ស្ដាប់មនុស្សស្រី និយាយរឿងដែលពួកគេបារម្ភក្នុងពេលចូលឆ្នាំម្តងៗ
- 2017-04-12 07:48:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ដាប់មនុស្សស្រី និយាយរឿងដែលពួកគេបារម្ភក្នុងពេលចូលឆ្នាំម្តងៗ
ប្រហែលជាប្រុសៗ មិនបានគិតដល់ចំណុចប៉ុន្មាននេះទេមើល៍ទៅ? តែសម្រាប់មនុស្សស្រីយើងវិញតែងតែគិត បារម្ភខ្លាំង ពិសេសក្នុងខែបុណ្យទានតែម្ដង។ ចង់ដឹងមានរឿងអ្វីខ្លះ? តោះស្ដាប់ស្រីមួយក្រុមដែលគាត់នឹងចែករំលែកក្តីបារម្ភពាក់ព័ន្ធលើរឿងមួយនេះ ៖
រក្សា៖ ខែបុណ្យទានអញ្ចឹង គ្រប់គ្នាដឹងតែសប្បាយចិត្ត ហើយបន់ឲ្យតែបានមកដល់ស្រុកកំណើត តែសម្រាប់ខ្ញុំតែងបារម្ភពីថ្លៃចំណាយ ថ្លៃធ្វើដំណើរ និងការចាយវាយផ្សេងៗទៀត។ ណាមួយខាងប្ដីផង ខាងឯងនេះផង ហើយបើយើងទៅដៃទទេគឺមិនសម។ តែទោះជាអត់ម៉េចក៏ស្រវេស្រវាត្រូវតែទៅដែរ ។
រង្សី៖ មិនបារម្ភមិនបានទេ ទៅស្រុកម្ដងៗខ្លាចតែចោរលួចគាស់ផ្ទះ ព្រោះថ្ងៃធម្មតានៅមាន ទម្រាំខែបុណ្យទានអញ្ចឹង តែប្រហែសចប់ហើយ ។
ណារ៉ា៖ ដោយសារស្រុកខ្ញុំនៅជិតដែរ អញ្ចឹងខ្ញុំជិះម៉ូតូទៅលេងស្រុក តែមានរឿងមួយដែលម៉ែគាត់ភ័យនិងបារម្ភ គឺចរាចរណ៍ គាត់តែងនិយាយផ្ដាំហើយផ្ដាំទៀតឲ្យជិះយឺតៗ ទោះដល់ផ្ទះជ្រេម៉ោងក៏ដោយ ព្រោះគ្រោះថ្នាក់ឥលូវសាហាវៗណាស់។
សូរិយា៖ សម្រាប់ខ្ញុំទោះប្រយ័ត្នម៉េច ក៏នៅតែមិនសុខក្នុងចិត្តដែរ ព្រោះទៅស្រុកច្រើនថ្ងៃបារម្ភខ្លាចតែរឿងអគ្គីភ័យហ្នឹងហ្មង ខ្លាចតែផ្ទុះសេ ឬមានបញ្ហាណាមួយទេ ព្រោះ អ្នកជិតខាងក៏ទៅស្រុកគេអស់ ដូចគ្នាដែរ។
ស្រីមាស៖ ឆ្នាំណាក៏ដូចឆ្នាំណាដែរ ដល់ខែនេះ ទ្រូងចង់ប្រេះ ព្រោះខ្លាចលោកប្ដីគាត់ផឹកស៊ីជុំបងប្អូន រហូតដល់ស្រវឹង និងទាស់មាត់ទាស់កនឹងគ្នា តែយើងឃាត់មិនទាន់អាចនឹងមានហិង្សាក៏ថាបាន។
វិមាន៖ ពេលខ្លះមិនចង់ទៅស្រុកទេ បារម្ភនិងខ្លាចបំផុតគឺថ្ងៃមកវិញ ដឹងតែហូរទឹកភ្នែកហើយ ព្រោះចិត្តមិនចង់បែកពីពុកម៉ែជរានៅស្រុកនោះទេ តែធ្វើម៉េច ដើម្បីក្រពះនិងអនាគត ត្រូវតែមកធ្វើការវិញ។
តើនៅមានរឿងអ្វីទៀត ស្រីៗយើងបារម្ភ និងយកចិត្តទុកដាក់បំផុត នារដូវបុណ្យទាន?