គ្រឿងអលង្ការធ្វើដោយដៃ កៃខៃជីវិតស្រ្តីខ្មែរឲ្យពេញលេញទាំងសម្រស់ និងគំនិតច្នៃប្រឌិត
- 2017-01-13 02:10:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រឿងអលង្ការធ្វើដោយដៃ កៃខៃជីវិតស្រ្តីខ្មែរឲ្យពេញលេញទាំងសម្រស់ និងគំនិតច្នៃប្រឌិត
មិនថាការតុបតែងជាមួយសម្លៀកបំពាក់ កាបូប ស្បែកជើងសុទ្ធតែនាំអោយស្រ្តីមានភាពលេចធ្លោបាន ក្នុងនោះគ្រឿងអលង្ការក៏ជាផ្នែកមួយដែលបន្ថែមសម្រស់ឲ្យពួកគេថែមមួយកម្រិតទៀត។ ដោយសារទីផ្សារផ្នែកសម្រស់នៅកម្ពុជា កំពុងជាទីចាប់អារម្មណ៍សម្រាប់ស្រ្តីគ្រប់វ័យ ទើបញុំាងដូងចិត្តនារីបរទេសម្នាក់មកវិនិយោគហាងគ្រឿងអលង្ការធ្វើដោយដៃ នៅភ្នំពេញដែលមានទីតាំងនៅខាងត្បូងផ្សារទួលទំពូង។
Penh Lenh Jewelry គឺជាឈ្មោះហាងគ្រឿងអលង្កាមួយ និងជាកន្លែងបណ្តុះបណ្តាលនូវវិជ្ជាជីវៈជំនាញសិប្បកម្មគ្រឿងលម្អកាយ ដែលមានស្ថាបនិកស្រ្តីជាជនជាតិអាមេរិក គឺ កញ្ញា Rachel Dodson បានបង្កើតឡើងនៅខែឧសភា ឆ្នាំ ២០១៣ ជាមួយជំនាញផ្នែករចនាម៉ូដលើគ្រឿងអលង្ការ នៅសកលវិទ្យាល័យ Middle Tennessee State University ។
កញ្ញា រ៉ាសែល ដតសុន Rachel Dodson ដែលអាចនិយាយភាសាខ្មែរបានយ៉ាងល្អបានប្រាប់ ពីមូលហេតុនៃការបើកអាជីវកម្មនេះថា នាងចង់ឲ្យនារីខ្មែរផ្លាស់ប្តូរការតុបតែងខ្លួន ជាមួយគ្រឿងអលង្ការបែបស៊ីវិល និងម៉ូដគួរឲ្យទាក់ទាញ។ ជាការពិតនាងក៏ដឹងថា នារីៗខ្មែរចូលចិត្តពាក់គ្រឿងអលង្ការមាស ផ្លាទីន ឬពេជ្រ ព្រោះគិតថាពាក់មួយដឹងមួយ អាចចួលរួមកម្មវិធីណាក៏បាន តែសម្រាប់គ្រឿងអលង្ការដែលកែច្នៃពីរបស់ប្រើប្រាស់ផ្សេងៗ គឺប្លែកត្រង់អាចពាក់នៅផ្ទះផង នៅកន្លែងធ្វើការផង ឬ នៅកម្មវិធីស្រមោសសក៏បានដែរ។
គោលបំណងសំខាន់របស់នាងមួយទៀត គឺចង់ផ្តល់ឱកាសការងារសិប្បកម្មដល់ស្រ្តីដែលខ្វះខាតមួយចំនួនក្នុងសហគមន៍ ខេត្តកណ្តាល ក្រចេះ និងជាយក្រុង ឲ្យពួកគេមានជំនាញច្បាស់លាស់មួយ ស្របតាមទីផ្សារការងារសម័យទំនើប។
ក្រៅពីបង្រៀនផ្នែករចនាម៉ូដគ្រឿងអលង្ការ ស្រ្តីដែលខ្វះខាតទាំងនោះ ក៏អាចរៀនភាសាខ្មែរ ភាសាអង់គ្លេស និងបំនិនជីវិតជាច្រើនដូចជា ផ្នត់គំនិតស្រ្តីនិយម ការគ្រប់គ្រងចំណូលចំណាយប្រចាំថ្ងៃជាដើម ដោយឥតគិតថ្លៃ។
ពីនារីសាមញ្ញម្នាក់ កញ្ញា សារុន ស្រីម៉ៅ មានឱកាសក្លាយជាអ្នកគ្រប់គ្រងទូទៅនៃហាង Penh Lenh Jewelry បន្ទាប់ពីសិក្សារចនាម៉ូដលើគ្រឿងលម្អកាយនេះ នាងក៏បញ្ជាក់ថា «គ្មានកន្លែងណាអស្ចារ្យជាងកន្លែងនេះទៀតទេ ទាំងការបង្រៀន ទាំងភាពកក់ក្តៅ ជួយគ្នាទៅវិញទៅមក ដូចគ្រួសារតែមួយចឹង»។
ជាសារចុងក្រោយរបស់ កញ្ញា រ៉ាសែល ដតសុន គឺចង់ឲ្យស្រ្តីគ្រប់រូបមានជីវិតប្រកបដោយពេញលេញទាំងភាពស្រស់ស្អាត គំនិត ការច្នៃប្រឌិត សមត្ថភាព សុខភាព ភាពក្លាហាន ភាពរីករាយ និងថវិកាគ្រប់គ្រាន់ ៕