បើអាច អូនចង់បានកូនតុក្កតាពីបងទៀត
- 2017-02-01 03:38:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បើអាច អូនចង់បានកូនតុក្កតាពីបងទៀត
ខ្ញុំធ្លាប់មានមិត្តប្រុសម្នាក់កាលនៅរៀននៅឡើយ។ គេឈ្មោះ ឧសភា តែខ្ញុំហៅគេ May ជាឈ្មោះក្រៅខ្ញុំដាក់ឲ្យ។ គេជាបុរសដែលឆក់យកចិត្តខ្ញុំតាំងពីស្គាល់ដំបូងម្ល៉េះ តែស្នេហាយើងមិនជារលូនប៉ុន្មានទេ ព្រោះខ្ញុំគ្រាន់តែជាស្ត្រីម្នាក់ក្នុងចំណោមស្រីជាច្រើនទៀតប៉ុណ្ណោះ។ ដោយសារតែរូបរាងសង្ហា និងទឹកចិត្តល្អ មានមនុស្សស្រីជាច្រើនតែងមកស្និទ្ធស្នាលនឹងគេ ហើយវាធ្វើឲ្យខ្ញុំមិនសប្បាយចិត្តទាល់តែសោះ។
« May! ចង់ទៅញ៉ាំអីជាមួយគ្នាទេ?»
«អត់បានទៅទេ!»
«ម៉េចចឹង? អត់ចង់នៅក្បែរញុំមែន?» ខ្ញុំសួរបញ្ជាក់។
«ទេ! បងប្រញាប់ទៅជួបមិត្តភ័ក្ដិ។»
ខ្ញុំនៅស្ងៀម ទឹកមុខស្មើ។ គេតែងបែបនេះ ហើយថែមទាំងជួបស្រីផ្សេងនៅនឹងមុខខ្ញុំធ្វើដូចជាមិនមានរឿងអ្វីកើតឡើង។ ពាក្យ «ស្រឡាញ់» គឺចេញតែពីមាត់ខ្ញុំប៉ុណ្ណោះ។ តាំងពីថ្ងៃចាប់ផ្ដើមមកទល់ពេលនេះ ខ្ញុំមិនដែលឭពាក្យថា «បងស្រឡាញ់អូន» ម្ដងណាឡើយ។ ប៉ុន្តែ មានរឿងមួយដែលខ្ញុំមិនយល់ គឺគាត់តែងឲ្យកូនតុក្កតាខ្ញុំរាល់ថ្ងៃមិនដែលខានឡើយ។
«ញុំស្រឡាញ់បងឯង!» ខ្ញុំនិយាយព្រោះចង់ដឹងការឆ្លើយតបរបស់គាត់។
«អូន.....អឺម...អត់អីទេ។ នេះ កូនតុក្កតា....!»
គាត់ដូចជាចង់និយាយអ្វីម្យ៉ាង តែក៏បាត់ទៅវិញ ហើយហុចកូនតុក្កតាឲ្យខ្ញុំ។ អញ្ចឹងទៀតហើយ! ខ្ញុំទទួលតុក្កតារាល់ថ្ងៃឡើងពេញបន្ទប់ទៅហើយ តែចិត្តខ្ញុំចង់បានពាក្យបីម៉ាត់នោះជាងកូនតុក្កតាអស់នេះ។ ខ្ញុំពិតជាមិនយល់ទេ?
ថ្ងៃខួបកំណើតគម្រប់១៨ឆ្នាំរបស់ខ្ញុំក៏មកដល់។ បន្ទាប់ពីជប់លៀងជាមួយគ្រួសារបន្តិចបន្តួច ខ្ញុំក៏ចូលទៅបន្ទប់រង់ចាំគេ Call មកទាំងចិត្តរសាប់រសល់ តែមិនឃើញសោះរហូតដល់ខ្ញុំគេងលក់ទាំងកាន់ទូរស័ព្ទ។ ម៉ោង២យប់ សំឡេងទូរស័ព្ទក៏រោទ៍ឡើង។
«អាឡូ...»
«ចេញមកក្រៅម៉ាភ្លេតបានអត់?»
សំឡេង May ធ្វើឲ្យខ្ញុំស្ទុះងើបឡើងទាំងមិងមាំង ដើរមកក្រៅ។
«នេះ! យកទៅ។ បងភ្លេចឲ្យអូនកាលពីម្សិលមិញ។»
វាគឺជាកូនតុក្កតាទៀតហើយ។ ខ្ញុំសម្លឹងមុខគេ សួរទាំងខឹង ថា៖
«បងដឹងថាថ្ងៃនេះជាថ្ងៃអីអត់?»
គេធ្វើមុខមិងមាំង។ ខ្ញុំពិតជាស្រងាកចិត្តណាស់។ ខ្ញុំនិយាយបន្ត៖
«បងអាចនិយាយបានទេ ថាបងស្រឡាញ់ខ្ញុំ?»
គេមិននិយាយអ្វីសោះក្រៅពីឆ្លើយយ៉ាងខ្លីថា៖
«បងធ្វើមិនកើតទេ។ បើអូនមិនពេញចិត្ត អូនអាចជ្រើសរើសអ្នកផ្សេងបាន។» គេបែរខ្នងហើយដើរចេញទៅ។ ទឹកភ្នែកខ្ញុំក៏ចាប់ផ្ដើមស្រក់ ។ គំនិតរាប់រយលេចឡើងក្នុងខួរក្បាលខ្ញុំ។ តើគេពិតជាមិនស្រឡាញ់ខ្ញុំទេមែនទេ? ហេតុអ្វីគ្រាន់តែពាក្យបីម៉ាត់សោះ? ហេតុអ្វីគេធ្វើបែបនេះ?..
រយៈពេលជាងមួយខែហើយដែលខ្ញុំមិនបាន Call ឬ និយាយរកគាត់។ ប៉ុន្តែថ្ងៃណាក៏ខ្ញុំទទួលបានកូនតុក្កតាដាក់ចោលនៅនឹងមុខផ្ទះដែរ។ ក្នុងផ្ទះខ្ញុំគឺសុទ្ធតែកូនតុក្កតាទាំងនោះតែខ្ញុំមិនដែលខ្វល់ពីពួកវាឡើយ។
ថ្ងៃមួយគេឈរចាំនៅក្បែរចំណតឡានក្រុងជិតផ្ទះរបស់ខ្ញុំ។ ខ្ញុំព្យាយាមរំងាប់ចិត្ត ធ្វើដូចជាមិនស្គាល់។ គាត់ញញឹម ហើយហុចកូនតុក្កតាឲ្យខ្ញុំ ធ្វើដូចគ្មានរឿងអ្វីកើតឡើង។
«ខ្ញុំមិនត្រូវការរបស់នេះទេ ហើយចេញឲ្យឆ្ងាយពីខ្ញុំទៅ» ខ្ញុំចាប់កូនតុក្កតានោះ ហើយគ្រវែងវាចោលទៅលើថ្នល់។ មិនដូចពេលមុនទេ គាត់ទម្លាក់ទឹកមុខចុះ។
«បងសុំទោស!» គាត់និយាយហើយក៏ដើរទៅរើសតុក្កតានោះ។
ខ្ញុំស្រែក៖
«រើសវាធ្វើអី? ឆាប់បោះវាចោលទៅ។»
គេមិនស្ដាប់ខ្ញុំទេ ហើយនៅតែបន្តដើរទៅរើសវា។
ស្រាប់តែរំពេចនោះ៖ ទីន ៗៗៗៗៗៗ...
សំឡេងស៊ីផ្លេឡានដឹកទំនិញធំមួយបន្លឺឡើយ។ ខ្ញុំស្រែកភ្លាត់សំឡេង៖
«May ប្រយ័ត្នឡាន!.....»
ផាំង!!!!.....
នោះហើយគឺជាពេលចុងក្រោយដែលយើងបានជួបគ្នា។ ខ្ញុំយំបណ្ដើរ ស្រែកឲ្យគេជួយបណ្ដើរ តែវាយឺតពេលទៅហើយ។ អ្វីៗហួសពេលអស់ហើយ។
ចាប់តាំងពីថ្ងៃនោះមកខ្ញុំរស់នៅជាមួយនឹងវិប្បដិសារីដក់ជាប់ក្នុងខួរក្បាលជានិច្ច។ រយៈពេលជាងពីរខែទើបខ្ញុំបានធូរស្រាលបន្តិច។ ខ្ញុំចាប់ផ្ដើមរើកូនតុក្កតាទាំងប៉ុន្មានដែលគាត់ធ្លាប់ឲ្យ ព្រោះវាជាអនុស្សាវរីយតែមួយគត់។ ខ្ញុំរាប់វា ១, ២, ៣, ៤,…...រហូតដល់ទី ៤៨៥ គឺជាតុក្កតាចុងក្រោយ។ គឺ៤៨៥ថ្ងៃដែលយើងចាប់ផ្ដើមទំនាក់ទំនងមួយនេះ។ ទឹកភ្នែកខ្ញុំហូរម្ដងទៀតដោយក្ដាប់កូនតុក្កតាយ៉ាងណែន។ រំពេចនោះ ខ្ញុំឮសំឡេងចេញពីកូនតុក្កតា៖
«បងស្រឡាញ់អូន!»
ខ្ញុំសម្លឹងមើលតុក្កតាទាំងភ្ញាក់ផ្អើល ហើយច្របាច់ពោះតុក្កតាម្ដងទៀត។ មិនខុសទេ នេះគឺសំឡេង May៖ បងស្រឡាញ់អូន! បងស្រឡាញ់អូន! បងស្រឡាញ់អូន! …...
ពាក្យនេះចេញពីគ្រប់កូនតុក្កតាទាំងអស់។ ហេតុអ្វីក៏ខ្ញុំល្ងង់យ៉ាងនេះ? ហេតុអ្វីខ្ញុំមិនចាប់អារម្មណ៍ពួកវាពីមុនមក។ ខ្ញុំស្ទុះទៅយកកូនតុក្កតាដែល May កាន់មកឲ្យខ្ញុំចុងក្រោយបំផុតនៅជិតចំណតឡានក្រុង។ តុក្កតានោះនៅប្រឡាក់ឈាមគេនៅឡើយ។ ខ្ញុំច្របាច់ពោះតុក្កតានោះ សំឡេង May ក៏លាន់ឡើង៖
«អូនដឹងទេថានេះជាថ្ងៃអ្វី? យើងស្រឡាញ់គ្នាបាន ៤៨៦ ថ្ងៃហើយ។ បងសុំទោសដែលបងមិនបាននិយាយថា បងស្រឡាញ់អូន... បងសុំទោស! មកពីបងអៀនពេក។ ពិតជាកំសាកណាស់... » គាត់សើចស្រាលហើយបន្ត៖
«ជូនពរឲ្យពួកយើងស្រឡាញ់គ្នាដល់ចាស់ណា៎។ បងស្រឡាញ់អូនណាស់! ស្រឡាញ់ណាស់...»
ទឹកភ្នែកខ្ញុំហូរចុះមក ជើងទន់ឈរលែងនឹងទៀតហើយ។ ហេតុអ្វីខ្ញុំមិនដឹងរឿងនេះ? ខ្ញុំពិតជាល្ងង់ណាស់។ ហេតុអ្វីខ្ញុំចាត់ទុកពាក្យបីម៉ាត់នោះជារឿងសំខាន់ម្ល៉េះ?
ខ្ញុំថើបតុក្កតានោះតិចៗ យំសស្រាក់៖
«បើអាចបង្វិលពេលវេលាថយក្រោយបាន អូនមិនទាមទារឲ្យបងធ្វើអ្វីទេ សុំត្រឹមបានកូនតុក្កតាពីបងបានហើយ៕»