កត្តាគួរពិចារណា មុននឹងសម្រេចចិត្តទទួលការវះកាត់ត្របកភ្នែក?
- 2024-06-19 04:19:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កត្តាគួរពិចារណា មុននឹងសម្រេចចិត្តទទួលការវះកាត់ត្របកភ្នែក?
ការវះកាត់កែទម្រង់ភ្នែក ដែលភាសាសាមញ្ញអ្នកជំងឺតែងតែហៅថា កាត់ត្របកភ្នែក គឺជាការវះកាត់មួយដែលស្តាប់ទៅតូចក៏ប៉ុន្តែទាមទារបច្ចេកទេស ភាពមត់ចត់ និងភាពច្បាស់លាស់ខ្លាំង។
ការវះកាត់ត្របកភ្នែករួមបញ្ចូលការកាត់យកស្បែកដែលលើសលប់ យារធ្លាក់ និងការវះកាត់យកខ្លាញ់ដែលដក់ ឬលើសនៅស្រទាប់ក្រោមសាច់ដុំភ្នែក ដែលលទ្ធផលក្រោយការវះកាត់គឺអាចធ្វើឲ្យអ្នកជំងឺស្រលះភ្នែក មិនមានអារម្មណ៍ថាទឹកមុខមើលទៅនឿយហត់ ហើយដែលល្អជាងនេះទៀតគឺអាចជួយកាត់បន្ថយបញ្ហារកាំភ្នែក ឬរមាស់ភ្នែកដោយសារស្បែកនៃត្របកភ្នែកយារធ្លាក់សង្កត់ទៅលើកែវភ្នែក។
លោក វេជ្ជបណ្ឌិត អ៊ុក សុវណ្ណវិចិត្រា ឯកទេសវះកាត់កែសម្ផស្សប្រចាំការនៅគ្លីនិក មៀរ៉ាបានបញ្ជាក់ថា ការវះកាត់ត្របកភ្នែកចែកជា ២ ផ្នែកគឺត្របកភ្នែកលើ និងត្របកភ្នែកក្រោម។ ដែលក្នុងនោះដែរ ការវះកាត់ត្របកភ្នែកលើ គឺយើងចែកជា ២ ដូចគ្នា នោះគឺ៖
១/ ការវះកាត់ដើម្បីកែលម្អ :
ការវះកាត់ដើម្បីកែលម្អគឺសំដៅទៅលើករណីអ្នកជំងឺដែលមានវ័យចាប់ពីអាយុ ៥០ឆ្នាំឡើងទៅ ដែលបញ្ហាដែលគាត់មកពិគ្រោះគឺដោយសារសភាពស្បែកភ្នែកផ្នែកខាងលើរ បស់គាត់មានសភាព យារធ្លាក់ខ្លាំង ដែលវាគ្របដណ្តប់ពីលើភ្នែករបស់គាត់ធ្វើឲ្យគំហើញរបស់គាត់បាត់បង់ និងពេលខ្លះទៀតអាចធ្វើឲ្យរោមភ្នែករបស់គាត់ចាក់ ឬកកិតជាមួយភ្នែករបស់គាត់ធ្វើឲ្យមានបញ្ហារកាំភ្នែក និងហូរទឹកភ្នែកជាដើម។
២/ ការវះកាត់ដើម្បីកែសម្ផស្ស : ការវះកាត់កែសម្ផស្សដែលអ្នកជំងឺតែងតែហៅថា កាត់ត្របកភ្នែក២ជាន់ ជាទូទៅយើងអនុវត្តន៍វាសម្រាប់អ្នកជំងឺដែលមានវ័យក្មេង ហើយភ្នែករបស់គាត់គ្រាន់តែមានភាពយារធ្លាក់តិចតួច និងមិនមានគន្លាក់ភ្នែក ដែលយើងហៅថាត្របកភ្នែក ២ ជាន់។
ក្នុងនោះផងដែរ លោក វេជ្ជបណ្ឌិត បានបន្ថែមថា អ្នកជំងឺគប្បីយល់ដឹងនូវកត្តាមួយចំនួន មុននឹងសម្រេចចិត្តទទួលការវះកាត់ត្របកភ្នែក
១/ ត្រូវដឹងថាយើងមានជំងឺប្រចាំកាយ (ទឹកនោមផ្អែម លើសឈាម បញ្ហាកំណកឈាម)
២/ ត្រូវវះកាត់ជាមួយវេជ្ជបណ្ឌិតឯកទេស ចៀសវាងផលវិបាកនៃការវះកាត់ខុសបច្ចេកទេស (ភ្នែកលំអៀង មិនស្មើគ្នា ភ្នែកបិទមិនជិត ឬភ្នែកស្ងើតដោយការវះកាត់យកស្បែក ឬខ្លាញ់លើសលប់
៣/ យល់ដឹងឲ្យបានច្បាស់អំពីនីតិវិធីនៃការវះកាត់ (កាត់ស្បែក ឬកាត់ទាំងស្បែកទាំងខ្លាញ់)
៤/ មានពេលវេលាសម្រាកគ្រប់គ្រាន់ក្រោយការវះកាត់ ជៀសវាងការធ្វើការងារធ្ងន់ដែលធ្វើឲ្យរបួសជាសះមិនល្អ
៥/ ត្រូវមកសម្អាត និងតាមដានរបួសឲ្យបានទៀតទាត់តាមការណាត់
៦/ ការពារកុំឲ្យត្រូវកម្ដៅថ្ងៃក្រោយវះកាត់រួច (១ សប្តាហ៍ ទៅ២ សប្តាហ៍)
៧/ ការតាមដានបន្ត និងការណាត់ជួបជាមួយវេជ្ជបណ្ឌិតក្រោយការវះកាត់ ហើយប្រសិនបើអ្នកជំងឺកត់សម្គាល់ឃើញសញ្ញាមិនប្រក្រតីណាមួយ សូមប្រញាប់ទាក់ទង ឬត្រលប់មកជួបវេជ្ជបណ្ឌិតវិញ។
ជាចុងក្រោយមុននឹងទទួលយកការវះកាត់កែលម្អ ឬវះកាត់កែសម្ផស្សណាមួយ សូមបងប្អូនទាំងអស់គ្នាគប្បីពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិតឯកទេសជាមុនសិន។