​ជា​សង្សារនឹង​គ្នា ហេតុអ្វី​បាន​ប្រុស​ៗ​មិន​ចូលចិត្ត​បង្ហាញ​ឲ្យ​គេ​ដឹង​ពី​​ទំនាក់ទំនងស្នេហា?

  • 2017-03-16 03:18:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គូស្នេហ៍​ភាគច្រើន​គឺ​បែបនេះ ខាង​ប្រុស​ៗ​មិន​ចង់ ឬ​មិន​សូវ​បង្ហាញ​ពី​ស្នេហា​របស់​ខ្លួន​ឲ្យ​អ្នក​ដទៃ​បាន​ដឹង​ទេ តែ​ខាង​ស្រី​បែរ​ជា​ចង់​ឲ្យ​គេ​ដឹង​ពី​ស្នេហា​ខ្លួន​ទៅ​វិញ។ តើ​នេះ​មក​ពី​ហេតុអ្វី? អាន​ការ​បកស្រាយ​របស់​ប្រុស​ៗ​ទាំង ៦ នាក់​ខាងក្រោម ស្រី​ៗ​នឹង​យល់​កាន់តែ​ច្បាស់៖

អាឡិច៖ «ស្រី​ៗ​ច្រើនតែ​គិត​ថា​យើង​មិន​សូវ​ស្រលាញ់​គេ តែ​តាម​ពិត​ស្រលាញ់​គេ​ឡើង​ចង់​ឆ្កួត​ខ្លួន​ឯង​ហើយ គ្រាន់តែ​មិន​ចង់​បង្ហាញ ព្រោះ​គេ​ថា​ប្រុស​ៗ​ចូលចិត្ត​ប្រច័ណ្ឌ​ច្រើន។ ហឹមម.... គិត​ទៅ​ប្រុស​ៗ​ចាំ​តែ​ខុស​ហួងហែង​ពេក​គេ​ធុញ មិន​សូវ​ហួងហែង​ថា​គេ​មិន​ស្រលាញ់​ ស្រី​ៗ​ពិបាក​យល់ចិត្ត​មែន»។

រូបតំំណាង

**សុធី**៖ «ពេល​ខ្លះ​មនុស្ស​ប្រុស​មិន​ចង់​បង្ហាញ ព្រោះ​គេ​គិត​មិនទាន់​ច្បាស់​ថា​នារី​ម្នាក់​នោះ​ពិត​ជា​គូ​អនាគត របស់​គេ​ឬ​អត់​ទេ។ មួយ​វិញ​ទៀត អាច​ថា​មក​ពី​ប្រុស​ៗ​​ចង់​ទុក​ផ្លូវ​ផ្សេង​សម្រាប់​ខ្លួនឯង ដើម្បី​ទៅ​ទាក់ទង​ស្រី​ផ្សេង​ទៀត​ក៏​មាន»។

សុក្រិត៖ «សម្រាប់​ប្រុស​ៗ​មិន​ចង់​បង្ហាញ​ពី​ទំនាក់ទំនង​ដូច​ស្រី​ៗ ព្រោះ​មាន​ហេតុផល​ច្រើន​ណាស់៖ ទី១ គិត​ដល់​កិត្តិយស​គេ បើ​បែប​គ្នា​ទៅ​គាត់​នឹង​ខូច​ឈ្មោះ ទី២ ចង់​ទុក​ពេល​មើល​ចិត្ត​ថ្លើម​គ្នា​ឲ្យ​ច្បាស់​ថា​ប្រាកដ​អាច​ដឹកដៃ​គ្នា​ចូល​រោង​ការ​បាន​អត់។ ទី៣​ទុក​ពេល​ឲ្យ​គេ ក៏​ដូចជា​ទុក​ពេល​ឲ្យ​ខ្លួន​ឯង​ដែរ និង​នៅ​មាន​ហេតុផល​ច្រើន​ទៀត»។

ស៊ីដែន៖ «មិន​មែន​ថា​មិន​ចង់​បង្ហាញ​ទេ តែ​ខ្លាច​ពេល​បង្ហាញ​ទៅ​ស្នេហា​បែរ​ជា​មិន​ដូច​បំណង ធ្វើឲ្យ​យើង​ខូចចិត្ត។ ស្រី​ៗ​ច្រើន​តែ​គិត​ថា​ពេល​បែក​គ្នា​ខាង​ប្រុស​មិន​ចេះ​ខូច​ចិត្ត នោះ​ជា​រឿង​មិន​ពិត​ទេ តាមការពិត​ប្រុស​ៗ​ហ្នឹងហើយ​ឈឺចាប់​ជាង​ស្អី​ទៅ​ទៀត»។

រូបតំណាង

សុខរស់៖ «ហេហេហេហេ សម្រាប់​ខ្ញុំ​បើ​នៅ​តែ​ពីរ​នាក់​ចេះតែ​បង្ហាញ​ហើយ តែ​បើ​នៅ​ចំពោះ​មុខ​អ្នក​ដទៃ​មិន​បង្ហាញ ព្រោះ​ខ្ញុំ​អៀន​អ្នក​ដែល​មើល​មក​ពួក​ខ្ញុំ។ គេ​ចូលចិត្ត​និយាយ​ថា ប្រុស​ៗ​មិន​ដឹង​ចេះ​អៀន​អី​ទេ? តែ​ប្រុស​ៗ​នឹង​ហើយ​ពូកែ​អៀន»។

បុត្រា៖ «អាច​ថា​មកពី​ខ្ញុំ​មិន sweet ដូច​គេ​ក៏​មិន​ដឹង ទើប​មិន​ដឹង​ថា​បង្ហាញ​ការ​ស្រលាញ់​ចំពោះ​មិត្ត​ស្រី​យ៉ាង​ម៉េច។ តែ​ក្នុង​ចិត្ត​ខ្ញុំ​មិន​អាច​ខ្វះ​គាត់​បាន​ឡើយ»៕

អត្ថបទ៖ ទ្រី រ៉ាវី