កម្ពុជា បង្ហាញទំនុកចិត្ដ និងឱកាសវិនិយោគថ្មីៗសម្រាប់វិនិយោគិនបរទេសក្នុងប្រទេសអាស៊ាន និងនៅលើពិភពលោក
- 2024-08-04 12:46:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្ពុជា បង្ហាញទំនុកចិត្ដ និងឱកាសវិនិយោគថ្មីៗសម្រាប់វិនិយោគិនបរទេសក្នុងប្រទេសអាស៊ាន និងនៅលើពិភពលោក
វេទិកា សហគ្រិនកំពូល និងពានរង្វាន់សហគ្រិនស្ដ្រីឆ្នើមអាស៊ាន(AWEN) ឆ្នាំ២០២៤ បានប្រកាសបើក និងដំណើរការយ៉ាងរលូនរហូតដល់វគ្គចុងក្រោយ នៃការប្រគល់រង្វាន់ដល់សហគ្រិនស្ដ្រីឆ្នើមកាលពីព្រលប់ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ ក្រោមវត្ដមានប្រកាសបើកវេទិការបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា។
វេទិកា សហគ្រិនកំពូលនេះគឺជាគំនិតផ្តួចផ្តើមដែលបង្កើតឡើងដោយប្រទេសកម្ពុជា ក្នុងការបង្កើតវេទិកាអាជីវកម្មអន្តរជាតិមួយដែលត្រូវប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅកម្ពុជា ដោយនាំយកអ្នកមានទេពកោសល្យខាងអាជីវកម្ម សេដ្ឋកិច្ច និងវិស័យពាក់ព័ន្ធមកពិភាក្សា សហការ និងការផ្តួចផ្តើមអាជីវកម្មនានាក្នុង និងពីប្រទេសកម្ពុជា។
លើសពីនេះ ទៅទៀត វេទិកានេះ គឺជាឱកាសល្អសម្រាប់កម្ពុជាបង្ហាញពីសក្ដានុពល និងលទ្ធភាពវិនិយោគទៅកាន់ប្រតិភូ នៃសហគ្រិនឆ្នើមៗរបស់ប្រទេសក្នុងតំបន់អាស៊ាន នៅក្នុងប្រទេសកម្ពុជា។ សហគ្រិនឆ្នើម និងអ្នកវិនិយោគដែលភាគច្រើនជាស្ដ្រីពីបណ្ដាប្រទេសអាស៊ាន បានជួបពិភាក្សាគ្នាពីស្ថានភាពសេដ្ឋកិច្ចសកល និងឱកាសពង្រីកទីផ្សារអាជីវកម្មរបស់ខ្លួនក្នុងវេទិកាដ៏មានសារៈសំខាន់ពេញមួយថ្ងៃនៅសណ្ឋាគារលំដាប់ផ្កាយប្រាំ សូហ្វីតែល ភ្នំពេញ។
នៅក្នុងឱកាសនេះដែរ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងប្រសាសថា “ស្ត្រីជាបេះដូងនៃគ្រួសារ ស្មារតីសហគមន៍ និងមនសិការរបស់ប្រទេសជាតិ”។ លើសពីនេះទៅទៀត សម្ដេចក៏បានលើកយកនូវកាសនេះដើម្បីរំលេចនូវសក្ដានុពលស្ត្រី ដោយប្រជាជនប្រមាណ 60លាននាក់ ដែលស្មើរនឹង 9.8% នៃចំនួនប្រជាជនក្នុងសហគមន៍អាស៊ានទាំងមូល គឺជាសហគ្រិនស្ត្រី និងជាម្ចាស់អាជីវកម្ម។
បន្ទាប់ពីកម្មវិធីប្រកាសបើកដោយសម្ដេចនាយករដ្ឋមន្ដ្រី វេទិកា “សហគ្រិនឆ្នើម និងពានរង្វាន់បណ្ដាញសហគ្រិនស្ដ្រីឆ្នើមអាស៊ាន(AWEN) ឆ្នាំ២០២៤ ក៏បានចាប់ផ្ដើមពិភាក្សា និងចែករំលែកបទពិសោធន៍ក្នុងការធ្វើធុរកិច្ច និងការរលាស់ខ្លួនចេញពីវិបត្ដិសេដ្ឋកិច្ចសកល ដោយមានវាគ្មិនល្បីៗពីវិស័យឯកជនដូចជា៖ អ្នកឧកញ៉ា សៀ រិទ្ធី ឧកញ៉ា ជា គីន ឧកញ៉ា ស៊ិន ចន្ធី និងអ្នកជំនាញពីខាងរាជរដ្ឋាភិបាលវិញ គឺមានដូចជា៖ អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា ឯកឧត្ដម ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងឧស្សាហកម្ម ឯកឧត្ដម ហែម វណ្ណឌី និងរដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្មលោកជំទាវ ជា រដ្ឋា ជាដើម។
សម្រាប់ឆ្នាំ២០២៤ នេះ វេទិកាបានផ្តោតលើកិច្ចពិភាក្សាលើការធ្វើជំនួញ និងការធ្វើពាណិជ្ជកម្ម។ វេទិកា ត្រូវបានបង្កើតឡើងក្នុងគោលបំណងឱ្យស្ត្រីនៅក្នុងវិស័យសេដ្ឋកិច្ចទាំងអស់នៅក្នុងរដ្ឋជាសមាជិកអាស៊ានផ្ដោតលើ៖ ការបង្កើតវេទិកាក្នុងតំបន់ ការគាំទ្រសហគ្រិនស្ត្រីអាស៊ានឱ្យមានលទ្ធភាពទទួលបានគ្រឹះស្ថានហិរញ្ញវត្ថុកាន់តែប្រសើរឡើង ផ្តល់ឱកាសឱ្យសហគ្រិនទាំងនេះបង្កើតបណ្តាញសហគមន៍យ៉ាងរឹងមាំមួយ បង្កើតមូលនិធិសម្រាប់គំនិតអាជីវកម្មច្នៃប្រឌិតនានាឱ្យទទួលបានជោគជ័យ។
ចំណែកពានរង្វាន់សហគ្រិនស្រ្តីឆ្នើមអាស៊ានត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០១៥ មក ដែលក្នុងនោះសហគ្រិនស្ត្រីឆ្នើម អាស៊ានជិត ១០០០នាក់ ទទួលបានពានរង្វាន់នេះ។ រីឯសហគ្រិនស្រ្តីឆ្នើមកម្ពុជាលើសពី ៦០នាក់ ទទួលបានពាននៅក្នុងឱកាសចូលរួមវេទិកាដែលត្រូវបានរៀបចំឡើងនៅក្នុងប្រទេសអាស៊ានគិតមកដល់ពេលនេះ។ សម្រាប់វេទិកា ពានរង្វាន់បណ្ដាញសហគ្រិនស្ដ្រីឆ្នើមអាស៊ាន(AWEN) ឆ្នាំ២០២៤ នេះ សហគ្រិនស្ត្រីឆ្នើមអាស៊ានចំនួន ២៣រូបដែលជាជនជាតិខ្មែរ ក្នុងចំណោមជ័យលាភីសហគ្រិនស្ត្រីសរុប ១០០រូប គឺត្រូវបានប្រកាសជាពានរង្វាន់ជ័យលាភីប្រចាំឆ្នាំ ២០២៤៕