ស្វែងយល់! អំពីជំងឺបម្រុងក្រឡាភ្លើង និងក្រឡាភ្លើង និងផលវិបាករបស់ស្ត្រីក្រោយសម្រាលកូន

  • 2025-04-08 00:07:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្វែងយល់អំពីជំងឺបម្រុងក្រឡាភ្លើង និងក្រឡាភ្លើងនិងផលវិបាករបស់ស្ត្រីក្រោយសម្រាល ! ជាទូទៅខ្មែរយើងចំណាំហៅថា ព្រាយក្រឡាភ្លើង (Pre-Eclampsia) បច្ចុប្បន្ន យើងលុបពាក្យ (ព្រាយ) នោះចោល ដើម្បីកុំអោយយល់ច្រលំថា មកពីមានព្រាយបីសាចចូល តាមពិតគ្មានទេ។

ជំងឺបម្រុងក្រឡាភ្លើង និងក្រឡាភ្លើងនេះ ជាជំងឺមួយដែលអាចកើតមានលើស្រ្តីមានផ្ទៃពោះចាប់ពី ២០សប្ដាហ៍ឡើងទៅ។ ស្រ្តីភាគច្រើនពុំបានដឹងច្បាស់ពីអាការៈនៃជំងឺនេះឡើយទើបធ្វើឲ្យពួកគាត់មានការធ្វេសប្រហែសបណ្ដោយឲ្យមានសភាពធ្ងន់ធ្ងរដែលស្ទើរតែហួសពេលក្នុងការព្យាបាលនិងមានគ្រោះថ្នាក់ដល់ជីវិត។

ដូចនេះហើយបានជាអត្រាស្លាប់របស់ស្រ្តីនៅប្រទេសកម្ពុជាដោយសារជំងឺនេះនៅតែឈរនៅលំដាប់ទី ២ បន្ទាប់ពីការធ្លាក់ឈាមក្រោយសម្រាល ដែលជំងឺនេះយើងអាចទប់ស្កាត់ និងការពារបានពីដំបូង។

និយមន័យ៖ បម្រុងក្រឡាភ្លើង និងក្រឡាភ្លើង ជាជំងឺមួយដែលកើតមានពេលដែលស្រ្តីមានផ្ទៃពោះចាប់ពី ២០សប្តាហ៍ឡើងទៅដែលមានសញ្ញាចម្បងរួមមាន ហើម លើសសម្ពាធឈាម ទឹកនោមប្រៃ និងមានសញ្ញារួមផ្សំដូចជា ឈឺក្បាល វិលមុខនិងចុកចុងដង្ហើមជាដើម...។

មូលហេតុចម្បង និងកត្តាប្រឈម៖ មូលហេតុចម្បងនៃជំងឺនេះគឺបណ្តាលមកពីភាពមិនប្រក្រតីនៃប្រព័ន្ធឈាមរត់នៅក្នុងស្បូននិងសុក និងមានកត្តាប្រឈមសំខាន់ដែលធ្វើឲ្យមានជំងឺនេះកើតឡើងរួមមាន៖

• ស្រ្តីកូនដំបូងវ័យក្មេង

• ស្រ្តីមានគភ៌ហើយមានអាយុច្រើន

• ស្រ្តីដែលមានផ្ទៃពោះធំពេក (ដូចជាកូនភ្លោះគភ៌ទឹកភ្លោះច្រើន គភ៌ដែលមានកូនថ្លោសពេក)

• ស្រ្តីធាត់ពេក

• ស្រ្តីដែលធ្លាប់មានជំងឺលើសសម្ពាធឈាម ឬជំងឺតម្រងនោម

• ស្រ្តីដែលប្តូរដៃគូរួមភេទច្រើន

ចំណែកកត្តាដែលជំរុញឲ្យមានជំងឺបំរុងក្រឡាភ្លើងនេះរួមមាន៖

• អាកាសធាតុត្រជាក់ពេក

• ការហូបអាហារមិនគ្រប់គ្រាន់

• ការបាក់កម្លាំងកាយ និងកម្លាំងចិត្ត...។

រោគសញ្ញា៖

ដំបូងស្រ្តីតែងតែមានអារម្មណ៍មិនសុខស្រួលក្នុងខ្លួនដូចជា រសេះរសោះ គេងមិនលក់ ហើមជើង ឈឺក្បាល វិលមុខតិចតួច ដែលធ្វើឲ្យស្រ្តីភាគច្រើនយល់ថាខ្លួនមិនមានបញ្ហាអ្វីទេ ព្រោះការមានផ្ទៃពោះច្រើនជួបបញ្ហាបែបនេះជាពិសេសគឺការហើម (ដែលចាស់ៗតែងនិយាយតៗគ្នាថា ហើម៣ដងកើតហើយ)។ ជាក់ស្តែង រោគសញ្ញាដែលបញ្ជាក់ថាស្រ្តីមានអាការៈមានដូចជា៖

• ហើម

• លើសសម្ពាធឈាម (140/90mmHg)

• ទឹកនោមប្រៃ

• ឈឺក្បាល

• វិលមុខ

• ស្រវាំងភ្នែក ឬងងឹតភ្នែកបណ្តោះអាសន្នក្នុងករណីធ្ងន់ធ្ងរ

• ហត់

• ចុកចុងដង្ហើម ប្រកាច់និងកន្ត្រាក់

• Transaminaseកើនឡើង ប្លាកែតកើនឡើង ហេម៉ូក្លូប៊ីនកើនឡើង Uremia កើនឡើង Creatinemia កើនឡើង។

ផលវិបាក៖ ក្នុងករណីដែលពុំបានដឹង និងស្រាវជ្រាវរករោគសញ្ញាឲ្យទាន់ពេលវេលាស្រ្តីនឹងធ្លាក់ចូលក្នុងសភាពធ្ងន់ធ្ងរដែលមានផលវិបាកធ្ងន់ធ្ងរទាំងទារកក្នុងផ្ទៃនិងម្តាយដូចជា៖

១. ចំពោះម្តាយ

• ដាច់សរសៃឈាមខួរក្បាល

• ងងឹតភ្នែក

• ហើមសួតស្រួចស្រាវ

• HELLP Syndrome (ខាន់លឿង….) ឬបែកថ្លើម

• ខ្សោយតម្រងនោមធ្ងន់ធ្ងរ

• របេះសុកមុនពេលកំណត់។

២.ចំពោះទារកក្នុងផ្ទៃ៖

• ទារកលូតលាស់មិនប្រក្រតី

• ទម្ងន់តូចជាងអាយុនៃគភ៌

• ខ្សោយប្រាជ្ញាស្មារតី

• ស្លាប់ក្នុងពោះ

• សម្រាលមិនគ្រប់ខែ។

ប្រភព៖ មន្ទីរពេទ្យកាល់ម៉ែត - Calmette Hospital ប្រែ​សម្រួល៖ សិរីរត្នន៍

អត្ថបទពេញនិយម