កាដូក្រមាខ្មែរ ត្រូវប៉ាន់ក្នុងពិធីអាពាហ៍ពិពាហ៍
- 2017-01-26 07:43:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កាដូក្រមាខ្មែរ ត្រូវប៉ាន់ក្នុងពិធីអាពាហ៍ពិពាហ៍
ក្នុងពិធីមង្គលការនីមួយៗម្ចាស់ដើមការបានជ្រើសរើសយកកាដូអនុស្សារីយ៍ផ្សេងៗជូនភ្ញៀវដែលអញ្ជើញមកចូលរួមពិសារភោជនាហារ។ បច្ចុប្បន្នយើងសង្កេតក្រមាខ្មែរបានប្រែខ្លួនជាកាដូអនុស្សាវរិ៍យមួយដ៏សំខាន់ក្នុងពិធីមួយនេះ តើមានហេតុផលអ្វីខ្លះទើបគេជ្រើសយក ក្រមាខ្មែរជូនជាវត្ថុអនុស្សាវរិយ៍?
ស្ថាបនិក ក្រុមហ៊ុន ហេមន្ត សេវាកម្មធៀបការនិងកាដូអាពាហ៍ពិពាហ៍ កញ្ញា សម្បត្តិ អមរៈ វិប្បស្សិនី បានឲ្យដឹងថា កាដូក្រមាខ្មែរ គឺលក់ដាច់ខ្លាំង ព្រោះត្រូវប៉ាន់ទឹកចិត្ត និងគួរជាទីពេញចិត្តរបស់អតិថិជន មិនថា កូនកំលោះកូនក្រមុំ ឪពុកម្តាយខាងប្រុសខាងស្រីទេ សូម្បីតែភ្ញៀវកិត្តិយស ក៏ពេញចិត្តកាដូ ក្រមាខ្មែរ ប្រភេទផលិតផលក្នុងស្រុកនេះដែរ។
ចំពោះផលិតផលក្រមាខ្មែរវិញ វិប្បស្សិនី បានទាក់ទងទៅគ្រួសារអ្នកត្បាញក្រមាក៏ដូចជាប្រមែប្រមូលក្រមាត្បាញថ្មីពីអ្នកភូមិដែលមានជំនាញផ្នែកត្បាញក្រមាខ្មែរស្រាប់នៅតាមជាយក្រុង និងបណ្តាខេត្តឆ្ងាយមួយចំនួន។
ក្នុងមួយខែ វិប្បស្សនីទទួលបានការកុំម្ម៉ង់ ចន្លោះពី ១ ម៉ឺន ទៅ ២ ម៉ឺនក្រមាខ្មែរ សម្រាប់បម្រើជូនភ្ញៀវក្នុងពិធីមង្គលការ ចំនូន ១០ រោង ឬ ក្នុងមង្គលការមួយ អាចជាវក្រមាខ្មែរ ពី ៥០០ ទៅ ១០០០ក្រមា ជាដើម។ រីឯ តំលៃក្រមាខ្មែរ វិញ គឺចាប់ពី ២ពាន់រៀល ដល់ទៅ ៨ពាន់រៀល បូករួមទាំងការវេចខ្ចប់ និងតុបតែងលម្អផ្សេងៗ។
ម្ចាស់អាជីវកម្ម វ័យក្មេងម្នាក់នេះ មានអារម្មណ៍សប្បាយចិត្តខ្លាំង និងមានមោទនភាព ចំពោះក្រមាខ្មែរ ដោយហេតុផលទីមួយ គឺ រាល់លំហូរសាច់ប្រាក់គឺបានដល់ដៃស្រ្តីខ្មែរ ទីពីរ និយាយភាសាខ្មែរ ជាមួយអ្នកភូមិ ងាយស្រួលជជែកទាក់ទងគ្នា ទីបី មានភាពងាយស្រួល ក្នុងការដឹកជញ្ចូនទាន់ពេលវេលា មិនលើសពីមួយសប្តាហ៍ មិនដូចជាបញ្ជាទិញផលិតផលខ្លះពីប្រទេសចិន គឺ ១២ ថ្ងៃ ឬ ២សប្តាហ៍ ទើបបានមកដល់ដៃអ្នកបញ្ជាទិញ នេះមិនទាន់គិតពីពេលវេលាវេចខ្ចប់ផង។
តួយ៉ាង កូនក្រមុំ លន់ ស្រីនិច ដែលទើបចូលរោងការថ្មីៗក៍បានជ្រើសក្រមាខ្មែរជាកាដូជូនដល់ភ្ញៀវកិត្តិយស ញាតិមិត្តបងប្អូន មិត្តភក្ត័ ផងដែរ ព្រោះថាវាតំណាងឲ្យផលិតផលខ្មែរ មានម៉ូដ និងពណ៌ជាច្រើន គួរជាទីចាប់អារម្មណ៍ ហើយតម្លៃក៏ធូរថ្លៃបើធៀបនឹង កាដូ អនុស្សាវរីយ៍ផ្សេងទៀត។ ម្យ៉ាងវិញទៀតភ្ញៀវទាំងនោះអាចយកមកបង់ក ចង់ជាម៉ូដ ឬក្រវ៉ាតចង្កេះក្នុងកម្មវិធីមង្គលការ ហើយពេលត្រលប់ទៅផ្ទះវិញ ក៍គាត់អាចបន្តប្រើបានទៀត។