រឿង ៨ យ៉ាងដែលបងស្រី មិនដែរប្រាប់យើងនោះទេ
- 2017-04-15 03:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿង ៨ យ៉ាងដែលបងស្រី មិនដែរប្រាប់យើងនោះទេ
ពេលខ្លះមានអារម្មណ៍ថាយើងមិនមែនត្រូវស្ដាប់ឪពុកម្ដាយតែមួយទេ តែត្រូវស្ដាប់បងស្រីទៀត។ វាពិតជាគួរឲ្យធុញមែនពេលគ្មានសិទ្ធអ្វីសោះបែបនេះ ប៉ុន្តែប្រហែលអ្នកមិនដឹងទេថាមានរឿងច្រើនណាស់ដែលបងស្រីត្រូវដោះស្រាយ ហើយគាត់ក៏មិនដែលបង្ហាញចេញមកដែរ។
១. គាត់ត្រូវទទួលវិន័យតឹងតែងជាងយើង៖ ដោយសារជាកូនដំបូង ហើយឪពុកម្ដាយយើងមិនមានបទពិសោធន៍ កូនបងត្រូវទទួលវិន័យយ៉ាងតឹងតែងព្រោះខ្លាចខូច។ សម្រាប់យើងកើតមកក្រោយ វិន័យក៏មិនសូវតឹងដូចមុនដែរ ព្រោះប៉ាម៉ាក់យើងមានបទពិសោធន៍ច្រើនហើយ។
២. គាត់តែងត្រូវឪពុកម្ដាយរំឭកជានិច្ចពីរឿងមើលថែប្អូន៖ បងស្រីត្រូវតែឆ្លាត មានទំនួលខុសត្រូវ និងផ្ដល់អ្វីដែលខ្លួនមានទៅប្អូនទោះគាត់មិនចង់ក៏ដោយ។ តាំងពីយើងនៅតូច គាត់មិនហ៊ានបង្កសំឡេងខ្លាំងទេខ្លាចប្អូនភ្ញាក់ ជួយស្លៀកពាក់ និងជូនប្អូនទៅរៀន ជួយធ្វើការងារសាលា និងការទទួលខុសត្រូវផ្សេងៗរាប់មិនអស់។
៣. គាត់ត្រូវធ្វើជាគំរូល្អសម្រាប់ប្អូនៗ៖ ពេលខ្លះគាត់មិនអាចធ្វើអ្វីតាមតែចិត្តចង់ទេ។ គាត់ត្រូវគិតគូរគ្រប់ពេលអំពីសកម្មភាពផ្សេងៗព្រោះទង្វើរបស់គាត់អាចជះឥទ្ធិពលយ៉ាងខ្លាំងដល់ប្អូនៗ។
៤. យើងគឺជាបន្ទុកដ៏ធ្ងន់សម្រាប់គាត់៖ ទោះបីពេលខ្លះនិយាយទៅដូចចាក់ទឹកលើក្បាលទាក៏ដោយ ក៏គាត់នៅតែព្យាយាមពន្យល់យើងដែរព្រោះខ្លាចប្អូនខូច។
៥. ជួនកាលគាត់ត្រូវធ្វើជាអាជ្ញាកណ្ដាល៖ ពេលយើងមានរឿងជាមួយឪពុកម្ដាយគឺគ្មាននរណាសម្របសម្រួលក្រៅពីបងស្រីទេ។ ទោះយើងធ្វើខុសក៏គាត់នៅតែព្យាយាមពន្យល់ប៉ាម៉ាក់តាមដែលអាចធ្វើបានដែរ។
៦. គាត់ព្រួយពេលយើងធំឡើង ហើយចាប់ផ្ដើមមានស្នេហា៖ មិនមែនមិនចង់ឲ្យប្អូនមានសង្សារទេ តែគាត់ព្រួយពេលឃើញយើងឈឺចាប់។
៧. ត្រូវតឹងរឹងជាមួយប្អូនគ្រប់ពេល៖ យើងអាចមានអារម្មណ៍ថាគាត់គ្មានខ្វល់ពីយើងសោះ តែតាមពិតគាត់កំពុងបង្រៀនយើងឲ្យរឹងមាំ និងចេះជួយខ្លួនឯង។
៨. តែងត្រៀមជួយយើងជានិច្ច៖ បើមានបញ្ហា គាត់នឹងផ្ដល់ជំនួយឲ្យយើងភ្លាមដោយមិនគិតពីខ្លួនឯងនោះទេ។
ដូចនេះ មិនថាមានរឿងអ្វីកើតឡើងទេ បងស្រីតែងថែរក្សា និងបារម្ភពីប្អូនជានិច្ច។ អ្វីដែលអ្នកគួរធ្វើគឺស្រឡាញ់គាត់ឲ្យច្រើនៗ៕