អត្ថន័យរបស់ពីធី “ពូនភ្នំខ្សាច់” នាថ្ងៃបូណ្យចូលឆ្នាំប្រពៃណីខ្មែរ

  • 2025-04-14 04:11:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បើតាមគម្ពីររបស់ព្រះពុទ្ធសាសនាបានលើកឡើងថា ពាក្យក្នុងបាលីរបស់ វាលុកចេតិយមកពីពាក្យសាមញ្ញហៅថា «ពូនភ្នំខ្សាច់» ។ ការពូនភ្នំនេះគឺគេយកខ្សាច់សុទ្ធមកចាក់នៅកន្ដាលទីធ្លាដែលគេបានកំនត់ រួចពូនអោយចេញជារាងចេតិយបែរមុខទៅទិសខាងកើត ហើយគេសន្មត់ហៅថា «វាលុកចេតិយ» គឺតំនាងអោយព្រះចូលាមនីចេតិយដែលសាងសំរាប់បញ្ចុះព្រះកេសា និងព្រះចង្កូមកែវនៃព្រះពុទ្ធបរមគ្រូ ។ ការពូនភ្នំនេះ បច្ចុប្បន្នតំបន់ខ្លះ គេនិយមពូនភ្នំអង្ករនៅសាលាឆាន់ រឺក្នុងព្រះវិហារផងដែរ។ ភ្នំខ្សាច់ដែលគេពូនមិនមានកំនត់ថា ត្រូវមានខ្នាតតូចខ្ពស់ទាបប៉ុណ្ណាទេ គឺប្រព្រឹត្តទៅតាមការពេញចិត្តរបស់អ្នកស្អាង។ ប៉ុន្តែចាំបាច់ត្រូវមានភ្នំមួយនៅកន្ដាល ហើយត្រូវមានភ្នំតូចៗ ៤ ព័ទ្ធជុំវិញគ្រប់ទិសតូចទាំង ៤ ។

នៅជុំវិញភ្នំគេមានធ្វើរាជវត័ តុបតែងលំអស្លឹកដូង ស្លឹករំសែជាបួនជ្រុងមានទ្វារ ចេញចូលតាមទិសធំទាំង ៤ ។ នៅជុំវិញរាជវ័តគេមានរៀបរានទេវតាគ្រប់ទិសទាំង ៨។ នៅលើរានទេវតានិមួយៗគេរៀបស្លាធម៌មួយគូបាយសីមួយថ្នាក់ មួយគូ ទៀន៥ ធូប៥ ផ្កាភ្ញី និងអុជទៀនធូបថ្វាយ ។ នៅពីមុខភ្នំខ្សាច់ក្រៅរាជវត័ គេរៀបរានធំៗបីទៀត សំរាប់ថ្វាយព្រះយមរាជ ស្ថិតនៅកន្ដាលខាងឆ្វេងរានព្រះយមរាជ គឺរានព្រះពុទ្ធគុណ និងខាងស្តាំគឺរានព្រះពិស្នុការរានធំទាំងបីនេះ គឺគេរៀបគ្រឿងសក្ការៈបូជាដូចរានទេវតាដែរ តែបាយសីខ្ពស់រហូតដល់ ៩ថ្នាក់ និងមានដាក់សំលៀកបំពាក់ឆ្វេងស្តាំ ហើយមានដាក់ក្រយាថ្វាយសោយទៀតផង។

ការសាងវាលុកចេតិយនេះ ដោយគេសំគាល់ថា នឹងបានជាផល្លានិសង្សវិសេសវិសាលណាស់ ដូចមានសំដែងក្នុងរឿង «អានិសង្សវាលុកចេតិយ» មហាសំការសូត្រ ។ ដោយឡែកពីធីនេះដែរ មិនមែនប្រារព្ធធ្វើតែក្នុងថ្ងៃបុណ្យចូលឆ្នាំប្រពៃណីខ្មែរនោះទេ ឲ្យតែមានពិធីបុណ្យធំៗ ឬបុណ្យភ្ជំបិណ្ឌក៏មានការពួនភ្នំខ្សាច់នេះដែលក្នុងពុទ្ធសាសនាខ្មែរយើង។

មានន័យថា ភ្នំខ្សាច់ដែលគរលើគ្នានោះ ប្រៀបបានដូចជា កូនភ្នំមួយ តំណាងឲ្យព្រះចេតិយដែលមានតម្កល់ព្រះសារីរិកធាតុ (ព្រះអដ្ឋិធាតុនៃព្រះសម្មាសម្ពុទ្ធ)។ ដោយបុគ្គលនោះ នឹងទទួលផលអានិសង្សខ្ពស់ពីការធ្វើទាននេះឯង។ ប៉ុន្តែការពូនភ្នំខ្សាច់ មិនអាចលុបលាង ឬលាងអំពើបាបដែលយើងបានប្រព្រឹត្តកន្លងមកបានឡើយ។ការពូនភ្នំខ្សាច់ ប្រៀបដូចជាសម្លមួយឆ្នាំងមានរសជាតិប្រៃ យើងនឹងចាក់ទឹកបន្ថែម ឲ្យកាត់ជាតិប្រៃ ប៉ុន្តែសួរថា ជាតិប្រៃនោះរត់ទៅណាទេ គឺអត់ឡើយ វានៅតែក្នុងឆ្នាំងហ្នឹងតែប៉ុណ្ណោះ។ គ្រាន់តែយើងបានសាបបន្តិច ដោយសារបុណ្យយើងធ្វើថែមប៉ុណ្ណឹងឯង។

អត្ថន័យ ៣ យ៉ាង នៃពិធីពូនភ្នំខ្សាច់៖

  • អត្ថន័យទី១ មានន័យថា ពិធីពូនភ្នំខ្សាច់ប្រារព្ធឡើង ដើម្បីឧទ្ទិសដល់ព្រះមុនីចេតិយរបស់ ព្រះសម្មាសម្ពុទ្ធដែលតាំងនៅឯស្ថានតាវត្តិង្ស។

  • អត្ថន័យទី២ មានន័យថា ការធ្វើពិធីពូនភ្នំខ្សាច់ គឺដើម្បីបានរំដោះកម្មពៀរដែលខ្លួន ធ្លាប់បានសាង ពីមុនមក។ ប្រសិនបើអ្នកមានកម្មពៀរដោយហេតុធ្លាប់បានសម្លាប់សត្វ ឬបៀតបៀនអ្នកដទៃពីមុន ឬពីជាតិមុនមកនោះ ប្រសិនបើគេចង់មកចងកម្មពៀរ ឬយកជីវិតអ្នកវិញ ត្រូវតែរាប់ចំនួន គ្រាប់ខ្សាច់ ដែលអ្នកបានពូននោះឲ្យអស់សិន ទើបអាចមកយកជីវិតអ្នក ឬមកយកកម្មពៀរពីអ្នកបាន។

  • អត្ថន័យទី៣ មានន័យខុសប្លែកពីទ្រឹស្ដីបែបសាសនាខាងលើនេះ តាមការសង្កេតជាក់ស្តែង នៅតាមវត្តអារាមមួយចំនួន ជាពិសេសនៅទីជនបទ មានការខ្វះខាតខ្សាច់ធ្វើសំណង់អ្វីមួយ គឺព្រះសង្ឃ ឬគណៈកម្មការវត្តអនុញ្ញាតឲ្យមានពិធីពូនភ្នំខ្សាច់នេះឡើង បន្ទាប់មកគេយកខ្សាច់នោះទៅប្រគេនព្រះសង្ឃ ដែលត្រូវការវត្ថុធាតុដើមដីខ្សាច់នោះ។

យ៉ាងណាមិញ អំពើបាបពីអតីតរបស់យើងគ្រប់គ្នា ប្រាកដជាមាន គ្រាន់តែតិចឬច្រើន អាស្រ័យលើការប្រព្រឹត្តរៀងៗខ្លួន។ តែយើងត្រូវសាងបុណ្យថ្មី ដើម្បីជួយការពារខ្លួនយើង។ ឧទាហរណ៍ថា ពន្លឺភ្លើងទៀនបើត្រូវខ្យល់ អាចនឹងរលត់ ប៉ុន្តែយើងយកក្រដាសមកបាំង វានឹងធ្វើឲ្យភ្លើងមិនរលត់វិញ។​ បុណ្យដែលយើងធ្វើ នឹងជួយការពារបាបមិនឲ្យបានផល នេះមានន័យថា មិនមែនឲ្យតែយើងពូនភ្នំខ្សាច់ហើយអាចផ្ដាច់កម្មពៀរបានទាំងអស់ឡើយ នេះវាខុសពីច្បាប់កម្មផលហើយ។ ប៉ុន្តែការពូនភ្នំខ្សាច់នៅតែធ្វើ ប៉ុន្តែជាបុណ្យថ្មីដែលយើងធ្វើ ដូចជាការចាក់ទឹកថ្មីលើសម្លដែលប្រៃ ឲ្យប្រែទៅជាសាបខ្លះដែរ។

អត្ថបទ៖ សិរីរត្នន៍

អត្ថបទពេញនិយម
អត្ថបទថ្មី