កាដូ​ត្រូវប៉ាន់ថ្ងៃបុណ្យនៃក្តីស្រលាញ់

  • 2017-02-09 09:03:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បុណ្យ​នៃ​ក្ដី​ស្រលាញ់​កៀក​នឹង​មក​ដល់​ក្នុង​ពេល​ឆាប់​ៗ​នេះ ចុះ​មាន​ដឹង​អត់​ថា​កាដូ​អ្វី​ដែល​ពេញ​និយម​ជាង​គេ​ក្នុង​ឆ្នាំ​នេះ​?

តាម​សម្ដី​របស់​បុគ្គលិក​លក់​វត្ថុ​អនុ​ស្សាវរីយ៍​នៅ​ហាង​ Pink​​​ House ក្បែរ​សាលា​បាក់​ទូក​បាន​ប្រាប់​កញ្ញា​ថា​៖ ឆ្នាំនេះ​មិន​ខុស​ពី​ឆ្នាំ​មុន​ៗ​ទេ​ មាន​សូ​កូ​ឡា​ប្រអប់ ជា​ពិ​សេស​គឺ​តុក្កតា​​ដែល​​ជា​​គោលដៅ​របស់​យុវវ័យ​យើង ជា​ពិសេស​ប្រុស​ៗ គ្រាន់​តែ​ពួក​គាត់​រើស​ម៉ូដ​​ខុសៗគ្នា​តែ​ប៉ុណ្ណោះ ។

រឺ​ឯ​អ្នកនាង​ពិសី​ម្ចាស់ តូប​លក់​សៀវ​ភៅ​​និង​វត្ថុ​អនុ​ស្សាវរីយ៍ នៅ​ក្រោយ​សាលា​សន្ធ​​ម៉ុក​វិញ​បាន​លើកឡើង​ថា​ ៖ «តូប​បង​លក់​ដាច់​ភាគ​ច្រើនស៊ុម​រូប​ថត នាឡិកា កែវ​ថ្ម ឬ​ក៏​តុក្កតា តូចៗល្មម បើ​អា​ធំ លក់​មិន​សូវ​ចេញ​ទេ​ព្រោះ​​វា​ថ្លៃ​តិច​ អញ្ចឹង​គ្នា​ជា​សិស្សសាលា ទិញ​តា​អា​ល្មម​ៗ​ហ្នឹង»។

ចំណែក​កញ្ញា​ ណៃ​ហៀក ជា​អ្នកលក់​ផ្កា​និយាយ​​ថា៖ ​ឆ្នាំ​មុន លក់​ដាច់​ណាស់​ផ្កា​កុលាប រក​អ្នក​ខ្ចប់​មិន​ទាន់ តែ​ឆ្នាំ​នេះ​មិន​ហ៊ា​ននិយាយ​ដែរ ព្រោះ​អ្នក​លក់​ច្រើន​ទៅ​ៗ តែ​ក៏​មាន​អ្នក​មក​កក់​ផ្កា​ជា​បន្ត​បន្ទាប់​ច្រើន​គួរ​សម​ដែរ។

ធីតា ៖ សម្រាប់​ខ្ញុំ​ចង់​ឲ្យ​មិត្ត​ប្រុស​ទិញបាច់​ផ្កា(កុលាប​ក្រហម) វា​អាច​តំណាង​ឲ្យ​ក្ដី​ស្រលាញ់​យ៉ាង​មុះ​មុត​ ព្រោះ​​វត្ថុ​អនុ​ស្សាវរីយ៍​ ឬ​ក៏​តុក្កតា​អី​អស់​ហ្នឹង​អាច​ឲ្យ​ថ្ងៃ​ផ្សេង​ក៏​បាន ដូចជាខួបកំណើត បុណ្យ​សិទ្ធិ​នារី ឬ​ក៏​បុណ្យ​ណូ​អែល​ជាដើម។

បើ​អ្នកស្រី វី អ្នក​លក់​មី​ឆា​ក្បែរ​ផ្សារ​ដើម​គរ ប្រាប់​ថា៖ ខ្ញុំអត់​ស្គាល់​ទេ​បុណ្យ​អី​អស់​ហ្នឹង​ហើយ​ក៏​មិន​ចង់​បាន​អី​ពី​ប្ដី​ដែរ​ សុំ​ត្រឹម​មក​ញាំ​បាយ​ល្ងាច​នៅ​ផ្ទះឲ្យ​បាន​ញឹក​ញប់​ជាង​នេះ ហើយ​ចង់​ឲ្យ​កូន​ៗ​ឧស្សាហ៍​មក​លេង​ម៉ែ​ផង។ នេះ​ជា​កាដូ​ដែល​អ្នកស្រី ចង់​បាន​ពី​ស្វាមី​និង​កូន​គាត់។

ចុះប្រិយមិត្តកញ្ញាចង់បានកាដូអីដែរថ្ងៃនោះ?

​​

អត្ថបទៈ តាំង ដាលីន