ពេល​ប្ដី​មាន​ស្រី ​ក្នុង​នាម​យើង​ជា​ប្រពន្ធ​គួរ​ធ្វើ​បែប​ណា​ខ្លះ​ទើប​អូសទាញ​បាន​មក​វិញ?

  • 2017-02-01 03:59:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពាក្យ​ចាស់​ពោល​ថា "ទុក្ខ​អ្វី​មិន​ស្មើ​ទុក្ខ​ប្ដី​មាន​ស្រី” ពិត​ជា​មិន​ខុស​មែន។ តោះ​មក​មើល​ការ​រៀបរាប់​របស់​ស្ត្រី​ៗ​ដែល​ធ្លាប់​ឆ្លងកាត់​រឿង​នេះ និង​វិធី​ទាញ​ស្វាមី​មក​វិញ៖

អ្នកស្រី ស្រីមុំ អាយុ ៣៤ ឆ្នាំ​មុខរបរ​ត្រឹម​អ្នក​លក់​ដូរ​បន្តិចបន្តួច​នៅ​ផ្ទះ ហើយ​ស្វាមី​អ្នក​ស្រី​មាន​តំណែង​ជា GM ក្នុង​ក្រុម​ហ៊ុន​ល្បី​ឈ្មោះ​មួយ​បាន​ឲ្យ​ដឹង​ថា"ពេល​ប្ដី​មាន​ស្រី ​បង​ស្ទើរតែ​ឆ្កួត​ហើយ ប្ដី​ធ្លាប់​ដេក​ឱប​ជាប់​ទ្រូង បែរ​ជា​ស្រី​ផ្សេង​ដណ្ដើម​យក​ទៅ​ឱប​វិញ​តើ​ស្រី​ណា​អាច​ធ្វើ​ចិត្ត​បាន។ តែ​បង​មាន​វិធី​ទាញ​ប្ដី​មក​វិញ​បាន ដំបូង​យើង​ត្រូវ​តាំង​ស្មារតី​ឲ្យ​រឹងមាំ​សិន មិន​បាច់​ទៅ​វ៉ៃ ទៅ​ជេរ​គេ​ទេ ហៅ​តែ​ប្ដី​យើង​មក​និយាយ​ទល់​មុខ​គ្នា​ជា​កំហិត រំលឹក​គ្រា​ផ្អែមល្ហែម និង​ធ្វើឲ្យ​ឃើញ​ថា​ស្រី​ដែល​គាត់​កំពុង​ទាក់ទង​នោះ​ចង់​បាន​តែ​ប្រាក់​ប៉ុណ្ណោះ។ ហើយ​វិធី​មួយ​ទៀត​គឺ ប្រាប់​ម្ដាយ​ឪពុក​ក្មេក​បង ឲ្យ​ពួក​គាត់​និយាយ​ជាមួយ​កូន​គាត់។ ព្រោះ​យើង​ជា​កូន​ប្រសា​ស្រី​ពេញ​មុខ​មាត់ ដូចនេះ​គាត់​ប្រាកដជា​ជ្រើសរើស​យើង”។

ចំណែក​អ្នកស្រី គន្ធា ដែល​មាន​ស្វាមី​ជា​បុគ្គលិក​ធនាគារ​ប្រាក់ខែ​ជាង ២ ពាន់​ដុល្លារ​បាន​បង្ហើប​តិចនិក​ខ្លះ​ៗ​ថា "ស្រី​ដែល​ចាំ​តែ​ទាក់​ប្ដី​គេ ចង់​បាន​តែ​លុយ​ប៉ុណ្ណោះ។ ចឹង​ពេល​ប្ដី​បង​មាន​ស្រី បង​ប្រាប់​ប្ដី​ឲ្យ​ទៅ​សាក​ចិត្ត​ស្រី​ម្នាក់​នោះ​សិន បើ​គេ​ស្រលាញ់​ស្មោះ​ចាំ​ឲ្យ​គាត់​មក​​លែងលះ ហើយ​ឲ្យ​គាត់​ប្រាប់​គេ​ថា​គាត់​មាន​តែ​ខ្លួន​ទេ លុយ,ឡាន,ផ្ទះ,ដី អី​ប្រគល់​ឲ្យ​ប្រពន្ធ​កូន​អស់។ ចាំ​មើល​ស្រី​នោះ​ទទួល​គាត់​ទៀត​អត់។ គាត់​ធ្វើ​តាម​សម្ដី​បង​ប្រាប់​មែន ហើយ​លទ្ធផល​គឺ​គេ​មិន​ទទួល​គាត់ ដូចនេះ​ទើប​គាត់​ភ្ញាក់​ខ្លួន។ តាំងពី​ពេល​នោះ​មក​ឈប់​មើល​ស្រី​ផ្សេង”។

ខុស​ពី​វិធី​អ្នក​ស្រី ស្រីមុំ និង គន្ធា អ្នកនាង ធានី ដែល​​ទើប​រៀបការ​បាន ៣ ឆ្នាំ តែ​ជួប​ប្រទះ​រឿង​ស្វាមី​មាន​ស្រី​បាន​ចែករំលែក​វិធី​ប្លែក​ដោយ​ប្រាប់​ស្វាមី​ថា "បើ​បង​មាន​ស្រី​ក្រៅ​ផ្ទះ​បាន ខ្ញុំ​ក៏​ទៅ​រក​ប្រុស​នៅ​ក្រៅ​ផ្ទះ​ដែរ ហើយ​បើ​បង​យក​លុយ​ឲ្យ​ស្រី ខ្ញុំ​ក៏​យក​លុយ​ឲ្យ​ប្រុស​ដែរ។ បើ​បង​ចង់​លែង Ok ស្វាគមន៍​ជានិច្ច។ ខ្ញុំ​និយាយ​តែ​ប៉ុណ្ណឹង​គឺ​ចប់​ឈប់​និយាយ ហើយ​គាត់​ក៏​លែង​រវីរវល់​នឹង​ស្រី​ៗ​ផ្សេង​ទៀត​ដែរ​ទៅ។ តែ​ជាចុងក្រោយ​សូម​ផ្ដាំផ្ញើ​ទៅ​បង​ៗ ឬ​ប្អូន​ៗ​សុភាព​ស្ត្រី​ទាំង​ឡាយ​ថា​ទោះ​មាន​ប្ដី កូន ​ហើយ​ក៏​ដោយ​កុំ​បណ្ដោយ​ខ្លួន​ឲ្យ​រយីករយាក​អី ព្រោះ​លោក​ប្ដី​កំហូច​នឹង​យក​លេស​នេះ​ទៅ​មាន​ស្រី​ក្រៅ​បាន។ តែ​បើ​យើង​នៅ​តែ​ស្អាត ហើយ​មាន​ការងារ មាន​ចំណូល​ប្រចាំ​ថ្ងៃ​គេ​មិន​ហ៊ាន​ខ្លាំង​ជាមួយ​យើង​ទេ។”

ស្ត្រី​វ័យ​កណ្ដាល សុខ វណ្ណី បាន​ចែក​រំលែក​បទពិសោធន៍​មួយ​ទាក់ទង​នឹង​គ្រួសារ​ចង់​បែកចាន​បែក​ឆ្នាំង​នេះ​ថា"ដំបូង​យើង​ធ្វើ​ជា​មិន​ដឹង​មិន​ឮ​សិន ក្រោយ​មក​មិន​ចាំ​បាច់​និយាយ​អ្វី​ទាំងអស់​ជាមួយ​ប្ដី មិន​បាច់​គេង​ជាមួយ​គ្នា ឲ្យ​គេ​ទៅ​ណា​ក៏​ទៅ​ៗ។ ដល់​ពេល​គេ​ទ្រាំ​មិន​បាន​ឲ្យ​គេ​មក​និយាយ​ជាមួយ​យើង​មុន ចាំ​យើង​ចាប់ផ្ដើម​សួរ​ថា​ចង់​លែង​គ្នា ឬ​យ៉ាង​ម៉េច​ប្រាប់​មក។ តែ​មិន​ត្រូវ​ប្រគល់​កូន​ឲ្យ​គេ​ឡើយ។ បើ​គេ​ទៅ​មែន ឲ្យ​គេ​ទៅ​ចុះ តែ​មុន​គេ​ទៅ​ប្រាប់​ថា​យើង​នៅ​ចាំ​គេ​នៅ​ទី​នេះ។ ចុងក្រោយ​គ្រួសារ​មីង​ក៏​បាន​វិល​មក​មែន ព្រោះ​ស្រី និង​ប្រពន្ធ​ខុស​គ្នា”៕

អ្នក​ប្រិយមិត្ត​ណា​ទៀត​ធ្លាប់​មាន​រឿង​នេះ ជួយ​ប្រាប់​វិធី​ផ្សេងផង!

អត្ថបទ៖ ទ្រី រ៉ាវី

អត្ថបទថ្មី