ទាយប្រភេទត្បូង ប្រចាំខែកំណើត ទាក់ទងនិស្ស័យផ្ទាល់ខ្លួន ដែលនាំសំណាងឱ្យអ្នកពាក់ក់

  • 2024-11-19 01:08:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នកប្រហែលជាមិនដឹងទេ ខែកំណើតរបស់មនុស្សម្នាក់ៗ គឺសុទ្ធតែមានត្បូងប្រចាំខ្លួនរៀងៗខ្លួន ដែលបង្កប់ទៅដោយអត្ថន័យជ្រាលជ្រៅ និងតំណាងឱ្យចរិតលក្ខណៈរបស់អ្នកខុសគ្នារៀងៗខ្លួនផងដែរ។

ពិសេសដើម្បីទទួលបានសំណាងល្អ អ្នកគួរតែមានគ្រឿងអលង្កាទៅតាមត្បូងកំណើតពាក់ជាប់ខ្លួនរឹតតែល្អ។ ​ ដូច្នេះមកស្គាល់ត្បូងតំណាងឱ្យខខែកំណើតរបស់អ្នកដូចខាងក្រោមនេះ ៖

១. មករា ៖ ត្បូង Garnet ត្បូង Garnet មកពីភាសាក្រិក Granatum បកប្រែថាគ្រាប់ផ្លែទទឹមក្រហមឆ្អិនឆ្អៅ បង្ហាញពីមិត្តភាព និងសេចក្តីស្មោះត្រង់គង់វង្សយូរអង្វែង។ ត្បូងនេះផងដែរ ចាត់ទុកថាអំណោយល្អពិសេសសម្រាប់ជូនមិត្តភក្តិល្អ និងមនុស្សជាទីស្រលាញ់របស់អ្នក។ ហើយអ្នកដែលកើតនៅក្នុងខែនេះ មិនត្រឹមតែជាមនុស្សដែលមានភាពស្មោះត្រង់ទេ តែជាមនុស្សដែលមានភាពឧស្សាហ៍ព្យាយាម និងមានការប្តេជ្ញាខ្ពស់ ពិសេសជាមនុស្សដែលចូលចិត្តរៀនសូត្រ និងស្វែងរកចំណេះដឹងមិនឈប់ឈរគ្មានទីបញ្ចប់។

២. កុម្ភៈ ៖ ត្បូង Amethyst Amethyst គឺជាត្បូងដែលមានពណ៌ស្វាយ ដោយកាលពីបុរាណគេតែងតែចាត់ទុកត្បូងពណ៌ស្វាយនេះ មានកម្លាំងថាមពល និងតំណាងឱ្យអំណាច ព្រះរបស់ស្រា Bacchus។ ហើយត្បូងនេះតំណាងឱ្យមនុស្សដែលមានចិត្តមុះមុតក្លាហាន តែយកតែចិត្តខ្លួនឯង។​ ដែលសំខាន់មួយទៀត អ្នកដែលកើតនៅក្នុងខែនេះ ជាមនុស្សដែលមានប្រាជ្ញាស្មារតីភ្លឺស្វាង និងឆ្លាតវាងវៃ។ ម្យ៉ាងវិញទៀត អ្នកដែលពាក្យខ្សែកនេះ ធ្វើឱ្យម្ចាស់ដែលពាក់មានស្មារតីល្អ ខួរក្បាលឆ្លាតវាងវៃ ហើយប្រសិនជាអ្នកមានអាការសុញគិតអ្វីមិនចេញ និងជួយឱ្យស្មារតីអ្នកល្អគិតអ្វីក៏ចេញ អ្នកអាចសាកល្បងពាក់ខ្សែក ដែលធ្វើពីត្បូងនេះបាន។

៣. មិនា៖ ត្បូង Aquamarine ពាក្យ Aquamarine មកពីអក្សរឡាតាំង Aqua ដែលប្រែថាទឹក និងពាក្យ Marina ប្រែថាសមុទ្រ ដោយតាមទេវកថា បានឱ្យដឹងថា វាគឺជាត្បូងដែលអាចការពារអ្នកដែលធ្វើដំណើរតាមទឹកបាន និងតំណាងឱ្យភាពស្ងប់ស្ងាត់ផងដែរ។​ មិនខុសពីមនុស្សដែលកើតខែមិនានេះទេ គេជាមនុស្សដែលចូលចិត្តភាពស្ងប់ស្ងាត់ និងស្រលាញ់សន្តិភាព។ ពិសេសគេជាមនុស្សដែលមានចរិតស្មោះត្រង់អាចទុកចិត្តបាន ដូច្នេះយកល្អអ្នកគួរតែមានមិត្តភក្តិដែលកើតនៅក្នុងខែមិនានេះ ២ ទៅ ៣នាក់ក៏រឹតតែប្រសើរ។

៤. មេសា៖ ត្បូងពេជ្រ ត្បូងពេជ្រ គឺជាត្បូងដែលមានតម្លៃជាងគេនៅលើពិភពលោក តែគេគ្រប់គ្នាបានឱ្យដឹងថា ត្បូងពេជ្រនេះអាចនឹងបាត់បង់តម្លៃ ប្រសិនជាប្រគល់ជូនមនុស្សណាម្នាក់ដោយក្តីស្រលាញ់ពិត ដូច្នេះចូលប្រយ័ត្នប្រយែងមុននឹងជូនចិញ្ចៀនពេជ្រទៅនរណាម្នាក់ព្រោះការជូននរណាផ្តេសផ្តាសអ្នកនឹងមិនអាចទទួលបានតម្លៃត្រលបើមកវិញក៏ថាបាន។ និយាយរួមពេជ្រ តំណាងឱ្យក្តីស្រលាញ់ជ្រាលជ្រៅ និងភាពរឹងមាំមិនអាចកាត់ថ្លៃបាន។សម្រាប់អ្នកដែលកើតនៅខែមេសាវិញ ជាមនុស្សដែលពូកែប្រយុទ្ធ មានភាពក្លាហាន មិនខ្លាចការប្រកួតប្រជែង និងមានការយកចិត្តទុកដាក់ក្នុងកិច្ចការដែលខ្លួនបានធ្វើ។ តែរាល់ការងារអ្នកធ្វើត្រូវតែមានការអត់ធ្មត់ និងមានការសាកល្បងជាដំណាក់កាលៗដោយភាពអំណត់ទើបទទួលបានលទ្ធផល។

៥. ឧសភា៖ ត្បូង Emerald (ត្បូងមរកត) Emerald ឬ ត្បូងមរកត មកពីពាក្យក្រិកថា Smaragdus ដែលមានន័យថា ពណ៌បៃតង ដោយត្បូងមរកតនេះ ត្រូវបានគេសន្មតថាជាត្បូងតំណាងឱ្យសំណាងល្អ និងភាពជាយុវវ័យ។ អ្នកដែលកើតខែនេះ គឺជាបុគ្គលដែលមានការច្នៃប្រឌិត និងមានការប្តេជ្ញាចិត្តខ្ពស់ ពិសេសគេជាមនុស្សដែលចូលចិត្តភាព រីករាយ មានការយល់ដឹងខ្ពស់ និងពូកែយល់ចិត្ត រួមទាំងអារម្មណ៍រស់មនុស្សនៅជុំវិញទៀតផង។ ដោយសារតែចំណុចនេះហើយ គេគឺជាមនុស្សដែលគ្រប់គ្នាស្រលាញ់ចូលចិត្តនេះ ងាយចុះសម្រុងនឹងមនុស្សជុំវិញ ថែមទាំងជាមនុស្សដែលពូកែ ជួយលើកទឹកចិត្តមនុស្សផងដែរ។

៦. មិថុនា៖ ត្បូង Pearl (គជ់ត្បូង) Pearl ឬ គជ់ត្បូង ត្រូវបានគេឱ្យដឹងថាជា ជាម្ចាស់ក្សត្រីនៃត្បូង ដែលកម្ររកបានបំផុតនៅលើផែនដី។ មិនខុសពីមនុស្សដែលកើតនៅតែមិថុនានេះ គេគឺជាមនុស្សដែលល្អកម្ររកបាន ដោយគេជាមនុស្សដែលមានចិត្តល្អ រួសរាយ រីករាយ និងជាមនុស្សដែលមានសំណាងល្អទៀតផង។ តែយ៉ាងណាគេជាមនុស្សដែលមានអារម្មណ៍ឆាប់ប៉ះទង្គិចនឹងភាពឈឺចាប់ ឆាប់តូចចិត្ត តែគេជាមនុស្សពូកែអត់ធន់ និងលាក់អារម្មណ៍ក្នុងចិត្ត។

៧. កក្កដា៖ ត្បូង Ruby (ត្បូងទទឹម) Ruby ឬ ត្បូងទទឹម ត្រូវបានគេចាត់ទុកថាជាស្តេចនៃត្បូងពេជ្រដែលមានត្បូងពណ៌ក្រហម។ ត្បូងនេះ ជានិមិត្តរូបនៃមនុស្សដែលចូលចិត្តសប្បាយ តែជាមនុស្សដែលធ្វេសប្រហែសផងដែរ។ អ្នកដែលកើតនៅខែកក្កដា ក្រៅពីចូលចិត្តលេងសើច និងផ្សងព្រេង តែពួកគេក៏ជាអ្នកដឹកនាំល្អឥតខ្ចោះ ដែលអាចកែប្រែស្ថានភាពដែលអាក្រក់ឱ្យក្លាយជារឿងល្អវិញបាន។

៨. សីហា៖ ត្បូង Peridot ប្រជាជនអេហ្ស៊ីបបុរាណ បានហៅត្បូង Peridot ថាជាត្បូងដែលតំណាងឱ្យព្រះអាទិត្យ ដែលអាចបំបាត់ភ្លាមវង្វេងវង្វាន់ ការច្រណែនឈ្នានីស និងបំបាត់អំពើអាក្រក់ផងដែរ ដូចនេះហើយគេតែងតែប្រើត្បូងនេះដើម្បីប្រឆាំង និងកម្ចាត់ខ្មោចបិសាច រួមទាំងវិញ្ញាណមិនល្អកាចសាហាវទៀតផង។ សម្រាប់អ្នកដែលកើតខែសីហានេះ ជាមនុស្សរួសរាយរាក់ទាក់ រីករាយ និងមានកម្លាំងថាមពលចែងចាំងដូចរស្មីព្រះអាទិត្យ ពិសេសគេជាមនុស្សដែលធ្វើអ្វីមួយសុទ្ធតែមានហេតុផល និងជាមនុស្សដែលមានការពិចារណាខ្ពស់។

៩. កញ្ញា៖ ត្បូង Sapphire ឈ្មោះត្បូង Sapphire មកពីពាក្យ safir បកប្រែថាពណ៌ខៀវ ឬទឹកសមុទ្រ។ ត្បូងនេះនិមិត្តរូបតំណាងឱ្យមនុស្សដែលមានភាពស្មោះត្រង់ និងមានការប្តេជ្ញាចិត្តខ្ពស់។ហើយសម្រាប់អ្នកដែលកើតក្នុងខែកញ្ញានេះ ជាមនុស្សដែលមានការរំពឹង និងមានស្តង់ដារខ្ពស់សម្រាប់ខ្លួនគេ និងអ្នកដទៃ ដែលជាហេតុធ្វើឱ្យរាល់កិច្ចការដែលគេធ្វើ គេតែងតែខិតខំប្រឹងប្រែង និងលះបង់ខ្លាំងស្ទើរមិនគួរឱ្យជឿ រួមទាំងជាមនុស្សមានការច្នៃប្រឌិតខ្ពស់ផងដែរ។

១០. តុលា៖ ត្បូង Opal ត្បូងដែលមានពណ៌តូចៗចម្រុះគ្នានេះ គឺតំណាងឱ្យមនុស្សដែលមានចរិតនឹងធឹង និងជាមនុស្សឆ្លាត ពូកែ វាងវៃ និងមានគំនិតច្នៃប្រតិដ្ឋខ្ពស់ខុសពីអ្នកដទៃ។ តែយ៉ាងណាគេជាមនុស្សដែលមានចរិតស្ងៀមស្ងាត់មិនសូវមាត់-ក ជាមនុស្សពូកែអត់ធ្មត់ និងជាមនុស្សចូលចិត្តភាពស្ងប់សុខសន្តិភាពផ្លូវចិត្ត។ តែពួកគេជាមនុស្សរឹងមាំ ជាមនុស្សស៊ូទ្រាំ និងមានគោលដៅខ្ពស់មុតមាំដែលអាចនាំឱ្យគេជាមនុស្សភាពជោគជ័យផងដែរ។

១១. វិច្ឆិកា៖ ត្បូង Topaz ត្បូងដ៏ស្រស់ស្អាតមួយនេះ តំណាងឱ្យមនុស្សដែលមានភាពឆ្លាតវៃខ្លាំង ជាមនុស្សឯករាជ្យ ពិសេសគេជាមនុស្សដែលមិនត្រូវការជំនួយ ការលើកទឹកចិត្ត ឬការកោតសរសើរពីមនុស្សជុំវិញខ្លួនឡើយ។ ផ្ទុយទៅវិញ ចរិតអ្នកកើតខែនេះជាមនុស្សដែលចូលចិត្តជួយអ្នកដទៃ និងលើកចិត្តមនុស្សជុំវិញខ្លួនជានិច្ច។ ហើយដោយសារតែចំណុចល្អនេះហើយ គេតែងតែក្លាយជាមនុស្សដែលគ្រប់គ្នាស្រលាញ់ចូលចិត្ត និងតែងតែទទួលបានការកោតសរសើរជានិច្ចទោះបីជាគេមិនចង់បានពាក្យសរសើសរក៏ដោយ។

១២.ធ្នូ៖ ត្បូង Zircon ពាក្យថា Zircon មកពីពាក្យអារ៉ាប់ថា Zar និង Gun ដែលប្រែថាពណ៌មាស ហើយបើតាមរយៈទេវកថាបានឱ្យដឹងថា ត្បូងមួយនេះមានប្រសិទ្ធភាពអាចព្យាបាលជំងឺ និងជាយ័ន្តការពារមុខរបួស ឬគ្រោះថ្នាក់ផ្សេងៗបាន។ មិនខុសពីអ្នកដែលកើតនៅខែធ្នូរទេ គេជាមនុស្សដែលជួយលើកកម្ពស់ស្មារតីមនុស្សដែលនៅជុំវិញខ្លួនគេ គេជាមនុស្សរីករាយ ស្រស់ស្រាយ ចូលចិត្តសើច

ជាមនុស្សមានកម្លាំងថាមពលខ្លាំង និងជាមនុស្សចូលចិត្តធ្វើដំណើរផ្សងព្រេងជាដើម។ ហើយបើអ្នកចង់មានមិត្តដើរលេង ឬធ្វើដំណើរកម្សាន្តឆ្ងាយៗ អ្នកកើតខែធ្នូរជាដៃគូល្អបំផុតរបស់អ្នក៕

ប្រភព៖ relrules ប្រែ​សម្រួល៖ សិរីរត្នន៍