តើជំងឺហឺត ព្យាបាលជាដែរឬទេ?
- 2024-09-16 02:43:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តើជំងឺហឺត ព្យាបាលជាដែរឬទេ?
១. តើអ្វីទៅជាជំងឺហឺត
ជំងឺហឺត ជាជំងឺរលាកទងសួតរ៉ាំរ៉ៃដែលបង្កឡើយដោយប្រតិកម្មទងសួតជាមួយនឹងអាឡែកហ្សែន បន្ទាប់មកធ្វើអោយមានការត្បៀតទងសួតជាហេតុដែលបណ្តាលអោយមានការលំបាកក្នុងការដកដង្ហើមចេញ។
២. អាឡែកហ្សែន ជាអ្វី?
អាឡែកហ្សែនជាសារធាតុទាំងឡាយណាដែលអាចបង្កអោយមានប្រតិកម្មអាឡែកហ្ស៊ី ។ អាឡែកហ្សែនផ្លូវដង្ហើមអាចមានដូចជា៖
រោមសត្វជាពិសេសសត្វឆ្មា
សត្វល្អិតតូចៗដែលនៅតាមផួយ មុង កន្ទេល
លំអងផ្កា
ផ្សែងបារី ផ្សែងអូស ផ្សែងម៉ូតូឡាន ឬផ្សែងធូប
អាកាសធាតុត្រជាក់
ក្លិនឈួលខ្លាំង
សារធាតុគីមី ។ល។
៣ .រោគសញ្ញាហឺតមានដូចម្តេចខ្លះ?
រោគសញ្ញាហឺតអាចមានដូចជា៖
ហត់
ដកដង្ហើមចេញពិបាក (អាចលឺសំឡេង ងឺតៗ ដូចសំឡេងឆ្មា)
ក្អក ជាពិសេសនៅពេលយប់ឬ ពេលអាកាសធាតុត្រជាក់
ណែនទ្រូង
ផ្តាសាយញឹកញាប់
៤ .តើហឺតអាចព្យាបាលជាឬអត់?
រហូតមកដល់បច្ចប្បន្នថ្វីត្បិតតែពុំទាន់មានថ្នាំព្យាបាលជាដាច់ តែគេអាចគ្រប់គ្រងជំងឺហឺតបានប្រសើរ មានន័យថាអាចជំងឺអាចរស់នៅបានសុខសប្បាយដូចគេដូចឯងដោយពុំមានរោគសញ្ញារំខាន។ ករណីហឺតខ្លះអាចព្យាបាលជាដាច់បានទាល់តែហឺតនោះបង្កឡើយដោយអាឡែកហ្សែនជាក់លាក់ ឧទាហរណ៍ បើហឺតបង្កដោយអាឡែកហ្ស៊ីរោមឆ្មា នោះបើឈប់ប៉ះពាល់នឹងឆ្មានោះជំងឺហឺតនឹងជាដាច់។
៥ .តើត្រូវព្យាបានដូចម្តេច?
ការព្យាបាលហឺតដោយប្រសិទ្ធភាពខ្ពស់ត្រូវ៖
ជៀសវាងអោយបានពីអាឡែកហ្សែន ដែលបង្កអោយមានប្រតិកម្មទងសួត។
ប្រើថ្នាំតាមវេជ្ជបញ្ជាដែលមានថ្នាំ២ក្រុមសំខាន់ៗ ។ ទី១ ជាប្រភេទថ្នាំសង្គ្រោះបន្ទាន់ ដែលប្រើតែពេលមានរោគសញ្ញារំខានតែប៉ុណ្ណោះ (Reliever medications) ។ ទី២ ជាប្រភេទថ្នាំព្យាបាលការរលាកជាប្រចាំនៃទងសួត ឬ ជាថ្នាំការពារកុំអោយមានរោគសញ្ញារំខាន (controller medications)។
ប្រភព៖ មន្ទីរពេទ្យកាល់ម៉ែត - Calmette Hospital