ស្រីៗក្ររៀបការមកពីមូលហេតុចឹងសោះ!
- 2023-09-07 10:29:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រីៗក្ររៀបការមកពីមូលហេតុចឹងសោះ!
មានឆ្ងល់អត់ ហេតុអ្វីបានជាស្រីៗមួយចំនួនក្ររៀបការម្ល៉េះ? មិនមែនមកពីពួកគាត់ចង់ឲ្យគេបង្អាប់រាល់ថ្ងៃថាជិតចូលសារមន្ទីរ ឬចង់លើកពាននៅលីវប្រចាំក្រុមនោះទេ ប៉ុន្តែមានមូលហេតុច្រើនយ៉ាងដែលធ្វើឲ្យមនុស្សស្រីមិនចង់រៀបការនៅអាយុវ័យក្មេង។
កញ្ញា រក្សា ជាបុគ្គលិកនៅមន្ទីរពិសោធន៍ប៊ីយូប៊ីឃីនបានឲ្យដឹងថា មូលហេតុដែលកញ្ញាមិនទាន់ចង់រៀបការគឺដោយសារកត្តាច្រើនយ៉ាង៖ ទីមួយអាចមកពីរកមនុស្សដែលខ្លួនឯងស្រលាញ់មិនទាន់ឃើញ ទីពីរដោយសារតែឃើញគេរៀបការទៅមិនប្រាកដថាមានក្ដីសុខឬអត់ និងម្យ៉ាងទៀតខ្លាចថាពេលរៀបការហើយនឹងបាត់បង់សេរីភាពដែលធ្លាប់មាន។«យើងត្រូវគោរពមិនត្រឹមតែប្ដីយើងទេនៅមានម្ដាយក្មេកឪពុកក្មេកនិយាយរួមទៅមជ្ឈដ្ឋានជុំវិញខ្លួនយើងធ្វើឲ្យយើងប្រែក្លាយជាមនុស្សម្នាក់ទៀតទោះបីជាយើងមិនចង់ក៏ដោយ»។
«រៀបការហើយមិនប្រាកដថាមានក្ដីសុខនោះទេដោយត្រូវគិតច្រើនមិនថារឿងក្នុងផ្ទះឬក្រៅផ្ទះ ណាត្រូវរៀបចំផ្ទះសំបែង មើលថែកូនណាមួយខ្លាចប្ដីមានស្រីទៀតនិងជាពិសេសខ្លាចពាក្យរិះគន់ពីមាត់មនុស្សតែម្ដង» នេះជាការមូលហេតុរបស់កញ្ញា លីណា បុគ្គលិកក្រុមហ៊ុន។
ងាកមកកញ្ញា ឡាន់ ណាវី អាយុ២៧ឆ្នាំបាននិយាយថាដោយសារតែបទពិសោធន៍ឈឺចាប់ពីអតីតធ្វើឲ្យកញ្ញាស្អប់មនុស្សប្រុស។ កញ្ញារៀបរាប់ថាកាលពីមុនកញ្ញាក៏ធ្លាប់មានសង្សារដែរ ប៉ុន្តែពួកគេបែរជាធ្វើឲ្យកញ្ញាខូចចិត្តជារឿយៗ ទើបធ្វើឲ្យកញ្ញាស្រលាញ់ការរស់នៅម្នាក់ឯង និងមានគំនិតមួយយល់ថាមនុស្សប្រុសសុទ្ធតែដូចគ្នាទាំងអស់។ កញ្ញាបន្ថែមថាមិនមែនថាកញ្ញាមិនចង់រៀបការនោះទេ គ្រាន់តែមិនទាន់រកឃើញបុរសដែលត្រូវចិត្តតែប៉ុណ្ណោះនិងម្យ៉ាងទៀតកញ្ញាចង់ចំណាយពេលយូរបន្តិចដើម្បីស្វែងរកអ្នកដែលកញ្ញាជឿថាអាចមើលថែនាងបាន រស់នៅជាមួយគ្នាបាន និងមិនធ្វើឲ្យនាងឈឺចាប់ទៀត។
ចុះអ្នកដែលមិនទាន់រៀបការផ្សេងទៀត មកពីមូលហេតុអ្វីដែរ?