ឈ្វេងយល់ ! ស្ត្រីមានផ្ទៃពោះ និងបញ្ហាសុខភាពមាត់ធ្មេញ

  • 2024-10-07 02:41:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សុខភាពមាត់ធ្មេញគឺមានសារៈសំខាន់ ហើយជាផ្នែកមួយដែលជួយអោយសុខភាពទូទៅមានភាពល្អប្រសើរ។ ដូច្នេះហើយការថែរក្សាសុខភាពមាត់ធ្មេញអោយបានល្អពេលមានផ្ទៃពោះ គឺសំខាន់សំរាប់ម្តាយ និងទារកដែលកំពុងកកើត និងរីកធំលូតលាស់ក្នុងផ្ទៃម្តាយ ដើម្បីជៀសវាងការបង្ករោគផ្សេងៗនៅក្នុងមាត់។

១ តើមានអ្វីប្រែប្រួលខ្លះនៅក្នុងមាត់ ពេលដែលស្ត្រីមានផ្ទៃពោះ?

  • ងាយក្នុងការរលាកអញ្ចាញធ្មេញ និងឈាមតាមជើងធ្មេញ

  • ងាយហើម និងដុះលូតវែងនៅអញ្ចាញធ្មេញ (Pregnancy Epulis Formation)

  • កើតឡើងនូវពងបែកក្នុងមាត់ជាញឹកញាប់ (Recurrent Aphthae)

២ តើស្ត្រីមានផ្ទៃពោះអាចធ្វើធ្មេញបានដែរ ឬទេ?

ជាទូទៅពាក្យថាធ្វើធ្មេញ មានន័យទូលំទូលាយណាស់

  • ការងារជាទូទៅដូចជា ការសំអាតធ្មេញ ឬប៉ះធ្មេញ មិនមានការប៉ះពាល់ និងការព្រួយបារម្មណ៍ឡើយ

  • ការងារដូចជា ការដកធ្មេញ ការព្យាបាលធ្មេញ ឬការវះកាត់ក្នុងមាត់ ត្រូវមានការប្រឹក្សាជាមួយទន្តបណ្ឌិត និងទាមទារនូវការពិនិត្យតាមដាន និងការយកចិត្តទុកដាក់ខ្ពស់

  • ការងារមួយចំនួនដែលធ្វើអោយសោភ័ណភាពប្រសើរ ដូចជា ពត់តំរង់ធ្មេញ គួររង់ចាំក្រោយសម្រាល

  • ជាទូទៅ ខែដែលមានសុវត្ថិភាពខ្ពស់ចំពោះអ្នកជំងឺដែលមានផ្ទៃពោះ គឺត្រីមាសទី២ (ខែទី៤ ទី៥ និងទី៦) ចំពោះការព្យាបាលធ្មេញ

៣ ប្រសិនបើស្ត្រីមានផ្ទៃពោះឈឺធ្មេញនៅក្នុងត្រីមាសទី១ ឬត្រីមាសទី៣ គួរធ្វើដូចម្តេច?

  • សូមប្រឹក្សាជាមួយទន្តបណ្ឌិតជំនាញ ដើម្បីរកវិធីសាស្ត្រជួយក្នុងការបំបាត់ការឈឺចាប់

  • ការប្រើប្រាស់ថ្នាំដោយខ្លួនឯងមិនមានវេជ្ជបញ្ជា អាចបង្កគ្រោះថ្នាក់ដល់ម្តាយ និងកូនក្នុងផ្ទៃ

  • ក្នុងករណីមានការរលាកស្រួចស្រាវដែលត្រូវធ្វើការព្យាបាលបន្ទាន់ដូចជា ការករខ្ទុះពីធ្មេញនាំអោយហើមមុខមាត់ ត្រូវមានការប្រឹក្សាពីគ្រូពេទ្យផ្នែកសម្ភព និងសហការជាមួយទន្តបណ្ឌិតយ៉ាងជិតស្និទ្ធក្នុងការជួយរកដំណោះស្រាយ សុវត្ថិភាពជូនអ្នកជំងឺ

៤ តើការថតកាំរស្មី X-ray សំរាប់ព្យាបាលធ្មេញប៉ះពាល់ដល់កូនក្នុងផ្ទៃដែរ ឬទេ?

  • នៅក្នុងត្រីមាសទី១ ប្រសិនបើអាច គួរជៀសវាងការថត

  • បើសិនជាត្រូវថត ខាងគ្រូពេទ្យនឹងមានអាវសំណការពារ ដែលផ្តល់សុវត្ថិភាពដល់ទារកក្នុងផ្ទៃ

៥ ហេតុអ្វីបានជាកុមារខ្លះ ពេលដុះធ្មេញមានពណ៌ក្រម៉ៅខ្លាំង?

ការប្រើប្រាស់ថ្នាំសះប្រភេទ Tetracycline នៅពេលស្ត្រីមានផ្ទៃពោះ គឺធ្វើអោយកូនកើតមកមានពណ៌ធ្មេញក្រម៉ៅខ្លាំង សូមជៀសវាងការប្រើថ្នាំសះប្រភេទនេះ។

៦ អនុសាសន៍៖

  • សូមធ្វើអនាម័យមាត់ធ្មេញជាប្រចាំ

  • ណាត់ជួបជាមួយទន្តបណ្ឌិតរៀងរាល់៦ខែម្តង ដើម្បីពិនិត្យសុខភាពមាត់ធ្មេញ

ប្រភព៖ មន្ទីរពេទ្យកាល់ម៉ែត calmettehospital

អត្ថបទ៖ Tep Sovannmoly