តោះ! មក​ស្គាល់​ស្រី​ស្អាត៧​រូប​ដែល​​​​ល្បី​​ខ្លាំង​ក្នុង​វិស័យ​កីឡា​អន្តរជាតិ

  • 2017-04-25 06:31:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អាច​និយាយ​បាន​ថា​នៅ​ក្នុង​វិស័យ​កីឡា​ គេ​តែង​ផ្ដោត​​លើ​តែ​​សមត្ថភាព​ជាង​​​​​សម្រស់​ ប៉ុន្តែ​ចំពោះ​កីឡា​ការិនី​ទាំង​៧​ខាង​ក្រោម​នេះ​វិញ​គឺ​​អាច​ខុស​ពី​ការ​រំពឹង​របស់​អ្នក​រាល់​គ្នា។ ពួក​នាង​មាន​ទាំង​សម្រស់​ស្រស់​ស្អាត​ ព្រម​ទាំង​សមត្ថភាព​ពូកែ​​ដែល​​ធ្វើ​ឲ្យ​​​គេ​ទទួល​​ការ​ចាប់​អារម្មណ៍​​យ៉ាង​ច្រើន​ពី​ទស្សនិកជន។​ ​​

​ ​១. Allison Rebecca Stokke៖ កើត​នៅ​ថ្ងៃ​ទី ២២​ មីនា​ ឆ្នាំ​ ១៩៨៩​ សញ្ជាតិ​អាមេរិក។​ នាង​គឺ​ជា​កីឡា​ការិនី​លោត​រំលង​បង្គោល​​ដ៏​ជំនាញ​ម្នាក់​ដែល​ធ្លាប់​បំបែក​កំណត់ត្រា​នៅ​អាមេរិក​​ ហើយ​នាង​ក៏​​ជា​តារា​ម៉ូដែល​​ម្នាក់​ផង​ដែរ។ កំណត់​ត្រា​​ល្អ​បំផុត​​របស់​នាង​គឺ​នៅ​កម្ពស់​ ៤.៣៦​ ម៉ែត្រ​កាល​ពី​​ឆ្នាំ​ ២០១២។​ ជាមួយ​ទេពកោសល្យ​ និង​សម្រស់​ដ៏​ស្រស់​ស្អាត​ Allison​ បាន​ទទួល​ភាព​ល្បី​ល្បាយ​លើ​អ៊ីនធឺណិត​យ៉ាង​​រហ័ស។​

២. Sabina Altynbekova៖ ​ជា​សមាជិក​របស់​ក្រុម​ស្ត្រី​បាល់ទះ​ប្រទេស​កាហ្សាក់ស្ថាន។ នាង​កើត​នៅ​ថ្ងៃ​ទី ៥​ វិច្ឆិកា​ ឆ្នាំ​ ១៩៩៦ ​ហើយ​នៅ​ឆ្នាំ ២០១៤ គឺ​​ជា​ពេល​ដំបូង​ដែល​នាង​មាន​ឱកាស​បង្ហាញ​ខ្លួន​តំណាង​ប្រទេស​ក្នុង​កម្មវិធី​ប្រកួត​​​​​​ Asian Junior Women's Volleyball Championship។ ដោយ​សារ​​ទេពកោសល្យ​ និង​សម្រស់​ដ៏​ស្រស់​ស្អាត​ Sabina​ បាន​ទទួល​ចំណាប់​​អារម្មណ៍​ជា​ពិសេស​ពី​​​ទស្សនិកជន។​

៣. Alexandra Botez៖ កើត​នៅ​ថ្ងៃ​ទី​ ២៤​ កញ្ញា​ ឆ្នាំ​ ១៩៩៥​ និង​​អ្នក​លេង​អុក​ដ៏​ជំនាញ​ម្នាក់​ជន​ជាតិ​កាណាដា។​ Alexandra​ ធ្លាប់​ឈ្នះ​ពាន​រង្វាន់​លេង​អុក​ថ្នាក់​ជាតិ​ស្ត្រី​៥​ដង​ ព្រម​ទាំង​ធ្លាប់​ឈ្នះ​​​នៅ​អាមេរិក​តាំង​ពី​នាង​អាយុ​ ១៥​ ឆ្នាំ​ម្ល៉េះ​។ មាន​ម្ដង​នោះ​នាង​ធ្លាប់​ប្រាប់​​ថា​រយៈពេល​វែង​បំផុត​ដែល​នាង​លេង​អុក​គឺ​ប្រហែល​ជា​ ៦​ ម៉ោង​កន្លះ​ហើយ​ជា​ទូទៅ​ ការប្រកួត​អុក​ត្រូវ​ចំណាយ​ពេល​យ៉ាង​យូរ​​​៤​ម៉ោង​ប៉ុណ្ណោះ។​

៤. Gronya Somerville៖ ​កើត​នៅ​ថ្ងៃ​ទី​ ១០​ ​ឧសភា​ ឆ្នាំ​ ១៩៩៥​ នៅ​ទី​ក្រុង Melbourne ប្រទេស​អូស្ត្រាលី​។ ស្រី​ស្អាត​រូប​នេះ​គឺ​ជា​កីឡា​ការិនី​វាយ​សី​ជា​គូ​ ហើយ​នាង​មាន​ម្ដាយ​ជា​ជនជាតិ​អង់គ្លេស​ និង​ឪពុក​ជា​ជនជាតិ​ចិន​។ Somerville ត្រូវ​បាន​គេ​ចាប់​អារម្មណ៍​ដំបូង​តាម​រយៈ​ទេពកោសល្យ​​ពិសេស​របស់​នាង​ទាំង​ពី​អាយុ​​ប្រហែល​១២​-១៣​​ឆ្នាំ​ម្ល៉េះ។​ ក្រោយ​មក​ Somerville បាន​ឈ្នះ​មេដាយ​មាស​វាយ​សី​ជា​គូ​នារី​នៅ​ក្នុង​កម្មវិធី​ Oceania Badminton Championshiops ​ឆ្នាំ​ ២០១៤។

៥. Lokelani McMichael៖ កើត​នៅ​ខែ​ តុលា​ ឆ្នាំ​ ១៩៩៥ នៅ​រដ្ឋ​ហាវ៉ៃ​។ នាង​ជា​កីឡា​ការិនី​​ទ្រីយ៉ាថ្លុង(រួម​បញ្ចូល​ទាំង​ហែល​ទឹក​ រត់​ និង​ជិះកង់)​ ជា​អ្នក​ជិះ​ស្គី​លើ​ទឹក​ និង​ជា​តារា​ម៉ូដែល​ទៀត​ផង។​ Lokelani ​បាន​ចូល​រួម​ប្រកួត​កីឡា​ ទ្រីយ៉ាថ្លុង ​ដំបូង​នៅ​អាយុ​ ១៨​ ឆ្នាំ​ ហើយ​ក៏​ទទួល​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​រហូត​​ជាប់​ឈ្មោះ​នៅ​សៀវភៅ​ឯកត្តកម្ម​ពិភពលោក​ Guinness ថា​ជា​បេក្ខនារី​ក្មេង​បំផុត​ដែល​អាច​បញ្ចប់​​ការ​ប្រកួត​ ទ្រីយ៉ាថ្លុង ក្នុង​កម្មវិធី Ironman បាន។​ រីឯ​វិស័យ​ម៉ូដែល​វិញ​​ នាង​ក៏​បាន​លេច​មុខ​លើ​ទស្សនាវដ្ដី​ល្បី​ៗ​ដូច​ជា GQ, Shape, Triathlete, Runner's World, Men's Health និង​ទស្សនាវដ្ដី​ល្បី​ៗ​មួយ​ចំនួន​ទៀត។​

៦. Beatriz Feres និង Branca Feres៖ ស្រី​ស្អាត​​កូន​ភ្លោះ​ទាំង​ពីរ​នេះ​ក៏​​ល្បី​ល្បាញ​ដោយ​សារ​តែ​ទេពកោសល្យ​ដ៏​ច្រើន​របស់​នាង​ដែរ​រួម​មាន​ដូច​ជា​ ហែលទឹក(សំដែង​កាយ​វិការ) ​ តារា​ម៉ូដែល​ និង​ជា​តារា​សម្ដែង។​ ពួក​គេ​កើត​នៅ​ថ្ងៃ​ទី​ ២២ ​កុម្ភៈ​ ឆ្នាំ​ ១៩៨៨ នៅ​ប្រទេស​ប្រេស៊ីល ហើយ​ធ្លាប់​ឈ្នះ​ជា​ជើង​ឯក​ហែល​ទឹក​ប្រចាំ​ប្រទេស​ប្រេស៊ីល​ ព្រម​ទាំង​ទទួល​បាន​លេខ​ពីរ​ក្នុង​កម្មវិធី​ Pan American Junior Games ក្នុង​រដ្ឋ​ Orlando កាល​ពី​ឆ្នាំ ២០០៥ ​ទៀត​ផង។​

៧. Rina Takeda៖​​ ជា​តារា​សម្ដែង​ផង និង​ជា​កីឡា​ការិនី​​ការាត់តេ​ផង។ ស្រី​ស្អារ​រូប​នេះ​កើត​នៅ​ថ្ងៃ​ទី​ ១៥​​ ​មិថុនា​ ឆ្នាំ​ ១៩៩១ នៅ​ប្រទេស​ជប៉ុន។​ Takeda បាន​ចាប់​អារម្មណ៍​លើ​កីឡា​ការាត់តេ​តាំង​ពី​អាយុ​១០​ឆ្នាំ​ ហើយ​ប្រឹងប្រែង​រហូត​ទទួល​បាន​ខ្សែ​ក្រវាត់​ខ្មៅ​កម្រិត​ Ryukyu (ឈ្មោះ​កម្រិត​​ការាត់តេ​នៅ​ជប៉ុន)។​ លើ​ផ្នែក​សម្ដែង​ ​នាង​បាន​លេច​មុខ​ក្នុង​ខ្សែ​ភាពយន្ត​ជប៉ុន​ដំបូង​នៅ​ឆ្នាំ​ ២០០៩​ ហើយ​ក៏​ទទួល​ការ​គាំ​ទ្រ​ជា​បន្តបន្ទាប់​ដោយ​សារ​តែ​នាង​មាន​​​ភាព​ប៉ិនប្រសព្វ​ក្នុង​ការ​សម្ដែង​​តួ​ផ្សេង​គ្នា​ជា​ច្រើន៕

ប្រភព៖ Wikipedia | stanforddaily ប្រែ​សម្រួល៖ Chhai Yarith

អត្ថបទពេញនិយម