អាហារ៥មុខ បើញ៉ាំជាប្រចាំជួយស្ត្រីឱ្យនៅក្មេង និងមានសុខភាពល្អ

  • 2024-11-01 02:09:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អាហារទាំងនេះផ្តល់សារធាតុចិញ្ចឹមជាច្រើនដែលចាំបាច់សម្រាប់សុខភាពស្ត្រី ជាពិសេសសម្បូរជាតិដែក ដែលជួយការពារភាពស្លេកស្លាំង។ ស្ត្រីតែងតែចង់នៅក្មេងនិងមានសុខភាពល្អ មនុស្សជាច្រើនចាប់អារម្មណ៍តែលើអាហារបំប៉នកាល់ស្យូម និងកូឡាជែន ហើយមិនអើពើនឹងតួនាទីរបស់ជាតិដែក។ ជាតិដែកគឺជាសារធាតុរ៉ែដែលរាងកាយត្រូវការដើម្បីបង្កើតឈាម។ កង្វះជាតិដែកអាចបណ្តាលឱ្យមានភាពស្លេកស្លាំង និងប៉ះពាល់ដល់សុខភាព និងសម្រស់របស់ស្ត្រី។

នៅពេលដែលទទួលរងពីភាពស្លេកស្លាំង ស្បែករបស់ស្ត្រីនឹងមិនសូវមានពណ៌ផ្កាឈូក រាងកាយរបស់នាងតែងតែនឿយហត់ ខ្វះថាមពល ងាយនឹងវិលមុខ បាត់បង់ការផ្តោតអារម្មណ៍ បាត់បង់ការចងចាំ សក់ជ្រុះ និងឆាប់ចាស់ជាដើម។ ស្ត្រីអាចបន្ថែមជាតិដែកតាមរយៈរបបអាហាររបស់ពួកគេដើម្បីការពារភាពស្លេកស្លាំងតាមរយៈអាហារទាំង៥ខាងក្រោម៖

១.ថ្លើម៖ ថ្លើមសត្វគឺជាអាហារមួយក្នុងចំណោមអាហារដែលមានជាតិដែកដ៏សម្បូរបែបបំផុត។ ថ្លើមសាច់គោ ១០០ ក្រាមអាចផ្តល់ជាតិដែករហូតដល់ ៦.៥ មីលីក្រាម។ លើសពីនេះ ថ្លើមសត្វក៏មានវីតាមីន A, B និងសារធាតុចិញ្ចឹមជាច្រើនទៀតដែលចាំបាច់សម្រាប់រាងកាយផងដែរ។ ថ្លើមក៏មានផ្ទុកសារធាតុ choline ដែលល្អសម្រាប់សកម្មភាពខួរក្បាល។

២.សណ្តែក៖ សណ្តែកមានប្រូតេអ៊ីនខ្ពស់ពីរុក្ខជាតិ ហើយក៏មានជាតិដែកផងដែរ។ នេះគឺជាក្រុមអាហារបំប៉នជាតិដែក ដែលស័ក្តិសមសម្រាប់អ្នកដែលទទួលទានម្ហូបបួស ឬ ស្រ្តីដែលចង់មានសម្រស់ក្មេងជាងវ័យ។

៣.ផ្សិតត្រចៀកកណ្តុរ៖ ផ្សិតត្រចៀកកណ្តុរគឺជាអាហារសម្បូរជាតិដែក។ បរិមាណជាតិដែកនៅក្នុងផ្សិតត្រចៀកកណ្តុរអាចខ្ពស់ជាង celery ២០ ដង និងខ្ពស់ជាងសាច់ជ្រូក ៧ ដង។ នេះគឺជាអាហារដ៏ល្អមួយក្នុងការទប់ស្កាត់ភាពស្លេកស្លាំងដែលបណ្តាលមកពីកង្វះជាតិដែក។ ផ្សិតត្រចៀកកណ្តុរក៏មានផ្ទុកនូវប្រូតេអ៊ីនបន្លែ ខ្លាញ់ និងវីតាមីន និងសារធាតុរ៉ែជាច្រើនផ្សេងទៀត ដែលជួយពង្រឹងសុខភាព។

៤.បន្លែស្ពៃ៖ បន្លែស្ពៃផ្តល់សារធាតុចិញ្ចឹមជាច្រើនដែលចាំបាច់សម្រាប់សុខភាព។ វាមិនត្រឹមតែសម្បូរទៅដោយជាតិសរសៃ ល្អសម្រាប់ការរំលាយអាហារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់នូវសារធាតុប្រឆាំងអុកស៊ីតកម្ម និងវីតាមីន A, C, K ជាច្រើនដើម្បីជួយទប់ស្កាត់ភាពចាស់។ លើសពីនេះ បន្លែស្ពៃមានផ្ទុកសារធាតុ sulforaphane ច្រើន ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលដែលអាចការពារបេះដូង ការពារជំងឺ និងជួយគ្រប់គ្រងជាតិស្ករក្នុងឈាម។

៥.ដំឡូង៖ ដំឡូងបារាំងមានសារធាតុចិញ្ចឹមជាច្រើនដែលចាំបាច់សម្រាប់សុខភាព។ ដំឡូងបារាំងធំមួយ (ប្រហែល ២៩៥ ក្រាម) អាចផ្តល់ជាតិដែក ៣.២ មីលីក្រាម។ ជាពិសេសសារធាតុចិញ្ចឹមត្រូវបានប្រមូលផ្តុំនៅក្នុងសំបករបស់ដំឡូង។ ដូច្នេះហើយ អ្នកគួរផ្តល់អាទិភាពរក្សាសំបកដំឡូងសម្រាប់ការកែច្នៃ។ ការស្រាវជ្រាវដោយក្រសួងកសិកម្មសហរដ្ឋអាមេរិកបង្ហាញថា ដំឡូងបារាំងដ៏ធំមួយអាចផ្តល់ជាតិដែកច្រើនជាងសាច់មាន់ ៨៤ ក្រាម។ លើសពីនេះ ដំឡូងបារាំងក៏ផ្តល់វីតាមីន C, B6 និងប៉ូតាស្យូមយ៉ាងច្រើនផងដែរ។ ទាំងនេះគឺជាសារធាតុចិញ្ចឹមសំខាន់ៗសម្រាប់សុខភាព។

ប្រភព៖ Thehealthsite ប្រែ​សម្រួល៖ សិរីរត្នន៍

អត្ថបទពេញនិយម
អត្ថបទថ្មី