Maily ឌីជេស្រីកម្ពុជាដំបូងគេល្បីល្បាញលំដាប់អាស៊ី
- 2017-01-19 08:57:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Maily ឌីជេស្រីកម្ពុជាដំបូងគេល្បីល្បាញលំដាប់អាស៊ី
Maily គឺជាឌីជេស្រីកម្ពុជាដ៏ល្បីល្បាញតាមរយៈតន្ត្រី EDM ដែលមិនសូវមានអ្នកនិយមចាក់។ រូបភាពរបស់នាងជាច្រើនបានរំលេចនៅលើផ្ទាំងផ្សព្វផ្សាយពិធីជប់លៀងជួបជុំជាច្រើន នៅទូទាំងប្រទេសកម្ពុជា។
Maily បានក្លាយខ្លួនជាឌីជេអាជីពអស់រយៈពេលបីឆ្នាំមកហើយ ដោយកញ្ញាបានដើរសម្តែងនៅតាមកម្មវិធីតន្រ្តីផ្សាយផ្ទាល់ធំៗជាច្រើនក្នុងប្រទេសកម្ពុជា ក្នុងនោះរួមមានកម្មវិធីដែលមានហ្វូងទស្សនិកជនកុះករ Color Race និងមហោស្រពតន្រ្តី Heineken EDM Rave Ground ទៀតផង។ ទេពកោសល្យដ៏ប៉ិនប្រសប់បានធ្វើឲ្យកេរ្ថិ៍ឈ្មោះរបស់នាងល្បីចេញទៅក្រៅប្រទេស ដែលធ្វើឲ្យកញ្ញាត្រូវបានគេអញ្ជើញទៅសម្តែងនៅតាមបណ្តាប្រទេសជាច្រើនដូចជា ម៉ាឡេស៊ី វៀតណាម ម៊ីយ៉ាន់ម៉ាជាដើម។
ឌីជេវ័យក្មេងបានឲ្យដឹងថា នាងបានចូលប្រឡូកក្នុងវិស័យចាក់ភ្លេងកាលពីឆ្នាំ២០១៣ ដោយមានមិត្តភ័ក្តជាឌីជេជនជាតិម៉ាឡេស៊ីរស់នៅក្នុងទីក្រុងភ្នំពេញម្នាក់ បានណែនាំនាងឱ្យប្រឡូកនៅក្នុងវិស័យនេះ។ ដោយសារការស្រលាញ់ផ្នែកតន្រ្តីពីកំណើត នាងបានលង់ជាប់ចិត្តជាមួយអាជីពមិនសូវសម្បូរនារីធ្វើនេះភ្លាមៗតែម្តង។
Maily រំលឹកថា៖ “គ្រាដែលខ្ញុំឡើងសម្តែងដំបូងមិនទទួលបានជោគជ័យដូចការរំពឹងទុកឡើយ។ បែរជាទទួលបានការសើចចំអកពីឌីជេបរទេសយ៉ាងចាស់ដៃទៅវិញ”។ Mailyសង្កត់ធ្ងន់ថា ការសើចចំអកនេះពីឌីជេបរទេសនេះបានធ្វើឲ្យនាងប្រឹងប្រែអភិវឌ្ឍខ្លួន ពីមួយកម្រិតទៅមួយកម្រិតរហូតអាចកាន់កាប់ទីផ្សារមួយចំណែកនៅអាស៊ីបានដូចសព្វថ្ងៃ ហើយឆ្នាំថ្មីនេះ Mailyក៏មានគម្រោងវាយលុកទីផ្សារអឺរ៉ុបផងដែរ៕