អ្នករចនាម៉ូដខ្មែរច្នៃក្បាច់ភ្ញីបុរាណខ្មែររំលេចលើកំណាត់ និងសម្ភារៈផ្សេងៗ
- 2016-12-14 09:05:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នករចនាម៉ូដខ្មែរច្នៃក្បាច់ភ្ញីបុរាណខ្មែររំលេចលើកំណាត់ និងសម្ភារៈផ្សេងៗ
អ្នករចនាម៉ូដជាច្រើនផ្ដោតការរចនាម៉ូដសំលៀកបំពាក់ដែលបង្ហាញពីភាពស៊ីវិល័យ និងទាន់សម័យ កញ្ញា ហ៊ាង វត្តីបែរជាបែកគំនិតនាំយករចនាបថសិល្បៈ និងក្បាច់ផ្កាភ្ញីនៅប្រាង្គ ប្រាសាទខ្មែរមករំលេចនៅលើកំណាត់ និងវត្ថុប្រើប្រាស់នានា។
ដោយសារការស្រលាញ់ និងចង់បង្ហាញដ៏យុវជនជំនាន់ក្រោយថា សិល្បៈដែលបន្សល់ដោយបុព្វបុរសពីបរមបុរាណមានសោភណភាព និងសិល្បៈមិនអាចកាត់ថ្លៃបាន កញ្ញាបានចូលរួមបង្កើតជាមជ្ឈមណ្ឌលសិល្បៈខេមរប្រណិត ឬ Cambodia Luxury Arts ដើម្បីច្នៃក្បាច់ភ្ញីចម្រុះរបស់ខ្មែរទៅជាស្នាដៃសិល្បៈបង្ហាញទៅលើកំណាត់ និងសម្ភារៈវេចខ្ចប់វត្ថុប្រើប្រាស់ប្រចាំថ្ងៃនានា។
វត្តី ជាជយលាភីក្នុងកម្មវិធីច្នៃម៉ូដ "Dream Girl"។ ដោយមានទុនសិល្បៈពីកម្មវិធីប្រកួតប្រជែងខាងលើ គួបផ្សំនឹងការចូលរៀនជំនាញច្នៃម៉ូដវគ្គខ្លីនៅជប៉ុនផងនោះ ទើបសហស្ថាបនិក Cambodia Luxury Arts សហការជាមួយនឹងនារីខ្មែរពីររូបទៀតបង្កើតជាក្រុមហ៊ុនរចនាខាងលើតែម្តង។
ក្បាច់ធំៗចំនួន៤ដូចជាក្បាច់អង្គរ ក្បាច់ភ្ញីទេស ក្បាច់ភ្ញីវល្លិ និងក្បាច់ភ្ញីភ្លើងត្រូវបានអ្នកជំនាញច្នៃម៉ូដយើងយកមកសិក្សា និងរចនាបន្ថែមសម្រាប់បោះពុម្ពលើផ្ទាំងកំណាត់ នាមប័ណ្ណ និងសម្ភារៈផ្សេងៗ។ គំរូក្បាច់នីមួយៗ យកមកបង្វិលចុះឡើងដើម្បីប្រទាក់គ្នាជាក្បាច់ថ្មីមួយដោយមានបន្ថែមពណ៌មួយចំនួនដើម្បីបំពេញតាមការនិយមចូលចិត្តនាពេលបច្ចុប្បន្នផង។
សហស្ថាបនិកកញ្ញា ព្រឿង ណារ័ត្ន បានបញ្ជាក់ដែរថា កញ្ញាចង់ឲ្យអតិថិជនក្នុងស្រុកងាកមកចាប់អារម្មណ៍ស្នាដៃដែលកើតចេញពីអ្នកច្នៃម៉ូដក្នុងស្រុកជាជាងឲ្យតម្លៃផលិតផលបរទេស បើទោះជាអតិថិជនភាគច្រើនរបស់ Cambodia Luxury Arts គឺជាអតិថិជនជប៉ុនក្ដី៕