ពេលណាទើបយើងអាចកំណត់ថាស្ត្រីអស់រដូវ មានរោគសញ្ញានិងផលវិបាកអ្វីខ្លះកើតឡើង

  • 2024-06-06 01:45:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជាទូទៅយើងកំណត់ថាស្ដ្រីអស់រដូវនៅពេលដែលស្ដ្រីមិនមករដូវរយៈពេល១ឆ្នាំពេញ។ ស្ដ្រីអាចនឹងមានអាយុចន្លោះពី៤៥ទៅ៥៥ឆ្នាំ។ តើពេលណាទើបយើងអាចកំណត់ថាស្ត្រីអស់រដូវ? តើមុនពេលអស់រដូវមានរោគសញ្ញាអ្វីខ្លះ? តើក្រោយពេលអស់រដូវមានផលវិបាកអ្វីខ្លះ? មុននឹងអស់រដូវស្ដ្រីនឹងមានការមករដូវមិនទៀងរយៈពេល៤ឆ្នាំ។ ម៉្យាងវិញទៀតការមករដូវមិនទៀងនេះប្រែប្រួលពីស្ដ្រីម្នាក់ទៅស្ត្រីម្នាក់៖

  1. ស្ត្រីមួយចំនួនរដូវមកតិចជាងធម្មតា

  2. ស្ត្រីខ្លះរដូវមកច្រើនជាងធម្មតា

  3. ស្ដ្រីមួយក្រុមទៀតគឺរដូវមកយូរលើសពី៧ថ្ងៃ។

ក្រៅពីបញ្ហារដូវដូចរៀបរាប់ខាងលើស្ត្រីអាចនឹងមានរោគសញ្ញាផ្សេងទៀតដូចជា៖

  1. ក្ដៅមុខ ស្ដ្រីអាចមានអារម្មណ៍ក្ដៅពីផ្នែកខាងលើនៃដើមទ្រូង ឡើងមកដល់ផ្ទៃមុខនិងមានអាការៈញ័រដើមទ្រូង។ អាការៈនេះអាចកើតឡើង៧ទៅ៨ដងក្នុង១ថ្ងៃ ១ដងៗមានរយៈពេល២ទៅ៤នាទី ជាពិសេសច្រើនកើតនៅពេលយប់។
  2. ជំងឺបាក់ទឹកចិត្ត ស្ដ្រីមានការពិបាកចិត្ត គិតច្រើននិងបារម្មណ៍ច្រើនជាងធម្មតា។
  3. ការរំខានដំណេក ស្ត្រីតែងតែជួបបញ្ហាបែកញើសខ្នងនៅពេលគេងនិងគិតច្រើនពេលយប់ធ្វើអោយការគេងមិនគ្រប់គ្រាន់និងស្ងប់ល្អ។
  4. ខ្សោយការចងចាំ នៅពេលដែលអរម៉ូនស្ត្រីទាប ធ្វើអោយស្ត្រីឆាប់ភ្លេចនិងពិបាកក្នុងការចងចាំ។
  5. ស្ងួតទ្វារមាស ស្ត្រីបាត់បង់ចំណង់ផ្លូវភេទនិងមានការរលាកបន្ទាប់ពីនៅជាមួយដៃគូរ។
  6. រោគសញ្ញាផ្សេងៗ
  • ឈឺសន្លាក់
  • ឈឺដើមទ្រូង
  • ឈឺក្បាល

ផលវិបាកក្រោយអស់រដូវ

  1. ឆ្អឹងកងស្ត្រីនឹងចាប់ផ្ដើមស្ពូត បន្ទាប់មកវិវឌ្ឍន៍ទៅជាពុកដែលបណ្ដាលមកពីកង្វះជាតិរ៉ែក្នុងឆ្អឹង។
  2. ឡើងទំងន់ដោយសារឡើងជាតិខ្លាញ់ក្នុងខ្លួន។
  3. លំនឹងខ្លួនប្រាណធ្លាក់ចុះ ធ្វើអោយងាយដួល។
  4. រលាកសន្លាក់ឆ្អឹង
  5. កើតជំងឺរវើរវាយ
  6. ស្បែកឡើងជ្រួញ

ការណែនាំរបស់គ្រូពេទ្យ វេជ្ជបណ្ឌិត​ វុឌ្ឍ សោភារចនា​ ឯកទេស​សម្ភព និងរោគស្ត្រីនៅមន្ទីរសម្ភព រ៉ូសខាងក្រោម៖

  1. បរិភោគអាហារដែលសំបូរទៅដោយវីតាមីនD និង កាល់ស្យូម។
  2. ធ្វើលំហាត់ប្រាណដើម្បីរក្សាទំងន់
  3. មិនត្រូវពិសារបារី
  4. មិនត្រូវតមអាហារដើម្បីសម្រកទម្ងន់ អាចធ្វើអោយខ្វះសារជាតិចិញ្ចឹមរាងកាយ
  5. មិនត្រូវពិសារគ្រឿងស្រវឹងច្រើន

ប្រភព៖ មន្ទីរសម្ភព រ៉ូស

អត្ថបទ៖ សិរីរត្នន៍

អត្ថបទពេញនិយម
អត្ថបទថ្មី