តើការធ្លាក់ឈាមក្រោយសម្រាល អាចបណ្តាលមកពីមូលហេតុអ្វី

  • 2024-09-11 02:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

១. អ្វីទៅជាការធ្លាក់ឈាមក្រោយសម្រាល?

រាល់ការបាត់បង់ឈាមដែលមានបរិមាណចាប់ពី ៥០០ml ឡើងទៅនោះគេហៅថាការធ្លាក់ឈាមក្រោយសម្រាល។ ហើយបើការបាត់បង់ឈាមចាប់ពី ១០០០ml នោះគេហៅថាការធ្លាក់ឈាមកម្រិតធ្ងន់ធ្ងរ។ ការធ្លាក់ឈាមក្រោយសម្រាលគេបែងចែកជា ២ប្រភេទ៖

  • ការធ្លាក់ឈាមក្រោយសម្រាលភ្លាមៗ: រាល់ការបាត់បង់ឈាមដែលមានបរិមាណចាប់ពី ៥០០ml ឡើងទៅក្នុងកំឡុងពេល ២៤ម៉ោងក្រោយសម្រាល។

  • ការធ្លាក់ឈាមក្រោយសម្រាលអូសបន្លាយ: រាល់ការបាត់បង់ឈាមដែលមានបរិមាណចាប់ពី ៥០០ml ក្នុងរយៈពេលលើសពី ២៤ម៉ោងរហូត ដល់ ៦សប្តាហ៍។

ចំណាំ៖ ចំពោះស្ត្រីដែលមានភាពស្លេកស្លាំងនៅពេលមានផ្ទៃពោះគ្រប់ខែ ទោះជាការបាត់បង់ឈាមតិចជាង ៥០០ml ក៏អាចប៉ះពាល់ដល់អាយុជីវិតផងដែរ មិនចាំបាច់ដល់តែលើសពី ៥០០ml ទេ។

២. មូលហេតុនៃការធ្លាក់ឈាមក្រោយសម្រាល?

  • ស្បូនទន់ ឫខ្សោយនៅការកន្រ្តាក់រួមមកវិញក្រោយសម្រាល (Atonie utérine 70%)

  • ការដាច់រហែកនៅតំបន់ទ្វារមាស តំបន់មាត់ស្បូន ឫតំបន់ប៉េរីណេ (Déchirure des filières génitales 20%)

  • ការនៅសល់សុក ឫកំទេចសុកនៅក្នុងស្បូន (Rétention placentaire ou débris placentaires 10%)

  • វិបិត្តកំណកឈាម (Trouble de coagulation ១%)

៣. កត្តាប្រឈម៖

  • កត្តាបណ្តាលមកពីស្បូនរីកធំក្នុងកំឡុងពេលមានផ្ទៃពោះ ដូចជាករណី៖

• កូនថ្លោះ

• កូនភ្លោះ

• ទឹកភ្លោះច្រើន

  • ស្ត្រីធ្លាប់សម្រាលកូនច្រើនដង

  • ស្រ្តីដែលធាត់ពេកពេលមានផ្ទៃពោះ

  • ស្ត្រីដែលធ្លាប់មានប្រវត្តិធ្លាក់ឈាមក្រោយសម្រាល

  • ឈឺពោះយូរ

  • សម្រាលបុត្រលឿនពេក

  • ស្រ្តីដែលមានសុកពាំងមាត់ស្បូន មានដុំឈាមកកនៅពីក្រោយសុក មានដុំសាច់នៅនឹងស្បូន ។

  • ស្រ្តីដែលមានភាពស្លេកស្លាំងក្នុងពេលមានផ្ទៃពោះ ។

  • កត្តាប្រឈមមកពីការប្រើប្រាស់ថ្នាំមួយចំនួន Inhibiteur calcique, Bêta-mimétique , Anticoagulants…

  • កត្តាប្រឈមមកពីវិបត្តិកំណកឈាមពីកំណើត

៤ ផលវិបាកដែលស្ត្រីអាចជួប (Complications)៖

  • វិបត្តិកំណកឈាមដែលធ្វើឲ្យមានការបាត់បង់ជីវិត

  • វិបត្តិផ្លូវតម្រងនោម (ខូចតម្រងនោម)

  • វិបត្តិគ្មានកូន

៥ អនុសាស្រ្តរបស់ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យកាល់ម៉ែត៖

  • ស្រ្តីគួរមកពិនិត្យផ្ទៃពោះអោយបានទៀងទាត់តាមការណាត់របស់គ្រូពេទ្យដើម្បីអោយគ្រូពេទ្យស្វែងរកនៅកត្តា ប្រឈមមួយចំនួនដែលស្រ្តីមាននៅកំឡុងពេលមានផ្ទៃពោះ។

  • ស្រ្តីគួរញ៉ាំជាតិដែកអោយបានតិចបំផុត ៩០គ្រាប់ ចំពោះស្រ្តីដែលគ្មានភាពស្លេកស្លាំងពីមុន។

  • ស្រ្តីមិនត្រូវអោយឡើងទម្ងន់ខ្លួនខ្លាំងពេកទេនៅពេលមានផ្ទៃពោះរហូតដល់ពេលគ្រប់ខែ។

  • ស្រ្តីគួរមកពិនិត្យផ្ទៃពោះ និងសម្រាលបុត្រនៅកន្លែងណាដែលមានគ្រប់ជំនាញ និងសម្ភារៈចំពោះស្រ្តីដែលគ្រូពេទ្យរកឃើញថាគាត់មានកត្តាប្រឈមនៅពេលមានផ្ទៃពោះ។

ប្រភព៖ មន្ទីរពេទ្យកាល់ម៉ែត - Calmette Hospital

អត្ថបទ៖ Tep Sovannmoly

អត្ថបទពេញនិយម