នារីវ័យក្មេង បំបែកកំណត់ត្រាដើរលេងបានគ្រប់ប្រទេសលើពិភពលោកដោយប្រើរយៈពេលខ្លីបំផុត
- 2017-02-13 07:20:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នារីវ័យក្មេង បំបែកកំណត់ត្រាដើរលេងបានគ្រប់ប្រទេសលើពិភពលោកដោយប្រើរយៈពេលខ្លីបំផុត
ស្ត្រីអ្នកទេសចរដ៏ក្លាហានមួយរូបបានបំបែកកំណត់ត្រាពិភពលោកដោយក្លាយជាបុគ្គលដំបូងដែលបានធ្វើដំណើរទៅប្រទេសទាំង ១៩៦លើពិភពលោកដោយប្រើរយៈពេលលឿនបំផុត គឺត្រឹមតែ ១៨ខែ និង២៦ថ្ងៃ។
ស្ត្រីវ័យ ២៧ឆ្នាំឈ្មោះ Globetrotter Cassie De Pecol មកពីទីក្រុងវ៉ាស៊ីងតោន បានចាប់ផ្ដើមការធ្វើដំណើររបស់នាងកាលពីខែកក្កដា ឆ្នាំ២០១៥ និងទើបតែបញ្ចប់បេសកម្មមួយនេះ ដោយបានធ្វើដំណើរទៅប្រទេសដែលមានអធិបតេយ្យភាពទាំង ១៩៣ប្រទេសលើពិភពលោក រួមទាំង តៃវ៉ាន់ កូសូវ៉ូ និងប៉ាឡេស្ទីន។
នារីវ័យក្មេងរូបនេះ មិនត្រឹមតែជាបុគ្គលដែលធ្វើដំណើរទៅប្រទេសទាំង ១៩៦ ដោយប្រើរយៈពេលលឿនបំផុតនោះទេ ប៉ុន្តែក៏ជាបុគ្គលដំបូងដែលចាប់ផ្ដើមការធ្វើដំណើរបែបនេះផងដែរ និងបានបង្ហើបពីគម្រោងបន្ទាប់ថា នឹងធ្វើដំណើរផ្សងព្រេងទៅទ្វីបអង់តាកទិច។
គិតត្រឹមខែកុម្ភៈ ឆ្នាំ២០១៧ Cassie បានបំបែកកំណត់ត្រាពិភពលោក Guinness ជាមួយគម្រោង “បេសកកម្ម ១៩៦” របស់នាង និងបានចែករំលែករឿងរ៉ាវពីការធ្វើដំណើរទាំងមូលរបស់នាងលើបណ្ដាញសង្គម។
នាងបានលាឈប់ពីការងារក្រុមហ៊ុនកាលពីឆ្នាំ២០១២ និងបានងាកមកធ្វើដំណើរផ្សងព្រេងចាប់ពីខែកក្កដា ឆ្នាំ២០១៥ ដោយប្រើប្រាស់ប្រាក់សន្សំផ្សេងៗ និងប្រាក់ឧបត្ថម្ភពីការផ្សព្វផ្សាយផលិតផលមួយចំនួន។
ជាសរុប នាងបានចំណាយប្រាក់អស់ ១៩៨ ០០០ដុល្លារសម្រាប់ការផ្សងព្រេងនេះ ដែលក្នុងនោះប្រាក់ ១ម៉ឺនដុល្លារ គឺបានមកពីការងារមើលថែកូនឲ្យគេ។
នាងបាននិយាយអំពីការបំបែកកំណត់ត្រានេះថា “បើទោះជាខ្ញុំមិនបានក្លាយជាស្ត្រីដំបូងគេដែលបានធ្វើដំណើរជុំវិញពិភពលោក ប៉ុន្តែខ្ញុំអាចទទួលបាននូវអារម្មណ៍ជោគជ័យ និងការស្ងើចសរសើរយ៉ាងធំធេង”។
“ខ្ញុំគ្រាន់តែសង្ឃឹមថា ខ្ញុំអាចជំរុញទឹកចិត្តស្ត្រីវ័យក្មេង នៅជុំវិញពិភពលោកឲ្យពុះពារដើរតាមក្ដីស្រមៃ និងយកឈ្នះការគិតរបស់មនុស្សគ្រប់គ្នាដែលយល់ថាមានតែបុរសទេដែលអាចធ្វើរឿងបែបនេះបាន” ៕
ប្រភព៖[Dailymail] http://www.dailymail.co.uk/femail/article-4216708/Traveller-woman-visit-country.html?ito=social-facebook