ក្រសួងកិច្ចការនារី ទទួលបានពានរង្វាន់ «សេដ្ឋកិច្ចដែលគិតគូរពីសុខុមាលភាព»
- 2024-08-27 06:29:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រសួងកិច្ចការនារី ទទួលបានពានរង្វាន់ «សេដ្ឋកិច្ចដែលគិតគូរពីសុខុមាលភាព»
នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងជាតំណាងកម្ពុជាសម្រាប់កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអាស៊ាន (AMMW) បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលស្រ្តីអាស៊ានលើកទី៣ (The 3rd ASEAN Women Leaders’ Summit) ក្រោមមូលបទ “ការពង្រឹងសេដ្ឋកិច្ចគិតគូរពីសុខុមាលភាព និងភាពធន់ឆ្ពោះទៅសហគមន៍អាស៊ានក្រោយឆ្នាំ២០២៥” ដែលប្រព្រឹត្តិទៅនៅទីក្រុងវៀងចន្ទ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
កិច្ចប្រជុំកំពូលស្រ្តីអាស៊ានលើកទី៣ មានគោលបំណង ដើម្បី៖
១. ទទួលស្គាល់តួនាទីដ៏សំខាន់ និងភាពខ្លាំងរបស់មេដឹកនាំស្ត្រី និងស្ត្រីទាំងអស់ក្នុងតំបន់អាស៊ាន ក្នុងការស្តារឡើងវិញក្រោយជំងឺរាតត្បាតកូវីដ-១៩។
២. លើកឡើងជាថ្មីនូវការប្តេជ្ញាចិត្តរបស់អាស៊ានក្នុងការគាំទ្រស្ត្រី និងក្មេងស្រីនៅក្នុងសេដ្ឋកិច្ចគិតគូរពីសុខុមាលភាពដែលមានប្រាក់កម្រៃ និងមិនមានប្រាក់កម្រៃ ដែលជារបៀបវារៈដ៏សំខាន់ក្នុងថ្នាក់តំបន់។
៣. ទទួលស្គាល់លើបញ្ហាប្រឈម និងកាលានុវត្ថភាព ក្នុងការគាំទ្រស្ត្រី និងក្មេងស្រីក្នុងបរិបទនៃការកសាងភាពធន់។
៤. អនុម័តសេចក្តីថ្លែងការណ៍ចុងក្រោយដែលកំណត់អនុសាសន៍ជាក់លាក់សម្រាប់ដោះស្រាយបញ្ហាប្រឈមរបស់ស្ត្រី និងក្មេងស្រីនៅក្នុងបរិបទនៃសេដ្ឋកិច្ចគិតគូរពីសុខុមាលភាពដែលមានប្រាក់កម្រៃ និងមិនមានប្រាក់កម្រៃ ព្រមទាំងការកសាងភាពធន់។
នៅក្នុងកិច្ចប្រជុំកំពូលស្រ្តីអាស៊ានលើកទី៣ លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្រ្តី បានធ្វើបទអន្តរាគមន៍ ស្ដីពីការពង្រឹងសេដ្ឋកិច្ចគិតគូរពីសុខុមាលភាព និងភាពធន់ឆ្ពោះទៅ សហគមន៍ អាស៊ាន ក្រោយឆ្នាំ២០២៥ ដោយបានបង្ហាញពីការយកចិត្តទុកដាក់ របស់រដ្ឋាភិបាលកម្ពុជា តាមរយៈយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងផែនការសកម្មភាពនារីរតនៈទី៦ ឆ្នាំ ២០២៤-២០២៨ ដោយមានសេដ្ឋកិច្ចគឺជាអាទិភាព ដ៏សំខាន់។ ជាមួយគ្នានេះដែរលោកជំទាវកិត្តិបណ្ឌិតក៏បានបញ្ជាក់ផងដែរថា កម្ពុជាកំពុងតែបញ្ចប់នូវ ក្របខណ្ឌផែនការសកម្មភាពសេដ្ឋកិច្ចជាតិ នៃសេដ្ឋកិច្ចគិតគូរពីសុខុមាលភាព និងការងារមើលថែដែលមិនទទួលបានប្រាក់កម្រៃ ដែលយកចិត្តទុកដាក់ លើ៖
១. ហេដ្ឋារចនាសម្ព័ន្ធ ផ្នែកថែទាំសុខុមាលភាព (Care Infrastructure)
២. វិធានការគាំពារនិងថែទាំពាក់ព័ន្ធនឹងគាំពារសង្គម (Care-related social protection)
៣. សេវាផ្នែកថែទាំ (Care Services)
៤. គោលនយោបាយពាក់ព័ន្ធនឹងថែទាំ នៅក្នុងការងារ (Employment-related to care policies)។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ដល់កិត្តិយសដ៏ខ្ពងខ្ពស់ថ្លែងសុន្ទរកថា លើសេចក្ដីព្រាងសេចក្ដីថ្លែងការណ៍ស្ដីពី “ការពង្រឹងសេដ្ឋកិច្ចគិតគូរពីសុខុមាលភាព និងភាពធន់ឆ្ពោះទៅសហគមន៍អាស៊ានក្រោយឆ្នាំ២០២៥” ដោយផ្ដោតសំខាន់ក្នុងការវិនិយោគលើការងារមើលថែ (Care Work) គឺជាវិធីសាស្រ្តស្នូលមួយ សម្រាប់សមភាពយេនឌ័រ ការអភិវឌ្ឍមូលធនមនុស្ស សុខុមាលភាព និងកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព៕