ចូលឆ្នាំប្រពៃណីខ្មែរ បើតាមទំនៀមទំលាប់តើប្រជាជនយើងនិយមធ្វើអ្វីខ្លះតាមថ្ងៃនិមួយៗនៃការប្រារព្ធពិធី

  • 2025-04-13 00:07:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បើតាមទំនៀមពិធីចូលឆ្នាំប្រព្រឹត្តទៅចំនួន ៣ថ្ងៃ។ ថ្ងៃដំបូងជាថ្ងៃមហាសង្ក្រាន្តត ថ្ងៃទី២ ជាថ្ងៃវណបត ថ្ងៃទី៣ ជាថ្ងៃឡើងស័ក។

នៅពេលមុនចូលឆ្នាំគេនាំគ្នាប្រុងប្រៀប រកស្បៀងអាហារត្រៀមទុក រៀបចំសំអាតផ្ទះសំបែង នាំក្រុមគ្រួសារកាត់សំលៀកបំពាក់ថ្មីៗទុកសម្រាប់ស្លៀកនាថ្ងៃចូលឆ្នាំ និងគ្រឿងសក្ការៈសម្រាប់ជាដង្វាយបូជាថ្វាយទទួលទេវតាថ្មីជាដើម ។ ចំនែកផ្ទះសំបែងគេតុបតែងរំលេចដោយអំពូលអគ្គិសនីលម្អខ្សែតូចៗចំរុះពណ៌ រឺចង្កៀងគោម ផ្កាភ្ញី គ្រប់ពណ៌សំរាប់ទទួលទេព្តាថ្មី។

• ឯការប្រារព្ធពិធី៣ថ្ងៃ នាថ្ងៃចូលឆ្នាំមានដូចជា៖

ថ្ងៃទី១ : គេយកចង្ហាន់ទៅប្រគេនព្រះសង្ឃនៅវត្ត ។ ពេលល្ងាចគេនាំគ្នាជញ្ជូនខ្សាច់សាងវាលុកចេតិយនៅជុំវិញព្រះវិហារ រឺនៅជុំវិញដើមពោធិណាមួយនៅក្នុងវត្តនោះ ។ នៅពេលព្រលប់គេប្រគេនភេសជ្ជៈដល់ព្រះសង្ឃ និមន្តលោកចំរើន ព្រះបរិត្ត និងសំដែងធម្មទេសនា ។

ថ្ងៃទី២ : កូនចៅជូនសំលៀកបំពាក់ នំចំនី លុយកាក់ដល់អ្នកមានគុណ មានឪពុកម្តាយ ជីដូនជីតាជាដើម ។ ជួនកាលគេធ្វើទាន ដល់មនុស្សបំរើ រឺអ្នកក្រីក្រទៀតផង ។ ពេលរសៀលគេនាំគ្នាទៅពូនភ្នំខ្សាច់ទៀត ហើយសូត្រធម៌អធិដ្ឋានភ្នំខ្សាច់ដែលគេសន្មត់ទុកដូចបូចូឡាមនីចេតិយ ហើយនិមន្តព្រះសង្ឃបង្សុកូលចេតិយបញ្ជូនមគ្គផលដល់វិញ្ញាណក្ខន្ធបង រឺប្អូន ដែលបានស្លាប់ទៅ ។

ថ្ងៃទី៣ : ពេលព្រឹកនិមន្តព្រះសង្ឃឆ្លងភ្នំខ្សាច់ ។ ពេលល្ងាចនិមន្តព្រះសង្ឃស្រង់ទឹក និងស្រង់ព្រះពុទ្ធរូប (តាមការនិយមនៃស្រុកខ្លះ) ។ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ គេនាំគ្នាលេងល្បែងប្រជាប្រិយកំសាន្ដសប្បាយជាច្រើន ដូចជាលេង បោះអង្គញ់ ចោលឈូង ទាញព្រ័ត្រ លាក់កន្សែង ចាប់កូនខ្លែងជាដើម និងមានរបាំត្រុដិ (ច្រើនមាននៅខេត្តបាត់ដំបង សៀមរាប) ជាពិសេសទៀតគឺរាំវង់តែអាស្រ័យទៅតាមការនិយមចូលចិត្តរបស់មនុស្សម្នាក់ៗ គឺខ្លះនិយមនាំគ្នាដើរកំសាន្ដបន្ត ខ្លះនិយមធ្វើបុណ្យទានតាមវត្តអារាម។

អត្ថបទ៖ សិរីរត្នន៍

អត្ថបទពេញនិយម
អត្ថបទថ្មី