ឆ្នាំថ្មីជិតមកដល់ហើយ តោះ! ស្រីៗយើងត្រៀមរណ្តាប់ទទួលទេវតា
- 2017-04-07 06:42:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឆ្នាំថ្មីជិតមកដល់ហើយ តោះ! ស្រីៗយើងត្រៀមរណ្តាប់ទទួលទេវតា
ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំរកានេះ នព្វស័ក ព.ស ២៥៦១ នឹងឈានចូលមកដល់នឹងចូលមកដល់នៅថ្ងៃសុក្រ ៣រោច ខែចែត្រ ត្រូវនឹងថ្ងៃទី ១៤ ខែមេសា ឆ្នាំ ២០១៧នេះ វេលាម៉ោង ០៣:១២នាទី។ តើបងប្អូនស្រ្តីយើងបានត្រៀមរណ្តាប់ទទួលទេវតាហើយឬនៅ?
បើតាមសៀវភៅមហាសង្ក្រាន្តឆ្នាំថ្មី២០១៧ បានបង្ហាញថាទេវតាឆ្នាំថ្មីនេះ ព្រះនាម កិមិរាទេវី ជាបុត្រីទី៦នៃកបិលមហាព្រហ្ម ទ្រង់សោយចេកណាំវ៉ា ហើយទ្រង់គង់ផ្ទំបិទព្រះនេត្រលើខ្នង មហឹង្សា (ក្របី) ជាពាហនៈ ចំណែកឯព្រះហស្តស្ដាំទ្រង់កាន់ព្រះខ័ន្ធ រីឯព្រះហស្តឆ្វេងទ្រង់កាន់ពិណ។
តាមទំនៀមពីបុរាណរៀងមក ប្រជាពលរដ្ឋខ្មែរតែងរៀបចំតុបតែងផ្ទះសម្បែង និងរណ្តាប់ទទួលទេវតាឆ្នាំថ្មី ដើម្បីមានសិរីសួស្តី និងសុំពរជ័យពីទេវតាឆ្នាំថ្មី។
ចំពោះរណ្ដាប់ទទួលទេវតាឆ្នាំថ្មី ត្រូវរៀបក្រាលសំពត់ពណ៌ស ហើយរៀបចំនូវគ្រឿងសក្ការបូជា ដូចជា៖
បាយសី៥ថ្នាក់មួយគូ
បាយសី ៣ថ្នាក់មួយគូ
បាយសីប៉ាឆាមមួយគូ
ស្លាធម៌មួយគូ
ទឹកអប់មួយគូ ទៀន៥ ធូប៥ ផ្កា៥ ដាក់លើជើងពានមួយគូ
ចេកនួន ចេកណាំវ៉ា
ផ្លែឈើគ្រប់មុខ
ដូងឡៅ១គូ
ទឹកស្អាតពីរកែវ
នៅគ្រប់ដង្វាយទាំងអស់ត្រូវដាក់ផ្កាម្លិះភួងគ្រប់ដង្វាយ នៅលើជើងពាននិងលើបាយសីត្រូវដោតទៀនហើយដុតបំភ្លឺ។
នៅវេលាម៉ោងដែលទេព្តាចុះមក គ្រួសារនីមួយៗត្រូវជួបប្រជុំគ្នា ដើម្បីថ្វាយបង្គំព្រះនមស្សការព្រះរតនត្រ័យសមាទានសីល ហើយតាំងចិត្តឱ្យបានស្អាតបរិសុទ្ធ ជ្រះស្រឡះនូវមន្ទិលទាំងពួង ចិត្តរំពឹងគិតទៅលើព្រះពុទ្ធ ព្រះធម៌ព្រះសង្ឃជាទីពឹងទីរឭក លុះចប់ពិធីទទួលទេវតា ទើបទទួលបាននូវសេចក្ដីសុខ សុភមង្គល៕