តស់! មកដឹងថ្ងៃចូលឆ្នាំថ្មីឆ្នាំរោង ២០២៤ ទេពធីតាព្រះនាមអ្វី ចូលម៉ោងប៉ុន្មាន និងរណ្តាប់ទទួលទេវតា
- 2024-03-25 04:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តស់! មកដឹងថ្ងៃចូលឆ្នាំថ្មីឆ្នាំរោង ២០២៤ ទេពធីតាព្រះនាមអ្វី ចូលម៉ោងប៉ុន្មាន និងរណ្តាប់ទទួលទេវតា
យោងតាមសេចក្តីណែនាំស្តីពីការរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ គ.ស.២០២៤ បានឱ្យដឹងថា ពិធីបុណ្យចូលឆ្នាំថ្មីខាងមុខនេះ មានរយៈពេល៤ថ្ងៃ ប្រព្រឹត្តទៅតាមដំណើរសង្ក្រាន្តដូចតទៅ៖
• ថ្ងៃសៅរ៍ ៥កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៣ មេសា គ.ស.២០២៤ មហាសង្ក្រាន្ត ម៉ោង ២២:១៧នាទី និង២៤វិនាទីយប់ ជាថ្ងៃចូលឆ្នាំរោង ឆស័ក។
• ថ្ងៃអាទិត្យ ៦កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ មេសា គ.ស.២០២៤ ជាវារៈវ័នបត
• ថ្ងៃចន្ទ ៧កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៥ មេសា គ.ស.២០២៤ ជាវារៈវ័នបត្រ
• ថ្ងៃអង្គារ ៨កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៦ មេសា គ.ស.២០២៤ វេលាម៉ោង ០២ និង ១៥នាទី ០០វិនាទី ជាវារៈឡើងស័ក គម្រប់ ៤ថ្ងៃ សេចបរិបូណ៍ ចូលឆ្នាំរោង ឆស័ក មហាសករាជ ១៩៤៦ ចុល្លសករាជ ១៣៨៦ តទៅ។
ទេពធីតាដែលនឹងយាងមកគ្រប់គ្រងជម្ពូរទ្វីបមនុស្សលោកក្នុងឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ គ.ស.២០២៤ទ្រង់ព្រះនាម មហោទរទេវី ជារាជបុត្រីទី៧ នៃកបិលមហាព្រហ្ម គង់នៅចតុម្មហារាជិកា ទ្រង់អម្ពរពណ៌ខៀវ លម្អនៅព្រះកាណ៌ដោយសៀតផ្កាត្រកៀត អភរណ:និលរតន៏ ភក្សាហារទ្រង់សាច់ទ្រាយ (សាច់ឈ្លូស)ជាអាហារ ព្រះហស្តស្តាំទ្រង់កងចក្រ ព្រះហស្តឆ្វេងទ្រង់ត្រូសូល៏ ទ្រង់គង់ផ្ទុំបើកព្រះនេត្រនៅខ្នងស្តេចមយូរា (ក្ងោក) ជាយានពាហន: ។
រណ្តាប់ទទួលទេវតាឆ្នាំថ្មី
រណ្ដាប់ទទួលទេវតាតាមទំនៀមពីបុរាណរៀងរហូតមក ត្រូវរៀបរានទទួលទេវតានៅខាងមុខផ្ទះមួយសម្រាប់តាំងគ្រឿងពលីការផ្សេងៗ។ បន្ថែមលើនេះត្រូវរៀបក្រាលសំពត់ពណ៌ស ឬពណ៌ក្រហម តាមលទ្ធភាពដែលមាន ហើយក្រៅពីនេះត្រូវរៀបចំនូវគ្រឿងសក្ការបូជាទេវតា មានជាអាទិ៍ បាយសី ៩ថ្នាក់មួយគូ បាយសី ៧ថ្នាក់មួយគូ បាយសី ៥ថ្នាក់មួយគូ បាយសី ៣ថ្នាក់មួយគូ បាយសីប៉ាឆាមមួយគូ ស្លាធម៌មួយគូ ទឹកអប់មួយគូ ទៀន៥ ធូប៥ លាច៥ ផ្កា៥ ដាក់លើជើងពាន ១គូ ចេកនួន ចេកណាំវ៉ាដាក់លើជើងពានមួយគូ ផ្លែឈើ១១មុខរៀបដាក់ជើងពាន ១១គូ ដូងឡៅមួយគូ ទឹកស្អាតពីរកែវ។
បន្ទាប់មក នៅវេលាម៉ោងដែលទេវតាចុះមកត្រូវជួបជុំក្រុមគ្រួសារដើម្បីថ្វាយបង្គំព្រះនមស្សការព្រះរតនៈត្រ័យ សមាទានសីល ហើយតាំងចិត្តឲ្យបានស្អាតបរិសុទ្ធជ្រះស្រឡះនូវមន្ទិលទាំងពួង តម្កល់ចិត្តរំពឹងគិតទៅលើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃជាទីពឹងទីរឮក លុះចប់ពិធីទទួលទេវតា។
ចំពោះបាយសី ៩ថ្នាក់ ៧ថ្នាក់ ជាទំនៀមមានចែងនៅក្នុងសៀវភៅព្រះរាជពិធីទ្វារទសមាស និងមានអនុវត្ត នៅព្រះបរមរាជវាំង តែចំពោះប្រជារាស្រ្ដគួរធ្វើត្រឹម ៥ថ្នាក់ចុះមក ឬរៀបត្រឹមគ្រឿងសក្ការបូជាដែលមានទៀន៥ ធូប៥ ស្លាធម៌ កូនចេកមួយគូ ក៏ល្មមសមគួរដែរ។ ចំពោះផ្លែឈើសម្រាប់ប្រជារាស្រ្ដគួររៀបឲ្យបានត្រឹម ៣ ឬ ៥មុខ ក៏ជាការប្រសើរ គឺរៀបទៅតាមធនធានរបស់ខ្លួន។នៅគ្រប់ដង្វាយទាំងអស់ត្រូវដាក់ផ្កាម្លិះភួងពីលើគ្រប់ដង្វាយនៅលើជើងពាន និងលើបាយសីត្រូវដោតទៀន ហើយដុតបំភ្លឺ៕
ប្រភព៖ ឯកឧត្តម អ៊ឹម បុរិន និង ក្រសួងវប្បធម៌