ស្រី​ៗ​ដឹង​អត់​ថា ​សង្សារ​ចូលចិត្ត​ឲ្យ​យើង Makeup ក្រាស់​ៗ ឬ​ស្ដើង​ៗ?

  • 2017-02-20 05:09:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពេល​ចូលរួម​ក្នុង​កម្មវិធី​ម្ដង​ៗ ស្រី​ចំណាយ​ពេល​យ៉ាង​ច្រើន​ទៅ​លើ​ការ​ផាត់​មុខ​ធ្វើ​សក់ ដើម្បី​ឲ្យ​មើល​ទៅ​ស្អាត។ ក្នុង​ការ​ផាត់​មុខ​នេះ​មាន​ពីរ​ជម្រើស គឺ​ផាត់​មុខ​ក្រាស់​(ផាត់​មុខ​សិចស៊ី) ឬ​ស្ដើង(ផាត់​មុខ​បែប​ធម្មជាតិ)។ តើ​ស្រី​ៗ​យើង​ដឹង​អត់​ថាមនុស្ស​ប្រុស​ចូលចិត្ត​ឲ្យ​សង្សារ​ខ្លួន Makeup របៀប​ណា?

គីមឡុង​៖ «ពេល​ទៅ​ចូលរួម​កម្មវិធី​អី​ផ្សេង​ៗ​ជាមួយ​ខ្ញុំ ខ្ញុំ​តែង​ប្រាប់​ឲ្យ​មិត្ត​ស្រី​ផាត់​មុខ​ស្ដើង​ៗ​បែប​ធម្មជាតិ​ទៅ​បាន​ហើយ ហើយ​សក់​នោះ​ទៀត​មិន​បាច់​ធ្វើ​អី​ច្រើន​ទេ គាប​ទម្លាក់​មក​បាន​ហើយ។ ខ្ញុំ​គិត​ថា​មនុស្ស​ស្រី​ធ្វើ​ខ្លួន​ប៉ុណ្ណឹង​គឺ​ស្អាត​ណាស់​ទៅ​ហើយ»។

សត្យា៖ «ចំពោះ​ខ្ញុំ​អត់​ចូលចិត្ត​ឲ្យ​សង្សារ​ធ្វើ​ខ្លួន​ខ្លាំង​ឡើយ។ តែ​ពេល​ទៅ​ចូលរួម​កម្មវិធី​មង្គលការ ឬ​ជប់លៀង​ធំ​ៗ​ខ្ញុំ​ស្រលាញ់​ការ​ផាត់​មុខ​សិចស៊ី ហើយ​ស្លៀកពាក់​មើល​ទៅ​លេចធ្លោ​ជាង​គេ​ទៅ ព្រោះ​យូរ​ៗ​ធ្វើ​ខ្លួន​ម្ដង ចឹង​លេង​ឲ្យ​អស់​ដៃ​ហ្មង»។

សីលា៖ «ខ្ញុំ​ចូលចិត្ត​ឲ្យ​មិត្ត​ស្រី​ធ្វើ​ខ្លួន​ធម្មតា​ៗ​វិញ។ ខ្ញុំ​ខ្លាច​ពេល​គាត់​ធ្វើ​ខ្លួន​ខ្លាំង​ពេក​ទៅ ពេល​ទៅ​ណា​មក​ណា​ជាមួយ​គ្នា​ខ្ញុំ​មិន​សម​នឹង​គាត់ ព្រោះ​គាត់​ស្អាត​ស្រាប់ ហើយ​ខ្ញុំ​មិន​សូវ​សង្ហា​ផង»។

រូបតំណាង

**ភក្រ្តា**៖ «ផាត់​មុខ​ក្រាស់ ឬ​ស្ដើង​គាត់​នៅ​តែ​ជា​សង្សារ​ខ្ញុំ​នឹង ហើយ​គាត់​ចូលចិត្ត​មួយ​ណា​ក៏​បាន​ដែរ។ តែ​ខ្ញុំ​គ្រាន់តែ​រំលឹក​គាត់​ថា​បើ​កម្មវិធី​ធំដុំ​យើង​ធ្វើ​ខ្លួន​ឲ្យ​មើល​ទៅ​ស្អាត​ជាង​រាល់ដង​ទៅ។ តែ​បើ​កម្មវិធី​ធម្មតា​ៗ​ល្មម​ៗ​បាន​ហើយ ខ្លាច​គេ​មើល​មក​យើង​ជា​មនុស្ស​ចម្លែក»។

សុខលីម៖ «ហឹមមម ពិបាក​និយាយ​ថា​ចូលចិត្ត​បែប​ណា ឬ​មិន​ចូលចិត្ត​បែប​ណា​ណាស់ ព្រោះ​ជា​សិទ្ធ​ផ្ទាល់​ខ្លួន​របស់​គាត់។ តែ​សម្រាប់​ខ្ញុំ​ចូលចិត្ត​ធម្មតា​ៗ មិន​ឆើតឆាយ​ពេក ហើយ​ក៏​មិន​អន់​ពេក​ដែរ​ឲ្យតែ​ចូល​គេ​ចុះ​បាន​ហើយ»។

បញ្ញា៖ «សម្រាប់​ខ្ញុំ​ឲ្យ​តែ​ធ្វើ​ខ្លួន​ទៅ​ស្អាត យ៉ាង​ម៉េច​ក៏​បាន​ដែរ​កុំឲ្យ​ទៅ​ទាំង​ធម្មតា​ពេក។ តែ​បើ​ជ្រុង​ជា makeup ហើយ​ធ្វើឲ្យ​ស្អាត​ទៅ ព្រោះ​មិន​មែន​មាន​ឱកាស​ធ្វើ​រាល់ថ្ងៃ​ណា»៕

រូបតំណាង

អត្ថបទ៖ ទ្រី រ៉ាវី