ទៅ​មើល​ខ្សែ​ជីវិត​ដ៏​អស្ចារ្យ​របស់​ ត្រចៀកកាំ តារា​ស្រី​មាន​ទ្រព្យ​ច្រើន​ជាង​គេ​នៅ​ចិន

  • 2017-02-24 02:21:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​មួយ​ចំនួន​លើ​ពិភពលោក​បាន​ក្លាយ​ជា​បុគ្គល​ល្បី​ដោយ​សារ​រូប​សម្រស់ ហើយ​ខ្លះ​ទៀត​បាន​ក្លាយ​ជា​បុគ្គល​ស្រស់​ស្អាត​ដោយ​សារ​ខួរ​ក្បាល ការ​តាំង​ចិត្ត និង​ការ​តស៊ូ​របស់​ពួក​គេ។ ជួប​ជាមួយ​ Vicki Zhao តារា​សម្ដែង​វ័យ​៤០​ឆ្នាំ​ដែល​បាន​ឈរ​ជើង​លើ​អាជីព​ដ៏​អស្ចារ្យ​នេះ​ក្នុង​នាម​ជា​តារា​សម្ដែង​ល្បី​ជាង​គេ​នៅ​ប្រទេស​ចិន អ្នក​ដឹកនាំ​ភាពយន្ត តារា​បង្ហាញ​ម៉ូដ និង​ជា​វិនិយោគិន​ដ៏​ជោគជ័យ។​

ចំពោះ​អ្នក​គាំទ្រ​ភាពយន្ត​និង​រឿង​ភាគ​របស់​នាង Vicki Zhao ឬ Zhao Wei ត្រូវ​បាន​ចាត់​ទុក​ជា​ "តារា​ជាតិ​សម័យ​ទំនើប​លំដាប់​ទី​មួយ​របស់​ចិន" ប៉ុន្តែ​ក្នុង​ពិភព​ជំនួញ នាង​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា "Buffett របស់​ប្រទេស​ចិន" ដែល Buffett សំដៅ​លើ​​មហាសេដ្ឋី​អ្នក​វិនិយោគ​ផ្នែក​សិល្បៈ​ដ៏​ជោគជ័យ​នៅ​អាមេរិក Warren Buffett។​​

នាង​បាន​រៀបការ​ជាមួយ​ស្វាមី ជា​អ្នក​ជំនួញ​ឈ្មោះ Huang Youlong ​​កាល​ពី​ឆ្នាំ​២០០៨ នៅ​ប្រទេស​សិង្ហបុរី ដែល​ទ្រព្យ​សម្បត្តិ​របស់​ពួក​គេ​ទាំង​ពីរ​សរុប​ចូល​គ្នា​គឺ​ប្រមាណ​ជាង ១ពាន់​លាន​ដុល្លារ ដែល​ភាគ​ច្រើន​គឺ​ជា​ភាគហ៊ុន​ក្នុង​ក្រុមហ៊ុន Alibaba Pictures ដែល​ជា​ការ​សហការ​របស់​ Zhao Wei ​ជាមួយ​មហាសេដ្ឋី Jack Ma ដែល​ជា​មិត្ត​ជិតស្និទ្ធ។

ការ​វិនិយោគ​​ផ្សេង​ៗ​ទៀត​របស់​ប្ដី​ប្រពន្ធ​មួយ​គូ​នេះ​មាន​ដូច​ជា​ វិស័យ​អចលនទ្រព្យ រោងចក្រ​ស្រា​ទំពាំងបាយជូរ​នៅ​បារាំង និង​​ហាង​លក់​គ្រឿង​អលង្ការ​នៅ​ប្រទេស​សិង្ហបុរី។ Zhao ក៏​ជា​តារា​ម៉ូដែល​ដ៏​ជោគជ័យ​មួយ​រូប​ដែរ ដោយ​នាង​បាន​ផ្សព្វផ្សាយ​ឲ្យ​ផលិតផល​ល្បី​​ៗ​លើ​ពិភពលោក​ជាង ១២០​យីហោ។

Zhao និង Huang មាន​កូន​ស្រី​ម្នាក់​ឈ្មោះ April, ដែល​បាន​កើត​ក្នុង​ខែ​មេសា ឆ្នាំ​២០១០

កើត​ក្នុង​ខេត្ត​អានហ៊ុយ ប្រទេស​ចិន Zhao គឺ​ជា​គ្រូ​មត្តេយ្យ​មួយ​រូប​នៅ​អាយុ ១៧ឆ្នាំ ដែល​ពេល​នោះ​អ្នក​ដឹកនាំ​ភាពយន្ត​មួយ​រូប​បាន​ចូល​មក​ក្នុង​ភូមិ​របស់​នាង​ដើម្បី​ស្វែង​រក​តារា​បន្ថែម។ ដំបូង​ឡើយ Zhao មាន​ចំណាប់​អារម្មណ៍​លើ​ការ​សម្ដែង ប៉ុន្តែ​ក៏​មិន​ជឿជាក់​ថា​ខ្លួន​ឯង​មាន​សម្រស់​ស្រស់​ស្អាត​គ្រប់គ្រាន់​នឹង​អាច​ក្លាយ​ជា​តារា​សម្ដែង​មួយ​រូប​បាន។ “ខ្ញុំ​គិត​ថា​តារា​សម្ដែង​ស្រី​ត្រូវ​តែ​មាន​សម្រស់​ស្អាត ​ចំណែក​ខ្លួន​ខ្ញុំ​គ្រាន់​តែ​មាន​មុខ​មាត់​សាមញ្ញ​ៗ"។ ​

នាង​បាន​ចាប់​ផ្ដើម​អាជីព​សម្ដែង​ជា​តួ​រាយរង​ម្នាក់ ហើយ​បន្ទាប់​ពី​លា​ឈប់​ពី​ការងារ នាង​ក៏​បាន​ផ្លាស់​មក​រស់​នៅ​ទីក្រុង​សៀងហៃ ដើម្បី​សិក្សា​នៅ​សាលា​ភាពយន្ត។ មុន​អាយុ ២០ឆ្នាំ នាង​បាន​ទទួល​ពិន្ទុ​យ៉ាង​ខ្ពស់​សម្រាប់​ការ​ប្រឡង​ចូល​រៀន​នៅ​សាលា​បណ្ឌិត​សភា​ភាពយន្ត​ទីក្រុង​ប៉េកាំង (Beijing Film Academy) ដ៏​ល្បីល្បាញ រហូត​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ផ្នែក​ដឹកនាំ​ភាពយន្ត។​

ភាពជោគជ័យ​ខ្លាំង​របស់​នាង​បាន​ចាប់​ផ្ដើម​ក្នុង​អំឡុង​ទសវត្ស​ឆ្នាំ​១៩៩០​ តាម​រយៈ​ភាពយន្ត​ភាគ​រឿង​ “ព្រះ​នាង​យេយេ” ដែល​នាង​សម្ដែង​ជាមួយ Fan Bingbing និង​បាន​ក្លាយ​ជា​តារា​សម្ដែង​ស្រី​វ័យ​ក្មេង​បំផុត​ដែល​បាន​ឈ្នះ​ពាន Golden Eagle ដែល​ស្មើ​នឹង​កម្មវិធី Emmy Award របស់​ហូលីវូដ សម្រាប់​ប្រទេស​ចិន។

Zhao ដែល​ជា​ពុទ្ធសាសនិក​មួយ​រូប គឺ​ជា​អ្នក​ហូប​បួស​មួយ​រូប​ដែរ និង​ជឿ​ថា​គន្លឹះ​សំខាន់​ក្នុង​ការ​រក្សា​សម្រស់​គឺ​ការ​រស់​នៅ​ដោយ​ថែ​ទាំ​សុខភាព​រាងកាយ​ពី​ខាង​ក្នុង​មក។

ខណៈ​ដែល​នាង​ចេញ​សម្ដែង​ក្នុង​ភាពយន្ត​ល្បី​ៗ​ជា​ច្រើន Zhao Wei ក៏​បាន​ចេញ​អាល់ប៊ុម​​ចម្រៀង​ចំនួន ៧​ មុន​ឆ្នាំ​២០០៩ និង​ធ្លាប់​បាន​ជាប់​ចំណាត់ថ្នាក់​កំពូល​លើ​តារាង​ចម្រៀង​ចិន​ទៀត​ផង។

Zhao បាន​ចាប់​ផ្ដើម​ដឹកនាំ​រឿង​ដំបូង​ក្នុង​ឆ្នាំ​២០១៣ តាម​រយៈ​ភាពយន្ត​មនោសញ្ចេតនា “So Young” ដែល​ទទួល​បាន​ជោគជ័យ​យ៉ាង​ខ្លាំង​លើ​តារាង​ Box Office ចិន និង​ក្លាយ​ជា​ភាពយន្ត​រក​ចំណូល​បាន​ច្រើន​ជាង​គេ​លំដាប់​ទី​៥​របស់​ចិន​នា​ពេល​នោះ។

ក្រៅ​ពី​ភាព​ជោគជ័យ​ខ្លាំង​ក្នុង​អាជីព Zhao ក៏​បាន​ចូលរួម​ក្នុង​ការងារ​មនុស្សធម៌​ជា​ច្រើន​ដែរ ជាមួយ​អង្គការ​នានា​រួម​មាន​ គម្រោង​ក្ដី​សង្ឃឹម​របស់​មូលនិធិ​យុវជន​ចិន មូលនិធិ​សម្រាប់​កុមារ​របស់​អង្គការ​សហប្រជាជាតិ និង​កាកបាទ​ក្រហម​ប្រទេស​ចិន ៕

ប្រភព៖ Nextshark

ប្រែសម្រួលៈ វ៉ាន់ថន

អត្ថបទពេញនិយម