចិត្ត​គ្នា ចំណែក ទី វិញ​ខ្ញុំ​នៅ​តែ​ស្រលាញ់​អស់​ពី​បេះដូង​ដដែល តែ​ខ្ញុំ​ឆ្ងល់​ថា ខ្ញុំ​យក រក្សា មក​ទុក​នៅ​ទី​ណា បើ​បេះដូង​ពេញ​ដោយ​ម្នាក់​ឈ្មោះ​ ទី ​នោះ​ទៅ​ហើយ។ ថ្ងៃ​មួយ​យើង​លួច​ណាត់​ជួប​គ្នា​ទៅ​ញ៉ាំ​អាហារ ហើយ​ខ្ញុំ និង ឲ្យ​បាន​ចាប់​ដៃ​គ្នា​ដូច​សង្សារ។ ពេលនោះ​ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្លួន​ឯង​ជា​មនុស្ស​ស្រី​អាក្រក់​បំផុត​ហើយ ព្រោះ​ហ៊ាន​ទាក់ទង​បុរស​ពីរ​នាក់​ក្នុង​ពេល​តែ​មួយ។ តាម​ផ្លូវ​មក​ផ្ទះ​វិញ​គេ​សួរ​ខ្ញុំ​ថា​ធ្វើ​យ៉ាង​ណា ខ្ញុំ​មិន​ដឹង​ថា​ធ្វើ​យ៉ាង​ណា​ដែរ តែ​អ្វី​ដែល​ខ្ញុំ​ប្រាកដ​បាន គឺ​មិន​អាច​រស់នៅ​ដោយ​គ្មាន ទី។ ខ្ញុំ​ថា "រវាង​យើង​ទាំង​ពីរ​អាច​ចប់​គ្នា​បាន តែ​ខ្ញុំ​និង ទី គឺ​មិន​អាច​បែក​គ្នា​បាន​ឡើយ”។

គ្រាន់តែ​ឮ​សម្ដី​នោះ​គេ​ខឹង​ខ្ញុំ ហើយ​ចាប់តាំង​ពី​ពេល​នោះ​មក​ពួក​យើង​មិន​សូវ​ត្រូវ​គ្នា​ទេ។ ពេល​ខ្លះ​គេ​មិន​ខ្វល់​ពី​ខ្ញុំ ហើយ​ខ្ញុំ​ក៏​គិត​ថា​រឿង​ពួក​យើង​បាន​ចប់​ហើយ។ ពេល​គិត​បែបនេះ​ម្ដង​ៗ និង​ចាប់ផ្ដើម​ភ្លេច គេ​តែង​មក​ធ្វើ​ល្អ​ជាមួយ​ខ្ញុំ​វិញ ហើយ​ខ្ញុំ​ក៏​ចាប់ផ្ដើម​ទន់​ចិត្ត​ដែរ។ យើង​លួច​ទាក់ទង​គ្នា​បែប​នេះ​បាន ១ ឆ្នាំ ទើប​រឿង​រ៉ាង​លេចឮ​ដល់ ទី តែ ទី គ្រាន់តែ​ខឹង​នឹង​ខ្ញុំ​ប៉ុណ្ណោះ ហើយ​ខ្ញុំ​ចង់​និយាយ​ជាមួយ រក្សា ដើម្បី​បញ្ចប់​ទំនាក់ទំនង​រញ៉េរញ៉ៃ​នោះ​ណាស់ តែ​គេ​មិន​ព្រម​និយាយ​ស្ដី​អ្វី​ទាំងអស់។ រហូត​ដល់​ពេល​មួយ​ខ្ញុំ​ទៅ​ដើរ​ផ្សារ Aeon ជាមួយ​មិត្តភ័ក្ដិ​ស្រី​ៗ ក៏​បាន​ជួប មេ​ខ្ញុំ កំពុង​បណ្ដើរ​ស្រី​ថ្មី​ទៅ​ទិញ​ឥវ៉ាន់ តែ​ខ្ញុំ​ធ្វើ​ធម្មតា គេ​ក៏​ធ្វើ​មិន​ស្គាល់​គ្នា អ្វី​ដែល​មិន​ធម្មតា​គឺ​ខ្លួន​ខ្ញុំ​ក្ដៅ​ដូច​ភ្លើង ដោយ​មិន​ដឹង​មូលហេតុ។

មួយ​សប្ដាហ៍​កន្លង​ផុត​ទៅ គេ​បាន​មក​ហៅ​ខ្ញុំ​ថា** baby** ប្រហែល​ជា​បែក​គ្នា​ជាមួយ​អ្នក​នោះ​ហើយ ទើប​មក​ហៅ​ខ្ញុំ​ផ្អែម​បែប​នេះ តែ​ខ្ញុំ​មិន​រវល់ ហើយ​គេ​ក៏​ចាប់ផ្ដើម​តាម​លួង​ខ្ញុំ ពួក​យើង​ក៏​ត្រូវ​គ្នា​វិញ។ ខ្ញុំ​ស្អប់​ខ្លួន​ឯង​បែប​នេះ ហេតុអ្វី​មិន​ចិត្ត​ដាច់​ផឹង​ជា​មួយ​គេ​តែម្ដង​ទៅ នៅ​ត្រាំត្រែង​ដល់​ណា?

មួយ​ខែ​កន្លង បើ​មិន​ទៅ​ជួប​អតិថិជន ពួក​យើង​មិន​ដែល​ទៅ​ណា​មក​ណា​ជាមួយ​គ្នា​ឡើយ ហើយ​ក៏​មិន​ដែល​និយាយ​គ្នា​ទៀត។ យប់​មួយ​ខ្ញុំ​ទៅ​ញ៉ាំ​អី​នៅ​ហាង​ម្ដុំ​បឹងកេងកង​ដែល​ជា​ហាង រក្សា ឧស្សាហ៍​នាំ​មិត្តភ័ក្ដិ និង​ស្រី​ៗ​មក​ញ៉ាំ​អី ព្រោះ​ឧស្សាហ៍​ឃើញ​គេ check-in។ តែ​ខ្ញុំ​មក​ដោយសារ​តែ​មិត្តភ័ក្ដិ​ស្គាល់​កន្លែង និង​ថា​ទី​នេះ​មាន​ផាសុកភាព និង​សេវាកម្ម​ល្អ​ប៉ុណ្ណោះ មិនមែន​មក​ចង់​ជួប​គេ​ទេ។ មុននឹង​មក​ខ្ញុំ​គិត​ដែរ​ថា​ខ្លាច​ជួប​គេ​នៅ​កន្លែង​នេះ​ណាស់ ហើយ​ពិត​ជា​ជួប​មែន​ពេល​ខ្ញុំ​ទៅ​បន្ទប់​ខ្ញុំ​ដើរ​កាត់​មុខ​តុ​គេ លើក​នេះ​ខុស​ពី​លើក​មុន​ត្រង់​បណ្ដើរ​ស្រី​ម្នាក់ តែ​លើក​នេះ​ស្រី ២ នាក់​ឱប​ឆ្វេង​ស្ដាំ។ ខ្ញុំ​ក្រឡេក​ទៅ​ឃើញ ហើយ​គេ​ក៏​ឃើញ​ខ្ញុំ ដូច​លើក​មុន​ដែរ​ខ្ញុំ​ធ្វើ​ជា​មិន​ស្គាល់ តែ​គេ​ស្ទុះ​ក្រោក​មក តែ​ខ្ញុំ​ក៏​ដើរ​ហួស​ទៅ​ដល់​បន្ទប់​ទឹក។ ពេល​ចេញ​មក​វិញ​គេ​នៅ​ឈរ​រង់ចាំ​ខ្ញុំ​នៅ​ខាង​មុខ​បន្ទប់​ទឹក តែ​ខ្ញុំ​ដើរ​ហួស​ធ្វើ​មិន​ឃើញ។ ដើរ​ផុត​បាន ៣ ជំហាន​គេ​ធ្វើ​ជា​ស្រែក​ថា "មក​តាម​ដាន​មែន”? តែ​ខ្ញុំ​ធ្វើ​មិន​ស្គាល់ រួច​ក៏​ហួស​ចេញ​ទៅ ដើរ​មក​ដល់​ផ្លូវ​កាច់​ជ្រុង​ក៏​បុក​បុរស​ម្នាក់ ទាំង​មុខ​មាត់ និង​រូបរាង​ពិតជា​សង្ហា ហើយ​ក៏​សុំទោស​គេ និង​ទៅ​ដល់​តុ ទោះ​ញ៉ាំ​មិន​ទាន់​អស់ តែ​ខ្ញុំ​ហៅ​គេ​គិត​លុយ។

រំលង​បាន ៣ ថ្ងៃ​ពេល​ចុះ​ទៅ​ញ៉ាំ​អាហារ​ថ្ងៃត្រង់​ខ្ញុំ​ក៏​បាន​ជួប​គេ​ឈរ​មុខ​ក្រុមហ៊ុន​ខ្ញុំ ហើយ​បុរស​សង្ហា​ដែល​ខ្ញុំ​បាន​ដើរ​ប៉ះ​ថ្ងៃ​មុន​ក៏​និយាយ​ពាក្យ "សួស្ដី” ធ្វើឲ្យ​ខ្ញុំ និង ទី ទៅ​ជា​ស្រឡាំងកាំង។ ខ្ញុំ​គិត​ថា​ម្នាក់​នោះ​ប្រហែល​ជា​ចង់​ញ៉ែ​ខ្ញុំ ​ហើយ​ខ្ញុំ​ក៏​មិន​ខ្វល់​រហូត​ដល់​ត្រឡប់​ពី​ញ៉ាំ​បាយ​​វិញ​ខ្ញុំ​ឃើញ​ម្នាក់​សង្ហា​នោះ នៅ​ឈរ​និយាយ​ជា​មួយ​នរណា​ម្នាក់​កៀន office ពេល​ដើរ​ជិត​ដល់​ខ្ញុំ​ឮ​សំឡេង​បុរស​ម្នាក់​ដែល​នៅ​បន្ទប់​ធ្វើការ​តែ​ពីរ​នាក់​រាល់ថ្ងៃ នោះ​គឺ រក្សា។ ស្ដាប់​យូរ​ៗ​ទៅ​ទើប​ដឹង​ថា​បុរស​សង្ហា​នោះ គឺ​ប្អូន​ប្រុស​បង្កើត​របស់​រក្សា ខ្ញុំ​ក៏​គិត​រឿង​ឆ្កួត​មួយ​ថា ធ្វើ​យ៉ាង​ណា​ឲ្យ​ប្អូន​ប្រុស​របស់ រក្សា ខូចចិត្ត​ម្ដង ដើម្បី​សងសឹក ដែល​​មេ​ឆ្កួត​នោះ​តែង​ធ្វើ​លើ​ខ្ញុំ។ នេះ​ជា​ការ​គិត​លេង​ៗ​របស់​ខ្ញុំ​ទេ គ្មាន​ចេតនា​ឡើយ។

កំពុងតែ​គិត​សុខ​ៗ ខ្ញុំ​ក៏​បាន​ដើរ​ទៅ​ប៉ះ​គេ​ទៀត តែ​ម្ដង​នេះ​ខ្ញុំ​ធ្វើ​ជា​ញ៉ិកញ៉ក់​ឲ្យ​គេ​ចាប់អារម្មណ៍ វិធី​នេះ​ពិតជា​បាន​ផល​មែន។ ខ្ញុំ​ដួល​ទៅ​ដី ហើយ​គេ​ក៏​ចូល​មក​ជួយ​លើក តែ​គេ​មិន​ដឹង​ខ្លួន​ថា​​ជាប់​អន្ទាក់​ខ្ញុំ​ទេ។ បន្ទាប់​មក​ខ្ញុំ​អរគុណ​គេ ហើយ​ប្អូន​ប្រុស​ដ៏​សង្ហា​របស់ រក្សា ចាប់ផ្ដើម​ញ៉ែ​ខ្ញុំ​ត្រង់​ៗ​ដោយ​គេ​សូម​ណាត់​ញ៉ាំ​បាយ​ល្ងាច​នេះ តែ​ត្រូវ​ខ្ញុំ​បដិសេធ ហើយ​លើក​ណាត់​ទៅ​ញ៉ាំ​បាយ​ស្អែក​វិញ ព្រោះ​ដើរ​ប៉ះ​គេ​ពីរ​ដង។ មុន​នឹង​ទៅ​គេ​បាន​ងាក​មក​សួរ​ថា ខ្ញុំ​ធ្វើការ​នៅ​ទី​នេះ​ដែរ​មែន ខ្ញុំ​ក៏​ឆ្លើយ​ថា​ចា គេ​ប្រាប់​ថា​ថ្ងៃស្អែក​នឹង​ធ្វើឲ្យ​ខ្ញុំ​ភ្ញាក់ផ្អើល។ តាម​ខ្ញុំ​គិត​គេ​ប្រហែល​ជា​ហៅ​បងប្រុស​គេ​មក​ដែរ​ក៏​មិន​ដឹង។

ស្អែក​ម៉ោង​បាយ​ថ្ងៃត្រង់​ដ៏​សែន​អន្ទះសា​បាន​មក​ដល់ ម៉ោង ១១:៥០ នាទី ខ្ញុំ​ឃើញ មេ​ខ្ញុំ​ចេញ​ពី​ការិយាល័យ ហើយ​ដើរ​សំដៅ​ទៅ​ហាង​ដ៏​ធំ​នៅ​ទល់​មុខ​នោះ ហើយ​ក៏​ជា​ហាង​តែ​មួយ​ដែល​ប្អូន​គេ​ណាត់​ខ្ញុំ។ "ចូល​ស៊ង​ទាំង​បង​ទាំង​ប្អូន​ហើយ​តើ" នេះ​ជា​គំនិត​ខ្ញុំ ហើយ​ក៏​ដើរ​តាម​ក្រោយ​គេ​ទៅ។ ពេល​ខ្ញុំ​ទៅ​ដល់​ហាង​មេ​ខ្ញុំ​ពិតជា​ភ្ញាក់ផ្អើល ហើយ​ខ្ញុំ​ក៏​ធ្វើ​ជា​ភ្ញាក់ផ្អើល។ ក្រោយ​បាយ​រួច​ប្អូន​គេ​សុំ​លា​ពួក​ខ្ញុំ​ទៅ​មុន ហើយ​តាម​ផ្លូវ​មក​កន្លែង​ធ្វើការ​វិញ​គេសួរ​ខ្ញុំ​​ថា​ម៉េច​ក៏​មាន​រឿង​បែប​នេះ​កើត​ឡើង ខ្ញុំ​ក៏​ប្រាប់​តាម​ត្រង់​ថា​នោះ​ជា​គម្រោងការ គេ​ពិតជា​ភ្ញាក់ផ្អើល​សម្រាប់​សម្ដី​មុត​ស្រួច​របស់​ខ្ញុំ។ ចាប់តាំង​ពី​ពេលនោះ​ខ្ញុំ​ធ្វើឲ្យ រង្សី គេ​ស្រលាញ់​ខ្ញុំ​យ៉ាង​ងប់ងុល ដោយ​តែងតែ​ឆាត ឬ​និយាយ​ទូរស័ព្ទ​ធ្វើ​ដូចជា​ព្រួយបារម្ភ និង​ខ្វល់​ពី​គេ។

២ ខែ​ក្រោយ​ស្គាល់​គ្នា​ខ្ញុំ​អាច​ដឹង​ថា​ប្អូន​ប្រុស​គេ​ពិត​ជា​ស្រលាញ់​ខ្ញុំ​ខ្លាំង ហើយ​ក៏​ដល់​ពេល​ខ្ញុំ​សុំ​ប្អូន​ប្រុស​គេ​បែកគ្នា។ គ្រាន់តែ​ឮ​ពាក្យ​នេះ បុរស​មាន​មាឌ​ធំ​រាង​សង្ហា​បែរ​ជា​បង្ហូរ​ទឹក​ភ្នែក​នៅ​ចំពោះ​មុខ​ខ្ញុំ​ទៅ​វិញ គេ​ព្យាយាម​សូម​ខ្ញុំ​ត្រូវ​គ្នា ហើយ​សួរ​ពី​ហេតុផល តែ​ខ្ញុំ​ឆ្លើយ​ថា​មកពី​ខ្ញុំ​ចង់​បែក។ ទោះ​ជា​មាត់​ខ្លាំង​តែ​ក៏​រៀង​រំជួល​ចិត្ត​បន្តិច​ដែរ តែ​នៅតែ​ធ្វើ​ជា​ចិត្ត​រឹង​ថា មិន​អាច​ទាក់ទង​គ្នា​បាន​ទៀត​ទេ ព្រោះ​មិន​ចង់​មាន​បញ្ហា​ជាមួយ​បងប្រុស​គេ។

ខ្ញុំ​គិត​ថា រក្សា ប្រាកដជា​និយាយ​ដើម​ខ្ញុំ​ប្រាប់​ប្អូន​ប្រុស​គេ​ហើយ តែ​នោះ​ជា​ការ​គិត​ផ្ទុយ​ស្រឡះ​ព្រោះ​គេ​មិន​ដែល​រំលឹក​រឿង​នោះ​ប្រាប់ រង្សី សូម្បី​តែ​បន្តិច មាន​តែ​និយាយ​ល្អ​ប្រាប់។ មួយ​ខែ​ក្រោយ​ខ្ញុំ​បាន​ប្រកាស​លើ Facebook ថា​ខ្ញុំ​ជិត​រៀបការ​ជាមួយ​សង្សារ​ខ្ញុំ ហើយ​គ្រាន់តែ​ឮ​តំណឹង​នេះ​ភ្លាម រង្សី តេ​មកខ្ញុំ​មក​ឈប់ តែ​ខ្ញុំ​មិន​ទទួល ហើយ​គេ​ក៏​តេ​មក​បងប្រុស​គេ​ដើម្បី​ជួប ហើយ​មេ​ខ្ញុំ​មក​សូម​ឲ្យ​ខ្ញុំ​ទៅ​ជួប​ប្អូន​ប្រុស​គេ ព្រោះ​ពេល​នេះ រង្សី ស្រែក​យំ​ឡូឡា​ដូច​មនុស្ស​ឆ្កួត។

សម្ដី​ដែល​ខ្ញុំ​ឮ​ចេញ​ពី​មាត់ និង​ទឹក​ភ្នែក​បុរស​ដែល​ខ្ញុំ​គិត​ថា​ជា​ព្រាន​នារី ពិតជា​ធ្វើឲ្យ​ខ្ញុំ​ស្លុត​ចិត្ត និង​គិត​ថា​ខ្លួនឯង​មាន​កំហុស​ធ្ងន់​ណាស់។ នៅ​ក្នុង​បន្ទប់​ធ្វើការ​តែ​ពីរ​នាក់ រក្សា ចាប់ផ្ដើម​ដោយ​សំឡេង​បែប​ពិបាក​ទប់​អារម្មណ៍​មិន​ចង់​យំ តែ​ភ្នែក​ក្រហម​បាត់​ទៅ​ហើយ "ហេតុអ្វី​អូន​ធ្វើ​បែប​នេះ? ទោះ​ដឹង​ថា​អូន​មាន​សង្សារ​ហើយ​ក៏​បង​នៅតែ​តាម​ស្រលាញ់, បង​ស៊ូ​ទ្រាំ​ឈឺចាប់​ស្រលាញ់​អូន​ទាំង​គេ​មាន​ម្ចាស់, អូន​ឃើញ​បង​បណ្ដើរ​ស្រី​ថ្មី​នោះ​មិន​មែន​បង​ចង់​ធ្វើ​ឡើយ តែ​ព្រោះ​បង​ចង់ឲ្យ​អូន​កាត់​ចិត្ត និង​សាង​ជីវិត​ដ៏​ល្អ​ជាមួយ ទី បង​ក៏​សម្រេច​ចិត្ត​ដើរ​ចេញ។” គេ​និយាយ​បណ្ដើរ​ស្រក់​ទឹកភ្នែក​ម៉ាត់​ៗ​នៅ​ចំពោះ​មុខ​ខ្ញុំ "អូន​ធ្វើ​បាប​បង​តែ​ម្នាក់​ឯង​មិន​អស់​ចិត្ត ទៅ​ទាក់ទង​ប្អូន​បង​ឲ្យ​គ្នា​ស្ទើរ​ក្លាយ​ជា​មនុស្ស​ឆ្កួត​ម្នាក់​ទៀត ទាំង​មិន​ដឹង​អី, ព្រោះ​តែ​ស្រលាញ់​អូន បង​សុខចិត្ត​បែកគ្នា​នឹង​មិត្ត​ស្រី​ដែល​ស្រលាញ់ រស់នៅ និង​តស៊ូ​ជាមួយ​គ្នា​ជិត ១០ ឆ្នាំ, អូន​ផ្អែមល្ហែម​ជាមួយ​សង្សារ​នៅ​នឹង​មុខ​បង បង​មិន​ទាំង​ថា​អី​ផង។ ពេល​អូន​ឃើញ​បង​នៅ​ជាមួយ​ស្រី​ផ្សេង​បង​គិត​ថា​អូន​ប្រហែល​ជា​កាត់​ចិត្ត​ពី​បង​បាន​ហើយ តែ​ហេតុ​អី​អូន​នៅ​ធ្វើ​ឲ្យ​ក្មេង​ប្រុស​អាយុ ២៣ ឆ្នាំ មិន​ដឹង​អី​សោះ​នោះ​មក​ឈឺចាប់​ព្រោះ​ស្នេហា​គ្រា​ដំបូង​របស់​គេ? រឿង​រវាង​យើង​ទាំងពីរ​បង​មិន​ហ៊ាន​ប្រាប់​ប្អូន​បង​ឡើយ បង​សង្ឃឹម​ថា​អូន​និង​គេ​អាច​ទៅ​មុខ​បាន​ល្អ ជាង​នេះ តែ​អូន​មក​ផ្ដាច់​ចំ​ពេល​មនុស្ស​ស្រលាញ់​ខ្លាំង ឥឡូវ​វា​ស្ទើរតែ​សម្លាប់​ខ្លួន​ទៅ​ហើយ។ហេតុអី???????????? ហេតុ​អី​មនុស្ស​ដូច​អូន​ចិត្ត​អាក្រក់​យ៉ាង​នេះ”?

ខ្ញុំ​បាន​ត្រឹមតែ​ខំ​មាត់​រក​និយាយ​អ្វី​មិន​ចង់ ដើរ​ចេញ​ទៅ​សម្ងំ​យំ​ក្នុង​បន្ទប់​ទឹក​ម្នាក់​ឯង​រាប់ម៉ោង ហើយ​ពេល​មក​ដល់​បន្ទប់​វិញ រក្សា ក៏​ចេញ​ទៅ​បាត់​ទៀត ធ្វើឲ្យ​ខ្ញុំ​គិត​ថា ខ្លួនឯង​ពិត​ជា​អាក្រក់​ពេក​ហើយ។ និយាយ​តាម​ត្រង់​ខ្ញុំ​មិន​បាន​ស្រលាញ់ រក្សា ខ្លាំង​អី​ណាស់ណា​ទេ តែ​ហេតុអី​ខ្លួនឯង​ចិត្ត​ខ្មៅ​ធ្វើឲ្យ​គេ​ឈឺចាប់​បែប​នេះ​ទៅវិញ។ ចុងក្រោយ​ខ្ញុំ​មាន​វិប្បដិសារី​ដែល​ធ្វើឲ្យ​មនុស្ស​ប្រុស ៣ នាក់ និង​នារី​ម្នាក់​ខូច​ចិត្ត។ ចង់​ប្រាប់​ថា​ខ្ញុំ​មិន​បាន​ដឹង​ថា រក្សា ស្រលាញ់​ខ្ញុំ​ខ្លាំង​ដល់​ថ្នាក់​នេះ​ឡើយ ហើយ​អ្វី​ដែល​សោកស្ដាយ​បំផុត​គឺ​ធ្វើឲ្យ រង្សី ដែល​គ្នា​ទើប​ស្គាល់​ស្នេហ៍​គ្រា​ដំបូង បែរ​ជា​ជិត​ក្លាយ​ជា​មនុស្ស​ឆ្កួត​ទៅ​វិញ រឹតតែ​មិន​ដឹង​ថា​តើ​នារី​ម្នាក់​នោះ​ឈឺចាប់​ប៉ុណ្ណា​ពេល​បាត់បង់​មនុស្ស​ប្រុស​ដែល​ខ្លួន​ខំ​លះបង់​ខ្លួន​ប្រាណ និង​ពេលវេលា​មក​រាប់​ឆ្នាំ ជាពិសេស​ចង់​សុំទោស​ចំពោះ ទី ដែល​ធ្លាប់​ក្បត់​ចិត្ត​បង តែ​បង​មិន​ប្រកាន់​ខឹង និង​នៅតែ​ស្រលាញ់​ខ្ញុំ​ដូច​ដើម៕

ផ្ដល់ឲ្យ​ពី​មនុស្ស​ស្រី​ដ៏​សែន​ឃោរឃៅ!

អត្ថបទ៖ ទ្រី រ៉ាវី